ភ្នំពេញ ៖ ជនសង្ស័យម្នាក់ លួចរថយន្តឡិចស៊ីស470 កាលពីថ្ងៃទី២៤មីនា ហើយយកទៅផ្លុងចោលនៅម្តុំផ្សារសាំមហាន់ ត្រូវបានសមត្ថកិច្ចឃាត់បាន ហើយយកទៅសួរនាំនៅអធិការនគរបាលខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលំ នៅចំណុចមុខផ្សារសាំមហាន់ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៤មីនា គាត់បានទុករថយន្តរបស់គាត់មួយគ្រឿងម៉ាកឡិចស៊ីស470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AM4876 នៅក្នុងវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ហើយក៏ស្រាប់តែមានជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយករថយន្តឡិចស៊ីស470 នោះយកទៅបាត់អស់មួយយប់ ទើបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវឲ្យស្រាវជ្រាវរករថយន្ត។ លុះពេលដល់ម៉ោងកើតហេតុខាងលើនេះ ក៏ស្រាបតែឃើញរថយន្តជនរងគ្រោះផ្លុងចោលនៅម្តុំផ្សារសាំមហាន់ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
បើតាមការរៀបរាប់ប្រាប់របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ត្រូវជាក្មួយរបស់ជនរងគ្រោះ ហើយជនសង្ស័យ តែងតែមកក្បែររថយន្តនេះជាញឹកញាប់មិនដឹងថា មានគម្រោងលួចយកនោះទេ។
បើទោះបីយ៉ាងណា សមត្ថកិច្ច មិនបង្ហាញអត្តសញ្ញាណជនសង្ស័យនោះទេ ដោយអះអាងថា ទុកធ្វើការស្រាវជ្រាវរកបក្ខពួកបន្ត។
ក្រោយ ឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានដើម្បីសាកសួរតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments