លោក ភា សុភ័ត្រា្ត ដែលជាគ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិ បានប្រកាសថា កាលពីដើមខែមករា ថាលោកបានផុតភារកិច្ចជាមួយក្លិបបាល់ទាត់ចាស់របស់ខ្លួន ខណៈកាលពីពេលថ្មីៗនេះលោកបានប្រកាសឡើងវិញថាលោកងាកទៅដឹកនាំក្រុមក្រសួងការពារជាតិ វិញហើយមុនរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខមកដល់។
លោក ភា សុភ័ត្រា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួននៅល្ងាចថ្ងៃអាទិត្យ ថ្មីៗនេះបញ្ជាក់ថា «ក្រោយពីអវត្តមានក្នុងការបង្ហាត់ក្លឹបចំនួន២៣ថ្ងៃ ទីបំផុតខ្ញុំចូលមកកាន់ទីលានវិញហើយ កត្តាពរ គឺកម្លាំងចិត្តពីបងប្អូនដែលគាំទ្រគ្រូត្រា (ភា សុភត្រា) និងកីឡាករទ័ពទាំងអស់។ Finally Mr. 120% back to MCL 2019»។ ដំណើរត្រឡប់មកវិញរបស់គ្រូបង្វឹករូបនេះគឺចំពេលដែលមានដំណឹងលេចឮថា លោក ខូវ ឆាយ ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមក៏បានសម្រេចងាកមកចូលរួមជាមួយក្រុមឡើងវិញ។
សូមរំលឹកថា មុនចូលកាន់តំណែងក្នុងក្រុមក្រសួងការពារជាតិ បុរសដែលកាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត A License រូបនេះមានក្លិបមួយចំនួនទាក់ទងទៅចូលរួមក្រុមតែលោកបានបដិសេធ។ លោក ភា សុភត្រា ជាអតីតកីឡាកររបស់ក្លិបក្រសួងការពារជាតិ ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៦។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលធំៗរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) វគ្គMaster Coaching Course ( Fitness & Management)។បទពិសោធន៍ជាច្រើនក្នុងនាមជាគ្រូបង្គោលផង និងជំនួយការគ្រូបង្វឹកផង ធ្វើឲ្យ អតីតកីឡាករជម្រើសជាតិកម្ពុជា (ឈុតយុវជនអាយុក្រោម២២ឆ្នាំ) រូបនេះមានទស្សនវិស័យខ្ពស់លើផ្នែកបច្ចេកទេសនិងរៀបចំក្បួនយុទ្ធសាស្ត្រប្រកួត។
បើនិយាយពីបេសកកម្មក្នុងរដូវកាលឆ្នាំ២០១៨ កន្លងទៅក្រុមក្រសួងការពារជាតិ បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមក្លិបទាំង១២ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា(Metfone Cambodian League 2018) ក្រោយប្រកួតបាន២២លើកឈ្នះបាន១៣ លើកហើយធ្លាប់ស្មើគ្នាបាន៣លើក និងចាញ់រហូតដល់៦លើក។ ចំណែកពានរង្វាន់សម្តេចតេជោ វិញគឺបានឈ្នះជើងឯកក្រោយយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៣ទល់០ ក្នុងវគ្គផ្តាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments