Ad Code

បង្ក្រាប​គ្រឿងញៀន២ករណី លើ​ស្រុក​ចំនួន២ ក្នុង​ថ្ងៃ​តែមួយ​



​បាត់ដំបង ៖ ជនសង្ស័យ​ចំនួន៣នាក់ ដែលជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​មោងឬស្សី​ និង​អធិការដ្ឋាន នគរបាល​ស្រុក​ឯក​ភ្នំ ចុះ​ឃាត់ខ្លួន​ក្នុង​ថ្ងៃ​តែមួយ ខណៈដែល​មុខសញ្ញា​ទាំងនេះ កំពុង​ប្រព្រឹត្ត​ជាក់ស្តែង។​

​គួរ​បញ្ជាក់ដែរថា កិច្ចប្រតិបត្តិការ​លើក​ទី១ បានធ្វើ​ឡើង កាលពី​ថ្ងៃទី២២ ខែមីនា​ ឆ្នាំ២០១៩ វេលា​ម៉ោង​១១​និង​៤០នាទី ត្រង់ចំណុច​ខាងមុខ​ខារ៉ាអូខេ យីហោ​៩៩៩ ស្ថិត​ក្នុងភូមិ តា​តុ​ក ១ ឃុំ​មោង ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ដោយ​នៅ​ទីនោះ សមត្ថកិច្ច​​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ ឈ្មោះ រី សារិទ្ធ ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅ​ត្រង់ចំណុច​ខាងលើ ដោយ​កម្លាំង​បានធ្វើការ​ដកហូត​នូវ​វត្ថុ​តាង​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន១ថង់ មាន​ទម្ងន់០,៣១ក្រាម ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង។​

​ក្រោយពី​ទទួលបាន​ចម្លើយសារភាព ព្រមទាំង​មានការ​អនុញ្ញាត​ពី​ លោក នួន សាន​ ព្រះរាជអាជ្ញា សាលាដំបូង​រួចមក កម្លាំង​ស្រុក​បាន​បន្ត​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន​ទៅកាន់​ចំណុច​ភូមិ​តា​តុ​ក ២ ឃុំ​មោង នៅវេលា​ម៉ោង១២និង០៥នាទី ក្នុង​ថ្ងៃ​ដដែល ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត​ឈ្មោះ ញាណ ប៉ូ​ឡូ​ ភេទ​ប្រុស អាយុ៣៩ឆ្នាំ រស់នៅ​ចំណុច​ខាងលើ ដោយ​កម្លាំង​ជំនាញ​បាន​ដក​ហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន៣ថង់ មាន​ទម្ងន់៥,២១ក្រាម។​

​ដោយឡែក​នៅថ្ងៃនោះ​ដែរ វេលា​ម៉ោង៤ល្ងាច សមត្ថកិច្ច​ស្រុក​ឯក​ភ្នំ បាន​ចុះ​ប្រតិបត្តិការ​ទៅកាន់​ចំណុច​ភូមិ​អូរ​កំបុត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ថែមទៀត​ ឈ្មោះ សាំង សីហា ហៅ​វ៉ូ​ច​ ភេទ​ប្រុស អាយុ៣២ឆ្នាំ រស់នៅ​ត្រង់ចំណុច​ខាងលើ ដោយ​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន១៤ថង់ មាន​ទម្ងន់២,១២ក្រាម ទូរស័ព្ទដៃ​ចំនួន​២ គ្រឿង និង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន១គ្រឿង។ បច្ចុប្បន្ន​ ជនសង្ស័យ​ទាំងអស់នេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត បញ្ជូន​ទៅកាន់​សាលាដំបូង​ហើយ ដើម្បី​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu