ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ក្រោមប្រធានបទ «ទីក្រុងស្អាត ៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាគារសុខាភ្នំពេញ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងថា នៅឆ្នាំ២០១៨ កន្លងទៅយើងសម្រេចបានកំណើនក្នុងអត្រា ១០,៧% ជាមួយ នឹងការមកដល់ នៃទេសចរអន្តរជាតិជាង៦,២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ៤.៣៥៦លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។
នៅឆ្នាំ២០១៩ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.៧ លាននាក់ នៅឆ្នាំ ២០២០ នឹងទទួលបានប្រមាណជាង៧លាននាក់ និងនាំមកនូវចំណូល ប្រមាណ៥ប៊ីលានដុល្លារបង្កើតនូវឱកាសការងារបានប្រមាណជិត ១លាននាក់ និងនៅឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ១៥លាននាក់នាំមកនូវចំណូលប្រមាណ១០ប៊ីលានដុល្លារបង្កើតឱកាសការងារប្រមាណជិត២លាននាក់។
ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដូចបានជម្រាបជូនខាងលើជាយុទ្ធសាស្ត្រ គឺត្រូវធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយ ភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ តាមរយៈការបង្កើតឲ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយភាពវ័យឆ្លាត ស្អាត និងបៃតង (Smart, Clean & Green)។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៧កុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធអបអរសាទរទិវាជាតិទីក្រុងស្អាត ហើយផ្តើមចេញពីចលនាប្រឡងប្រណាំងនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យដាក់ចេញនូវចលនាប្រឡងប្រណាំង«រង្វាន់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍» តាមរយៈអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ដោយប្រសិទ្ធិនាមថា «រង្វាន់ សម្ដេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍» ដើម្បីលើកទឹកចិត្តនិងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង របស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធដែលមានស្នាដៃល្អចូលរួមទ្រទ្រង់ដល់ចលនាប្រឡងប្រណាំង «ទីក្រុងស្អាតរមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងជាការលើកកម្ពស់ភាពស្អាត និងបៃតងនៅកម្ពុជា។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបាន ចេញសារលិខិតអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» ដោយសម្តេចបានលើកឡើងថា ការប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ រួមចំណែកបំផុស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរឲ្យបន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើន នៃសង្គម ជាតិ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» ក្រោមប្រធានបទ «ទីក្រុងស្អាត ៖ ទីក្រុង ផ្តល់ភាពកក់ក្តៅ» ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវ័យឆ្លាត និងមាន «ភាពស្អាត និងបៃតង» យកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់មានការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយល្អមានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅពួកគាត់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា ភ្ញៀវទេសចរ ក៏រីករាយទស្សនា និងចង់បានទីក្រុងដែលជាផ្នែកមួយ នៃគោលដៅទេសចរណ៍របស់គេ ជាទីក្រុងដ៏ល្អស្អាតមានការយកចិត្តទុកដាក់អំពីភាពស្អាត និងបៃតង អនាម័យល្អ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់មធ្យោបាយ មានការធានាសន្តិសុខសុវត្ថិ ភាពពេលលេញ សណ្ដាប់ធ្នាប់ល្អ មានការផ្តល់នូវបដិសណ្ឋារកិច្ចល្អ មានសម្បទាផលិតផល និងសេវាទេសចរណ៍ប្រកបដោយគុណភាព។
ទាំងនេះសុទ្ធសឹងជាកត្តាកំណត់ក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ ទីក្រុងដែលគួរឲ្យចង់រស់នៅ និងគួរឲ្យចង់មកទស្សនាកម្សាន្ត ត្រូវតែជាទីក្រុងវ័យឆ្លាត និង ទីក្រុងបៃតង/ទីក្រុងស្អាត ជាទីក្រុង ដែលមានបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ល្អ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ដែលផ្តល់នូវភាពកក់ក្តៅនិងមជ្ឈដ្ឋានរស់នៅល្អប្រសើរដល់ប្រជាជនក្នុងទីក្រុង និងទេសចរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវអ្នកពាក់ព័ន្ធទាំងអស់បន្តផ្តល់ការគាំទ្រ និង ចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់នូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ឲ្យបានផុសផុលដើម្បីឲ្យកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ចីរភាព និង ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសក្ដិសមនឹងកិត្តិនាម «កម្ពុជា៖ព្រះរាជាណាចក្រអច្ឆរិយៈផ្តល់ភាពកក់ក្តៅ»។
នៅក្នុងសារលិខិតអបអរសាទរ «ទិវាទីក្រុងស្អាត»នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងបន្តសហការចូលរួមគាំទ្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានា ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត៕
Source: Kampuchea Thmey Daily
0 Comments