Ad Code

ប្រអប់​ខ្សែភ្លើង​នៅ​រាយប៉ាយ​នៅតាម​បណ្តោយ​មាត់​ស្ទឹង​សៀមរាប កំពុង​បង្អួត​ភ្នែក​ភ្ញៀវ​ទេសចរណ៍



សៀមរាប ៖​ មហាជន​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរខេត្ត​ទេសចរណ៍​មួយ​នេះ​បាន ទុក​ប្រអប់​អគ្គិសនី​ទៅ​ចងភ្ជាប់​គល់ឈើ និង​តាមផ្លូវ​នៅ​តាម​មាត់​ស្ទឹង​សៀមរាប ដោយ​មិន​មាន​គម្រប​បិទ ដែល​អាច​ប្រឈម​និង​គ្រោះថ្នាក់​យ៉ាងខ្លាំង​ចំពោះ​ភ្ញៀវ​ទេសចរណ៍​ដោយ​យថាហេតុ​។



ប្រអប់​អគ្គិសនី​រាប់​សិប​ប្រអប់ ដែល​អាជ្ញាធរខេត្ត បាន​យក​ទៅ​ចងភ្ជាប់​នឹង​គល់ឈើ តាម​ដងផ្លូវ​សម្រាប់​ដើរ​កម្សាន្ត នា​មាត់​ស្ទឹង​សៀមរាប​ដោយ​ពុំ​មាន​គម្រប​បិត​នេះ គេ​សង្កេតឃើញ​មាន​យូរណាស់​មកហើយ មិនដឹងថា ធ្វើ​របៀប​នេះ​ទុក​សម្រាប់​ទស្សនា​ឬ​យ៉ាងណា​នោះ​ទេ​។ ប្រអប់​ភ្លើង​ទាំងនេះ បាន​ចងភ្ជាប់​គល់ឈើ​តាម​មាត់​ស្ទឹង ចាប់ពី​ចំណុច​គល់​ស្ពានថ្ម​ព្រះរាជដំណាក់ រហូតដល់​គល់​ស្ពាន​ថ្ម​វត្ត​ព្រះរាជ​បូព៌​។ ក្រៅពីនោះ​បង្គោល​ភ្លើង សម្រាប់​បើក​បំភ្លឺ​លម្អរ​តាម​មាត់​ស្ទឹង ក៏មាន​ខ្សែ​រញ៉េរញ៉ៃ​ដោយ​មុខតំណ​ខ្លះ​មាន​រុំ​ស្គុត​ហើយ​ខ្លះទៀត​មិនមាន​រុំ​ស្គុ​ត​នោះ​ឡើយ​។



បុរស​ជា​មគ្គុទេសក៍​ម្នាក់ បាន​លើក​ឡើង​ថា វា​ហាក់បីដូចជា​ចម្លែក​បន្តិច​ហើយ រឿង​ទាំងនេះ​មិន​គួរ​មាន​ឡើយ​។ នៅ​បណ្តារ​ខេត្ត​ផ្សេងៗ​ដូចជា​មិន​មាន​ការ​ដាប់​ប្រអប់​ភ្លើង​ដោយ​មិន​មាន​គម្រប​បិត​អីចឹង​ទេ ហើយ​រឹត​តែ​មិន​មាន​គេ​យក​ប្រអប់​ភ្លើង ទៅ​ចង់​ភ្ជាប់​គល់ឈើ​តាម​ចំណុច​កម្សាន្ត​របៀប​ចឹង​ដែរ​។



មគ្គុទេសក៍​ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ​បន្ត​ថា ថ្វី​ត្បិត​វា​មិនទាន់​ឆក់​យក​ជីវិត​មនុស្ស​ណា​ម្នាក់ ប៉ុន្តែ​វា​នឹង​អាច​កើតមាន​នៅពេល​ខាងមុខ ជាពិសេស​ក្នុង​រដូវវស្សា ព្រោះថា​ ចរន្ត​ភ្លើង​ងាយ​ឆ្លង​បំផុត​តាម​ចរន្តទឹក នេះ​ប្រសិនបើ​អាជ្ញាធរ ​ឬ ​ស្ថាប័ន​ពាក់ព័ន្ធ មិនបាន​គិតគូរ​ដល់​ចំណុច​អវិជ្ជមាន​មួយ​នេះ។ ម្យ៉ាងវិញទៀត​បើ​ទោះបី វា​មិន​ទាន់​មាន​គ្រោះថ្នាក់ ក៏​ហាក់​មិន​សម​ភ្នែក​អ្នក​ទេសចរណ៍ គ្រប់​ជាតិ​សាសន៍​នោះ​ដែរ​។ ប៉ុន្តែ​វា​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ មិន​គួរ​គេ​យក​ប្រអប់​ភ្លើង​ទៅ​ចង​តាម​គល់ឈើ​ក្បែរផ្លូវ​ដើរ ប្រៀប​ដូច​ដាក់​តាំង​សម្រាប់​ទស្សនា​កម្សាន្ត​ភ្នែក អីចឹង​នោះ​ឡើយ។



ក្នុង​ករណី​នេះ​លោក​ហាយ យង់ ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ក្រុង​សៀមរាប បាន​ថ្លែង​តាម​ទូរ​សព្ទ័​ថា រឿង​អគ្គិសនី​នៅ​ចំណុច​មាត់​ស្ទឹង​សៀមរាប គ្រប់គ្រង​ដោយ​ជំនាញ​ពីរ​ស្ថាប័ន គឺ​ខាង​អគ្គិសនី​និង​សាលាខេត្ត​សៀមរាប​។​ប៉ុន្តែ​ខាង​អគ្គិសនី​គ្រាន់តែ​ដាក់​ប្រអប់​ប៉ុណ្ណោះ​ទេ ចំណែក​សាលាខេត្ត​ជា​អ្នកគ្រប់គ្រង​ភ្លើង​។



លោក​សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប ក៏បាន​ឲ្យ​ដឹង​តាម​ទូរ​ស័ព្ទ​ដែរ​ថា ប្រអប់​ភ្លើង​ទាំងនោះ គឺ​សម្រាប់​យក​ភ្លើង​ទៅ​ប្រើ​ប្រាស់​បំភ្លឺ​តាម​ដងស្ទឹង​សៀមរាប​។ ឯ​ប្រអប់​ភ្លើង​ដែល​មិន​មាន​គម្រប​សង្ស័យ​មាន​គេ​លួច​ដោះ​។ ចំណែក​ថា ត្រូវ​ដោះ​ចេញពី​គល់ឈើ ឬ​យ៉ាងណា​នោះ លោក​មិនបាន​ឆ្លើយតប​នោះឡើយ​ទេ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu