មុនពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2019) រដូវកាលឆ្នាំ២០១៩ មកដល់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសពីការបន្ថែមសមាជិកម្នាក់ទៀតដែលមានកំណើតនៅកម្ពុជាក្រោម និងធ្លាប់មានបទពិសោធន៍លេងនៅលីគកំពូលវៀតណាមថែមទៀតផង បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ជាបន្តបន្ទាប់ក្នុងអំឡុងពេលរួមរស់ជាមួយក្លិបគិរីវង់សុខសែនជ័យ នាពេលកន្លងទៅ។
យោងតាមការបញ្ជាក់របស់ក្លិបភ្នំពេញក្រោន នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា កីឡាកររូបនេះមានឈ្មោះថា រៀម ស៊ឹង លេងនៅតំបន់ការពារ មានវ័យ ២៦ឆ្នាំរូប។ រូបគេមានកំណើតនៅខេត្តទឹកខ្មៅ (Cà Mau) ដែនដីកម្ពុជាក្រោមដោយមានកម្ពស់ ១.៨៤ម៉ែត្រ ព្រមទាំងធ្លាប់មានប្រវត្តិលេងនៅកម្រិតយុវជនជាមួយក្លិប Ca Mau FC មុននឹងចូលលេងជាកីឡាករអាជីពជាមួយក្រុម Vinh Long FC ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ រួចវិលត្រលប់មកក្រុម Ca Mau FC វិញនាឆ្នាំ២០១៥។ ចាប់ពីឆ្នាំ២០១៥-២០១៦ ជាគ្រាដែលក្លិបគីរីវង់សុខសែនជ័យ លេងក្នុងលីគកំពូលកម្ពុជា រូបគេបានមកប្រកបអាជីពនៅកម្ពុជាផងដែរ។
ក្រោយពេលគីរីវង់សុខសែនជ័យ ធ្លាក់ចេញពីលីគកំពូលកម្ពុជា នៅឆ្នាំ២០១៦ ដដែលនោះរូបគេបានចូលរួមជាមួយក្រុម Dong Thap FC នៅប្រទេសវៀតណាម វិញម្តង ហើយបានបន្តលេងជាមួយក្រុម Hai Phong FC ដែលជាសមាជិកលីគកំពូលវៀតណាមនៅឆ្នាំ២០១៧ ក្រោយមកប្តូរទៅក្លឹប Ho Chi Minh City FC វិញកាលពីឆ្នាំ២០១៨ កន្លងមក មុនមកកម្ពុជា វិញនៅឆ្នាំ២០១៩ នេះ។
នេះជាការបន្ថែមសមាជិកថ្មីរបស់ក្លិបភ្នំពេញក្រោន ដើម្បីពង្រឹងបច្ចេកទេសក្រុមមុនរដូវកាលឆ្នាំ២០១៩មកដល់ ខណៈកាលពីរដូវកាលឆ្នាំ២០១៨ កន្លងទៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមសមាជិកទាំង១២ ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោនទាត់បញ្ចូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤៕
Source: Kampuchea Thmey Daily
0 Comments