ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកបានរួចខ្លួនទាំងស្រុងបន្ទាប់ពីយុទ្ធនាការរបស់លោកត្រូវបានបញ្ជាក់ថា មិនជាប់ពាក់ព័ន្ធក្នុងការឃុបឃិតជាមួយរុស្ស៊ីក្នុងការបោះឆ្នោតឆ្នាំ២០១៦ដែលនេះជាការជំរុញដ៏ធំមួយសម្រាប់ក្តីសង្ឃឹមនៃការជាប់ឆ្នោតជាថ្មីរបស់លោក។
របាយការណ៍ចុងក្រោយដែលគេរង់ចាំជាយូរមកហើយស្តីពីការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ចូលក្នុងការជ្រៀតជ្រែករបស់ក្រុងមូស្គូនៅក្នុងការបោះឆ្នោតបានសន្និដ្ឋានថា គ្មានសមាជិកណាម្នាក់ឬសហការីនៃយុទ្ធនាការបានរួមគំនិតឬសំរបសំរួលជាមួយរុស្ស៊ីក្នុងផែនការរបស់ខ្លួនដើម្បីជំរុញលោក Trump ឲ្យជាប់ឆ្នោតកាលពីជាងពីរឆ្នាំមុននោះទេ។
ខណៈពេលដែលមិនបានបញ្ចប់ទាំងស្រុងលើប្រធានាធិបតីនោះ លិខិតរបស់អគ្គរដ្ឋអាជ្ញាលោក Bill Barr ទៅកាន់សភាដែលសង្ខេបរបាយការណ៍របស់លោក Mueller បានលុបបំបាត់ពពកខ្មៅដែលខ្មួលខ្មាញ់លើភាពស្របច្បាប់របស់លោក Trump ចាប់តាំងពីគាត់ឡើងកាន់តំណែងកាលពីខែមករាឆ្នាំ២០១៧។
លោក Trump បាននិយាយអំពីការសន្និដ្ឋានរបស់លោក Mueller ថា “មិនមានការឃុបឃិតជាមួយរុស្ស៊ី។ មិនមានការរាំងស្ទះទេ”។ លោកបានបន្ថែមថា “វាជាការអាម៉ាស់ដែលប្រទេសត្រូវឆ្លងកាត់បញ្ហានេះ។ នេះគឺជាការបង្អាប់ខុសច្បាប់ដែលបរាជ័យ”។
ដោយសង្ខេបពីការរកឃើញរបស់លោក Mueller, លោក Barr បាននិយាយថា មិនមានមន្ត្រីយុទ្ធនាការរបស់លោក Trump ជាប់ពាក់ព័ន្ធក្នុងការឃុបឃិតជាមួយរុស្ស៊ីក្នុងឆ្នាំ២០១៦ដើម្បី Hack កុំព្យូទ័ររបស់គណបក្សប្រជាធិបតេយ្យនិងបង្ហោះព័ត៌មានមិនពិតក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីធ្វើឲ្យប៉ះពាល់ដល់គូប្រជែងបក្សប្រជាធិបតេយ្យរបស់លោក Trump គឺលោកស្រី Hillary Clinton ទេ។
លោកក៏បានថ្លែងផងដែរថា មិនមានការភ្ញាក់ផ្អើលថ្មីកើតឡើងពីក្រុមរបស់លោក Mueller, មិនមានការចោទប្រកាន់បន្ថែមទៀតត្រូវបានបញ្ចេញនិងមិនមានការដាក់ពាក្យបណ្តឹងចោទប្រកាន់ទេ។
ម្យ៉ាងវិញទៀត យោងតាមលិខិតរបស់លោក Barre បានបង្ហាញថា លោក Mueller បានជម្រះភស្តុតាងមួយចំនួនដែលគាំទ្រការរាំងស្ទះ ប៉ុន្តែមិនប្រាកដថាតើវាគ្រប់គ្រាន់ដើម្បីគាំទ្រការចោទប្រកាន់ព្រហ្មទណ្ឌដែរឬទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments