Ad Code

បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល គ្រូ​បង្វឹក​កីឡាហែលទឹក​ កម្រិត​មូលដ្ឋាន​ថ្នាក់​ជាតិ​



វគ្គ​បណ្ដុះបណ្ដាល គ្រូបង្វឹក​កីឡាហែលទឹក កម្រិត​មូលដ្ឋាន​ថ្នាក់​ជាតិ “National Beginners Swimming Coach Clinic” ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​១១​កុម្ភៈ នៅ​ទីស្នាក់ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក ក្រោម​គម្រោង​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង កីឡា នោះ បាន​បិទ​បញ្ចប់​ហើយ ​កាលពី​ល្ងាច​ថ្ងៃទី​១៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩។
​ ​
វគ្គ​បណ្ដុះបណ្ដាល​ដែលមាន​រយៈពេល​០៣​ថ្ងៃនេះ មាន​សិក្ខាកាម ចូលរួម​ចំនួន៣០នាក់ ក្នុងនោះ​ស្រី​០៨​នាក់ មកពី៦ រាជធានី -​ខេត្ត រួមមាន ខេត្ត​កែប កំពត កោះកុង ព្រះសីហនុ ក្លិប​ហែល​ទឹក ​ខេត្ត​សៀម​រាប វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​ និង​កីឡា រាជធានី​ភ្នំពេញ និង​សាលា​អន្តរជាតិ​អាយ​ខេន។​

លោក​ប៉ែន វុ​ឌ្ឍី អនុប្រធាន​នាយដ្ឋាន​អប់រំ​កាយ ​និង​កីឡា ​បាន​មានប្រសាសន៍ថា វគ្គ​នេះ​មាន​សារ​សំខាន់​ក្នុងការ​លើ​កម្ពស់​សមត្ថ​ភាព​គ្រូបង្វឹក​កីឡាហែលទឹក ឲ្យ​កាប់​តែមាន​ជំនាញ​ច្បាស់លាស់​ដែល​សិក្ខាកាម​ទាំងអស់​ នឹង​ក្លាយខ្លួនជា​គ្រូបង្ហាត់​កីឡាហែលទឹក ដើម្បី​បណ្ដុះបណ្ដាល​ដល់​កីឡាករ​កីឡាការិនី ដើម្បី​ឲ្យ​ក្លាយជា​កីឡាករ​កីឡាការិនី​មាន​ទេពកោសល្យ សម្រាប់​ការប្រកួត​លក្ខណៈ​ថ្នាក់ជាតិ និង​អន្តរជាតិ​នានា​ ក្នុង​ការដណ្តើម​មេដាយ​ជូន​ជាតិ។ ពិសេស​សម្រាប់​ការត្រៀម​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់​ផ្ទះ​នោះ។​

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​មានប្រសាសន៍ ក្នុង​ពិធី​បិទ​ថា វគ្គ​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​គ្រូបង្វឹក​ហែល​ទឹក នៅតាម​បណ្តា​ក្លិប​ឯកជន​នានា មន្ទីរ​អប់រំ​កាយ និង​កីឡា និង​ក្លិប​ហែល​ទឹក ក្នុងការ​បង្ហាត់បង្រៀន​កូនសិស្ស ព្រមទាំង​អាចជួយ​ជីវិត ពី​មហន្ត​រាយ នៃ​ការ​លង់ទឹក​ទៀតផង​។​

លោក​បាន​បន្តថា សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​សំឡឹង​ឃើញ​ការ​អភិវឌ្ឍ​វិស័យ​កីឡាហែលទឹក នៅ​ខេត្ត​ធំ​ចំនួន​បី គឺ​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្ត​បាត់ដំបង ហើយ​ខេត្ត​ផ្សេងៗ​ទៀត សហព័ន្ធ​ចាប់ផ្ដើម​នៅពេល​ក្រោយ ព្រោះ​ខេត្ត​ទាំងនោះ ក៏មាន​សក្ដានុពល ផ្នែក​កីឡាហែលទឹក​ដែរ ។​

វគ្គ​នេះ សិក្ខាកាម​ទាំងអស់​ បាន​សិក្សា​លម្អិត​ទៅលើ​អំណាច និង​ភារកិច្ច​គ្រូ​បង្វឹក ទីលាន​ហ្វឹកហាត់ និង ប្រកួត មូលដ្ឋានគ្រឹះ នៃ​កីឡាហែលទឹក វិញ្ញាសា​ហែល​ទឹក ការ​អភិវឌ្ឍ និង​ទំនុក​ចិត្ត។​
​បច្ចេកទេស នៃ​ការ​លោត​ចូល​ទឹក ជ្រមុជ​មុខ​ក្នុង​ទឹក វិធី​ប្រើ​ដង្ហើម វិធី​ធាក់​ជញ្ជាំង ការ​បណ្ដែត​ខ្លួន របៀប​អង្គុយ​គោះ​ជើង របៀប​គោះ​ជើង​សេរី របៀប​គោះ​ជើងដៃ​កាន់​ក្ដារ បច្ចេកទេស​ហែល​សេរី​ជា​មួយ​ដង្ហើម របៀប​ហែល​ផ្ងារ​ដៃ​២ បច្ចេកទេស​ធាក់​ជើង និង ដៃ​ហែល​របៀប​កង្កែប របៀប​ចេញ​ដំណើរ បច្ចេកទេស​លោត និង​វិធី​ជាច្រើន​ទៀត។​

លោក ហែម គី​រី បាន​បញ្ញាក់​ថា ឆ្លងកាត់​ការសិក្សា​រយៈពេល​៣​ថ្ងៃនេះ នៅ​ចុងបញ្ចប់​ នៃ​ថ្ងៃ​ចុង​ក្រោយ គឺមាន​ការប្រលង​សំណួរ ចម្លើយ ដើម្បី​ដឹង​ពី​សមត្ថភាព​យល់ដឹងរ​បស់​សិក្ខាកាម​ទាំងអស់ ដែល​លទ្ធផល ​គឺ​សិក្ខាកាម​ចំនួន​៨៥% មាន​កម្រិតយល់ដឹង​ល្អ និង​១៥% ល្អ​បង្គួរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu