ក្លិបបាល់ទាត់ Hougang United FC សមាជិកក្នុងពានរង្វាន់លីគកំពូលរបស់ប្រទេសសឹង្ហបុរី (S-League) បានដាក់ពាក្យស្នើសុំណាត់ក្រុមបាល់ទាត់ចំនួន៣របស់សមាជិកលីគកំពូលប្រទេសកម្ពុជា (Metfone Cambodian League) ធ្វើការប្រកួតមិត្តភាពអំឡុងពេលដែលក្រុមនេះធ្វើដំណើរមកបោះជុំរុំហ្វឹកហាត់នៅរាជធានីភ្នំពេញ ជាតិ១សប្ដាហ៍។
ក្លិបHougang United FC បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ តាំងពីថ្ងៃច័ន្ទ ដើមសប្ដាហ៍មុនមកម្ល៉េះដោយ បានប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុម ស្មើគ្នាជាមួយក្រុមជើងឯកឆ្នាំចាស់លីគកំពូលកម្ពុជាគឺក្រុមណាហ្គាវើល ១ទល់១ នៅល្ងាចថ្ងៃអង្គារ ទី១២ ខែកុម្ភៈ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ចំណែកប្រកួតទី២ក្រុមនេះបានប្រកួតស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២ទល់២ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ នេះ។ ចំពោះប្រកួតចុងក្រោយក្រុមHougang United FCបានបរាជ័យក្រោមថ្វីជើងក្រុមបឹងកេត ដោយលទ្ធផល ៤ទល់២ នៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ លើទីលានកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន។
សូមរំលឹកថា ចំពោះតម្លៃសំបុត្រចូលរួមទស្សនាដែលប្រកួតនៅលើទីលានកីឡដ្ឋាន RSN Stadium គឺត្រូវបានដាក់លក់ក្នុងតម្លៃ ៤០០០រៀល ដោយថវិកាបានមកពីការលក់សំបុត្រទាំងនោះក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងបរិច្ចាគលើការងារសង្គម និង សកម្មភាពសប្បុរសធម៌ផ្សេងៗ។ ចំណែកក្រុម Hougang United FC បានធ្វើដំណើរត្រឡប់ទៅប្រទេសសឹង្ហបុរីវិញហើយ ក្រោយបេសកកម្មហ្វឹកហាត់និងប្រកួតមិត្តភាពនៅកម្ពុជាមានរយៈពេល១សប្ដាហ៍។
ចំពោះក្លិបបាល់ទាត់ Hougang United FC បង្កើតឡើងតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះដោយប្រើប្រាស់ទីលានកីឡដ្ឋាន Hougang Stadium។ ក្លិបនេះមានថៅកែឈ្មោះ Bill Ng ហើយមានគ្រូបង្វឹកគឺលោក Clenment Teo។ កាលពីរដូវកាលឆ្នាំ២០១៨ កន្លងទៅក្លិបនេះបានបញ្ចប់រដូវកាលរបស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៩ ដែលជាចំណាត់ថ្នាក់ចុងក្រោយគេ បន្ទាប់ពីប្រកួតបាន២៤លើក ហើយឈ្នះបាន២លើក ស្មើគ្នាបាន៦លើកនិងចាញ់១៦លើកមាន១២ពិន្ទុ។ នៅក្នុងពានរង្វាន់ Singapore Cup វិញក្រុមនេះបានឡើងដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។ ក្រុមនេះអាចធ្លាក់ទៅលេងពានរង្វាន់លំដាប់ទី២របស់សឹង្ហបុរី គឺSingapore National Football League។
នៅឆ្នាំ២០១៩ នេះមានតែក្លិបHougang United FC ដែលជាក្លិបបរទេសតែ១គត់បានសម្រេចជ្រើសរើសយកប្រទេសកម្ពុជា ធ្វើជាទឹកដីសម្រាប់បោះជុំរុំហ្វឹកហាត់ដល់កូនក្រុមខ្លួនមុនរដូវកាលថ្មីឆ្នាំ២០១៩ មកដល់ ខណៈកាលពីឆ្នាំកន្លងទៅធ្លាប់មានក្លិបមកពីប្រទេសម៉ាឡេស៊ី បានមកបោះជុំរុំហ្វឹកហាត់នៅកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments