រតនគិរី ៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី ដឹកនាំដោយ លោក គិត ទ្រី អភិបាលរងខេត្តរតនគិរី ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន និងបញ្ហាប្រឈមនានា នៅសាលប្រជុំសាលាខេត្តរតនគិរី។
ក្នុងពិធីជួបពិភាក្សាការងារនេះ លោក គិត ទ្រី អភិបាលរងខេត្តរតនគិរី បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅរបស់ខេត្តរតនគិរី សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងខេត្ត សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងវឌ្ឍនភាព នៃការអនុវត្តច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអភិវឌ្ឍន៍មូលដ្ឋាន នៅក្នុងខេត្ត។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការព្រឹទ្ធសភា បានមានប្រសាសន៍អំពីគោលបំណងដែលគណៈប្រតិភូចុះមកនាពេលនេះ និងវាយខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្ត។
លោកអំពាវនាវប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពីព្រោះអំពើពុករលួយ គឺជាជំងឺដ៏សាហាវមួយដែលធ្វើឲ្យសុខភាពសាធារណៈចុះអន់ថយ បើមិនប្រញាប់ព្យាបាលនោះ ប្រជាពលរដ្ឋនឹងអស់ជំនឿទុកចិត្ត សមិទ្ធផលទាំងឡាយដែលខិតខំកសាងនាពេលកន្លងមក នឹងក្លាយជាអសារបង់។
ឱសថដ៏មានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺពុករលួយ គឺការអនុវត្តឲ្យបានអភិក្រមទាំង៥ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែក ព្យាបាល និងវះកាត់ តាមរយៈ ការអប់រំ បង្ការទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់។
ជាពិសេសត្រូវអប់រំ ដើម្បីឲ្យបុគ្គលម្នាក់ៗមិនចង់ពុករលួយ បង្ការទប់ស្កាត់ ដើម្បីមិនអាចពុករលួយ និងអនុវត្តច្បាប់បង្ក្រាបបទល្មើស ដើម្បីមិនហ៊ានពុករលួយ៕
Source: Kampuchea Thmey Daily
0 Comments