ភ្នំពេញ ៖ លោកស្រី ម៉េង សុភារី ជាមេធាវីមួយរូប របស់លោក កឹម សុខា បានប្រតិកម្ម និងវាយប្រហារលើលោក សម រង្ស៊ី យ៉ាងចាស់ដៃ ទាក់ទងករណីដែលលោក សម រង្ស៊ី និយាយថា លោកអត់មកប្រទេសកម្ពុជា ឲ្យសម្តេចតេជោ ហ៊ុន សែន ចាប់ខ្លួននោះទេ ពីព្រោះជារឿងអត់ប្រយោជន៍។
លោកស្រី ម៉េង សុភារី បានសរសេរលើបណ្តាញសង្គមហ្វេស៊ុកផ្លូវការរបស់ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ថា “បើថាស្លាប់ និងជាប់គុកវាអត់ប្រយោជន៍ តើខំប្រឹងភ្នាក់យ៉ាងខែងរែងអីម្ល៉េះ។ មេធាវីលោកកឹមសុខា ដឹងពីលទ្ធផលការភ្នាល់ជាមុនស្រេចហើយ ទើបបានចេញលិខិតសុំឲ្យលុបចោលការភ្នាល់ គឺដើម្បីផ្តល់កិត្តិយសជូនលោក មិនចង់ឲ្យលោកក្លាយជាមនុស្សក្បត់សន្យា មិនចង់ឲ្យលោកស្លាប់ ឬជាប់គុក និងមិនចង់ឲ្យប៉ះពាល់ដល់សិទ្ធិរបស់លោក កឹម សុខា តែមនុស្សផ្កាប់មុខរបស់លោកមិនយល់ការណ៍ និងមិនយល់ពីចេតនាល្អនេះសោះ មានតែជេរប្រទេចពួកយើង ខ្ញុំខិតខំអត់ធ្មត់ណាស់ សូមចាំថា ការអត់ធ្មត់មានដែនកំណត់ ហើយការឈឺចាប់ នឹងធ្វើឲ្យមនុស្សលែងដូចដើម។ ដល់វេលាត្រូវអនុវត្តសន្យាមិនហ៊ានមក បែរជានិយាយបណ្តុះបង្អាប់ការលះបង់របស់អ្នកដទៃ ដើម្បីលើកតម្លៃខ្លួនឲ្យខ្ពស់ និងដើម្បីឲ្យពលរដ្ឋភ្លេចសន្យារបស់លោក។ ចង់ខ្ពស់ក៏ខ្ពស់ចុះ ខ្ញុំអបអរសាទរតែរហូតមកទេ ប៉ុន្តែកុំជាន់គេ ដើម្បីឡើងខ្ពស់ខ្លួនឯង អាណិតអ្នកស្លូតត្រង់ផង”។
តាមលោកស្រី ម៉េង សុភារី “ឥឡូវដើម្បីកុំឲ្យគេថា លោកអន់ និងដើម្បីកុំអ្នកគាំទ្រការភ្នាល់របស់លោកអស់សង្ឃឹម ដែលខំប្រឹងជេរពួកខ្ញុំ ដើម្បីការពារការភ្នាល់នោះ លោកអាចអនុវត្តការសន្យារបស់លោកបាន បើទោះបីជាលោកត្រូវស្លាប់ ឬជាប់គុក ខ្ញុំ និងពលរដ្ឋជាច្រើនអតិបរិមា នឹងចាត់ទុកលោកជាវីរបុរសស្នេហាជាតិ មិនដូចលោកគិតទៅលើការលះបង់របស់អ្នកដទៃនៅពេលនេះទេ។ តើ សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយស្អីទៅ បើការលះបង់របស់ កឹម សុខា សម រង្ស៊ី មើលមិនឃើញ ហើយថែមទាំងជាន់ចោលទៀត មិនឲ្យតម្លៃស្មើការរត់របស់លោកផងហ្នឹង ! បើថាមនុស្សតែមួយ ទាល់តែអ្វីៗទាំងអស់ឲ្យតម្លៃស្មើគ្នា”។
ដោយឡែកមនុស្សម្នាក់ទៀត ដែលគេស្គាល់ថា ជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ បាននិយាយដែរថា “សកម្មនរណាក៏ដឹងដែរថា អ្នកស្លាប់ គឺចប់ គ្មានរូបមិនអាចធ្វើអីកើត ហើយអ្នកជាប់គុក គឺជាប់ឃុំឃាំងខ្លួនមិនអាចធ្វើអីកើត ក៏ប៉ុន្តែអ្នកជាមនុស្ស ឬក៏ជាសត្វ ដែលមិនដឹងថា សកម្មភាពមុនស្លាប់ ឬ មុនជាប់គុក ជាស្មារតី ជាមនសិការ ជាវីរភាព ជំរុញលើកទឹកចិត្ត រុញច្រានឲ្យយុទ្ធមិត្តស្មោះសរ រួមគ្នាបន្តការងារឲ្យជោគជ័យ ? យើងពិតជាទទួលយកមិនបានទេ នូវសម្ដីប្រមាថចេញពីចិត្តថ្លើមខ្មៅបែបនេះ ! យើងបន្តរកយុត្តិធម៌ មិនឲ្យអ្នកជាន់ឈ្លីបានទៀតទេ ! ”។
សូមបញ្ជាក់ថា លោក សម រង្ស៊ី បាននិយាយនៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាសស៊ីសេរី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា លោកមិនអាចមកប្រទេសកម្ពុជាឲ្យសម្តេចតេជោ ចាប់ខ្លួននោះទេ ពីព្រោះការចាប់ខ្លួន ឬស្លាប់ជាការអត់ប្រយោជន៍។ លោក សម រង្ស៊ី និយាយបែបនេះថា “បើខ្ញុំឲ្យ ហ៊ុន សែន ចាប់ខ្លួន ខ្ញុំក្លាយទៅជា កែម ឡី ក្លាយទៅជា កឹម សុខា។ ឥឡូវ កែម ឡី ធ្វើការ ជាវីរបុរសមែន ប៉ុន្តែកែមឡី មានបានជួយប្រជាពលរដ្ឋឲ្យរំដោះខ្លួនពីរបបផ្តាច់ការមកដល់ពេលនេះទេ អត់ទេ។ លោក កឹម សុខា ឲ្យ ហ៊ុន សែន ចាប់ ឥឡូវនេះរងការឃុំឃាំងពីពន្ធនាគារ មកឃុំឃាំងក្នុងផ្ទះអត់មានសេរីភាព តើជួយរំដោះប្រជាពលរដ្ឋបានទេ ទៅបំផុសបំផុលអន្តរជាតិបានទេ ឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម ទៅជំរុញគេ ទាំងសហភាពអឺរ៉ុប ទាំងអាមេរិក ប្រទេសប្រជាធិបតេយ្យ គេគាំទ្រប្រជាធិបតេយ្យនៅកម្ពុជា បើយើងឲ្យ ហ៊ុន សែន ចាប់ តើវាបានប្រយោជន៍អី”៕
Source: Kampuchea Thmey Daily
0 Comments