នាវាដឹកអ្នកទេសចរមួយគ្រឿងដែលជួបបញ្ហាក្នុងសមុទ្រមានព្យុះនៅប្រទេសន័រវែសបានទៅដល់កំពង់ផែហើយកាលពីថ្ងៃអាទិត្យបន្ទាប់ពីអ្នកដំណើររាប់រយនាក់ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពដោយឧទ្ធម្ភាគចក្រនៅក្នុងប្រតិបត្តិការជួយសង្គ្រោះដ៏អស្ចារ្យមួយ។
រូបភាពទូរទស្សន៍បានបង្ហាញថា នាវា Viking Sky បានទៅដល់កំពង់ផែ Molde នៅម៉ោងប្រហែល៤:១៥រសៀល។ ជិត១ភាគ៣នៃអ្នកដំណើរនិងនាវិកទាំង១,៣៧៣នាក់របស់ខ្លួនត្រូវបានគេជម្លៀសតាមអាកាសចេញពីនាវារួចទៅហើយ។
នាវាដឹកអ្នកទេសចរមួយគ្រឿងនេះមានបញ្ហាម៉ាស៊ីនហើយបានចាប់ផ្តើមអណ្តែតកាលពីរសៀលថ្ងៃសៅរ៍នៅចម្ងាយពីរគីឡូម៉ែត្រពីឆ្នេរសមុទ្រន័រវែសដែលល្បីល្បាញបំផុតសម្រាប់ការលិចនាវា។
កាពីតែនបានបញ្ជូនសញ្ញាសុំជំនួយដែលជាហេតុជំរុញឲ្យអាជ្ញាធរបើកការដឹកជញ្ជូនតាមអាកាសក្នុងស្ថានភាពពិបាកជាជាងប្រឈមមុខនឹងហានិភ័យក្នុងការទុកឲ្យមនុស្សនៅលើនាវា។
មនុស្សប្រហែល៤៦០នាក់ក្នុងចំណោម១,៣៧៣នាក់នៅលើនាវាត្រូវបាននាំយកចេញដោយឧទ្ធម្ភាគចក្រចំនួន៥គ្រឿងមុនពេលការដឹកជញ្ជូនតាមអាកាសត្រូវបានផ្អាក។
ប៉ូលិសបាននិយាយថា មនុស្សចំនួន១៧នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មនុស្សម្នាក់ដែលមានអាយុជាង៩០ឆ្នាំនិងពីរនាក់មានអាយុ៧០ឆ្នាំបានរងការបាក់ឆ្អឹងយ៉ាងធ្ងន់ធ្ងរ។
ខណៈម៉ាស៊ីនចំនួន៣ក្នុងចំណោម៤បានចាប់ផ្ដើមដំណើរការឡើងវិញកាលពីថ្ងៃអាទិត្យនោះ នាវាសណ្តោងពីរគ្រឿងបានសណ្តោងនាវាចេញពីថ្មប៉ប្រះទឹកដ៏គ្រោះថ្នាក់មុនពេលវាធ្វើដំណើរទៅកាន់កំពង់ផែ Molde ដោយប្រើម៉ាស៊ីនរបស់វាផ្ទាល់។
អ្នកដំណើររាប់សិបនាក់ដែលពាក់អាវពោងត្រូវបានគេមើលឃើញអង្គុយរង់ចាំដើម្បីចេញពីនាវា។
មជ្ឈមណ្ឌលទទួលភ្ញៀវមួយត្រូវបានបង្កើតឡើងនៅកន្លែងហាត់ប្រាណមួយលើឆ្នេរសមុទ្រសម្រាប់ជនជម្លៀសដែលភាគច្រើនគឺជាមនុស្សចាស់និងមកពីសហរដ្ឋអាមេរិកនិងអង់គ្លេស។
គួរបញ្ជាក់ថា តំបន់ដែលនាវានេះជួបបញ្ហាគឺត្រូវបានគេស្គាល់ថាជា Hustadvika ដែលជាកន្លែងពិបាកក្នុងការធ្វើដំណើរ៕ AFP
Source: Kampuchea Thmey Daily
0 Comments