Ad Code

ក្រសួងការបរទេស​ក​ម្ពុ​ជា​ថា ទង្វើ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ផ្ទុយ​ទៅ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ទាំងពីរ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី



ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក កេ​ត សោ​ផាន់ បាន​អះអាង​ថា ទង្វើ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ ផ្ទុយ​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ទាំងពីរ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧​។



សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យរ​សួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​លើកឡើងថា ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​បានដឹងថា ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ បាន​បង្ហោះ​សារ​អត្ថាធិប្បាយ​តែមួយ​ជ្រុង លើ​រឿង​ក្តី​របស់លោក កឹម សុខា នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដែល​បង្ហាញ​នូវ​ចេតនា​យ៉ាងច្បាស់​ដើម្បី​បំភាន់​សាធារណមតិ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​បែបនេះ ហើយ​ចាត់ទុក​កាយវិការ​នេះ​ថា មិនមាន​លក្ខណៈ​ការទូត និង​មិន​គោរព​ចំពោះ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​។ ក្រសួងការបរទេស ត្រូវ​បង្ខំចិត្ត​ក្រើនរំលឹក​ដល់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ អំពី​មាត្រា​៤១​នៃ​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ឆ្នាំ​១៩៦១ ស្តីពី​ទំនាក់ទំនង​ការទូត ដែលជា​ពិសេស​តម្រូវ​ឲ្យ​ស្ថានទូត​សហរដ្ឋអាមេរិក គោរព​ច្បាប់​និង​បទប្បញ្ញត្តិ​នានា និង​មិន​ត្រូវ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។

 

ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃ ហើយ​មិនដែល​ធ្វើ​អត្ថាធិប្បាយ​លើ​រឿងអាស្រូវ​គួរ​ឲ្យ​ខ្មាសអៀន​របស់​មន្ដ្រី​ជាន់ខ្ពស់ និង​អ្នកនយោបាយ​របស់​ប្រទេស​ណាមួយ​ឡើយ​។ ទង្វើ​ក្នុង​ទិសដៅ​លំអៀង​បែបនេះ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក គឺ​ផ្ទុយ​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​បច្ចុប្បន្ន​របស់​ប្រទេស​ទាំងពីរ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី ដែល​បម្រើ​ដល់​ប្រយោជន៍​រួម​របស់​ប្រទេស​និង​ប្រជាជន​ទាំងពីរ​។

ទន្ទឹម​នឹង​ការ​ទាមទារ​ឲ្យ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ដែលមាន​ហេតុផល​នយោបាយ និង​គ្មាន​ការទូត​នេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​បញ្ជាក់​ឡើងវិញ​ពី​ការប្តេជ្ញា​របស់​កម្ពុជា​ក្នុងការ​លើកកម្ពស់​នីតិរដ្ឋ និង​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​នាពេល​បច្ចុប្បន្ន​។

​សូម​បញ្ជាក់​ថា កាលពី​ថ្មីៗ​នេះ​ស្ថាន ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ថា លោក កឹម សុខា បាន​ជាប់​ក្នុងការ​ឃុំឃាំង​ជិត ១៨​ខែ​មក​ហើយ? វា​មាន​រយៈពេល​៥៣០ ថ្ងៃ​នៃ​ការ​ជាប់​ឃុំ​។ គាត់​ជាម​នុស្ស​ស្អាតស្អំ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​។ មិនមាន​ភស្តុតាង​ណាមួយ​ប្រឆាំងនឹង​គាត់​ឡើយ ហើយក៏​មិនទាន់​ការកំណត់​បើកសវនាការ​កាត់ទោស​គាត់​ដែរ​។ គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់ទោស គ្មាន​យុត្តិធម៌​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu