Ad Code

ថ្ងៃ​១០​មេសា ​ប្រកាស​សាលក្រម​សំណុំរឿង​លក់ដូរ​ស្ត្រី​ខ្មែរ​ ទៅ​ប្រទេស​ចិន​



​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​លើកយក​សំណុំរឿង​លក់ដូរ​មនុស្ស​ឆ្លងដែន​មួយក្រុម​ មក​ធ្វើការ​ជំនុំ​ជម្រះ ក្រោយពី​មាន​ជនរងគ្រោះ​រត់​ចេញពីផ្ទះ​ ដែល​គេ​បង្ខាំង​ទុក​ទៅរក​ប៉ូលិស​នៅ​ប្រទេស​ចិន​ ឲ្យជួយ​រំដោះ​នាំមក​កម្ពុជា​វិញ​ បាន​ប្ដឹង។​

ជនជាប់ចោទ​នៅក្នុង​ក្នុង​រឿងក្ដី​នេះ​មាន​៤​នាក់ ​ទី​១.ឈ្មោះ ស៊ូ សុភាព ហៅ​ស្រី​តា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​តួនាទី​ជា​មេខ្លោង។​ ទី​២.ឈ្មោះ ឃួន សា​រ៉ាវុធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជន​ជាតិខ្មែរ មាន​តួនាទី​ជា​អ្នកសម្របសម្រួល និង​ជា​ប្ដី​របស់​ ស៊ូ សុភាព។​ ទី​៣.ឈ្មោះ សុខ សុទ្ធា​រក្ស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​តួនាទី​ជា​អ្នក​នាំ​ស្ត្រី​ខ្មែរ​ទៅ​ចិន។​ ទី​៤.ឈ្មោះ ផល ផា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​តួនាទី​ជា​អ្នក​ដឹកជញ្ជូន​។​

អ្នក​ទាំង​៤​នាក់​នេះ ស្នាក់នៅ​ផ្ទះជួល​លេខ ៩៤B ផ្លូវ​១៥០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជ​ធានី​ភ្នំពេញ​។​

នៅក្នុង​សវនាការ ជនជាប់ចោទ ​ឈ្មោះ ស៊ូ សុភាព បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​បញ្ជូន​ស្ត្រី​ក្រមុំ​ខ្មែរ​មួយចំនួន​ ទៅ​រៀបការ​ប្ដី​ចិន​ នៅ​ប្រទេស​ចិន​ តាម​ការ​ស្ម័គ្រចិត្ត​រប​ស់​ពួកគេ។​

ជនជាប់ចោទ​បានបញ្ជាក់​ថា លក្ខខណ្ឌ​ជ្រើសរើស ​គឺ​ស្ត្រី​ក្រមុំ​ខ្មែរ ​ត្រូវតែមាន​អាយុ​ពី​២០​ ទៅ​២៥​ឆ្នាំ មាន​រូប​សម្ផស្ស​ស្អាត មាន​កាយសម្បទា​មាំមួន ដោយ​ការចំណាយ​ធ្វើលិខិត​ឆ្លងដែន ការ​ស្នាក់នៅ និង​ការធ្វើដំណើរ​ជា​បន្ទុក​របស់ខ្លួន​ក្នុងការ​រៀបចំ​ឲ្យ​ទាំងអស់​រហូតដល់​បញ្ជូន​ពួកគេ​ទៅដល់​ស្រុក​យួន​ និង​ប្រទេស​ចិន។​

ចំណែក​ ឈ្មោះ សុខ សុទ្ធា​រ័ក្ស ​បាន​សារភាព​ថា ខ្លួនគេ​ជា​អ្នក​នាំ​ជនរងគ្រោះ​ជិះ​តាក់ស៊ី​របស់​ឈ្មោះ ផល ផា ពី​ភ្នំពេញ​ ទៅ​ព្រំដែន​វៀតណាម ដែល​នៅ​ទីនោះ មាន​អ្នក​មក​ចាំ​ទទួល​មនុស្ស​ ដើម្បី​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ប្រទេស​ចិន។​

ជនជាប់ចោទ​រូបនេះ​បាន​សារភាព​ទៀតថា ​ក្នុង​មួយ​ជើងៗ​ខ្លួន​ បាន​ទទួល​លុយ​ពី ​ឈ្មោះ​ ស៊ូ សុភាព ពី​២០០​ដុល្លារ​ ទៅ​៣០០​ដុល្លារ។​

ជនរងគ្រោះ​ម្នាក់ ក្នុង​ចំណោម​ជនរងគ្រោះ​៤​នាក់ ​ដែល​ត្រូវបាន​សមត្ថកិច្ច​សង្គ្រោះ​នាំ​មកពី​ប្រទេស​ចិន​វិញ ​បាន​រាយការណ៍​ប្រាប់​តុលាការ​ថា ដំបូង​ឡើយ​ មុនពេល​នាង​លង់ខ្លួន​ទៅដល់​ប្រទេស​ចិន មាន​មេខ្យល់ ​ឈ្មោះ ​ម៉ៅ​ បាន​និយាយ​ពី​រឿង​កូនស្រី​អ្នកភូមិ​ទៅធ្វើ​ការ​នៅ​ប្រទេស​ចិន​ បាន​លុយ​ផ្ញើ​មក​ផ្ទះ​២.០០០​ដុល្លារ ​ក្នុង​មួយខែ និង​បាន​មកលេង​ផ្ទះមួយ​ខែម្ដង​ទៀតផង។ ពេល​ឮ​ដូច្នេះ ​នាង​ក៏​ព្រមព្រៀង​ជាមួយ​គេ ហើយ​ ឈ្មោះ​ ម៉ៅ​ ក៏បាន​នាំ​នាង​មកជួប​ឈ្មោះ​ ស៊ូ សុភាព នៅ​ភ្នំពេញ នាំទៅ​ធ្វើ​លិខិត​ឆ្លងដែន ក្រោយមក​ប៉ុន្មាន​ថ្ងៃ​ ក៏ត្រូវ ​ឈ្មោះ សុខ សុទ្ធា​រ័ក្ស នាំទៅ​កាន់​ព្រំដែន​យួន និង​ឆ្លង​ទៅ​ប្រទេស​ចិន។​

ជនរងគ្រោះ​រៀបរាប់​ទៀតថា នៅ​ប្រទេស​ចិន ​គេ​បាន​ទុក​ឲ្យ​នាង​នៅ​ក្នុង​ផ្ទះមួយ​យ៉ាង​យូរ ទើប​គេ​នាំ​នាង​ទៅឲ្យ​ពួក​ប្រុសៗ​ចិន​មើល ពេលនោះ​ទើប​នាង​ដឹងថា គេ​យក​នាង​មក​លក់​ឲ្យ​ពួក​បុរស​ចិន​ដោយសារ​គេ​ប្រាប់​នាង​ថា​ គេ​បាន​ផ្ញើ​លុយ​មកឲ្យ​ម្ដាយ​នាង​ចំនួន​២.០០០​ដុល្លារ​រួចហើយ។ ពេល​រស់​នៅ​ជាមួយ​បុរស​ចិន​ ដែល​ទិញ​នាង គឺ​គេ​ធ្វើបាប​នាង​រហូត​រលូត​កូន​ ទើប​នាង​រត់ទៅរក​ប៉ុស្តិ៍​ប៉ូលិស​ឲ្យ​ជួយ​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ហើយក៏​ដាក់ពាក្យ​ប្ដឹង​តែម្ដង។​ រឿងក្ដី​នេះ ​តុលាការ​ បាន​សម្រេច​ប្រកាស​សាលក្រម​ នៅ​ថ្ងៃទី​១០​ ខែ​មេសា ឆ្នាំ​២០១៩​ខាងមុខ។​

សូម​រំលឹកថា នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចុះបង្ក្រាប​មេខ្យល់​១​ក្រុម​នេះ ដែល​បាន​ធ្វើ​សកម្មភាព​នាំ​នារី​ខ្មែរ ចំនួន​៣០​នាក់ ចាប់​តាំងពី​ឆ្នាំ​២០១៤ ដល់​ខែឧសភា ឆ្នាំ​២០១៨ យកទៅលក់​ឲ្យ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន ធ្វើជា​ប្រពន្ធ​។​

ក្នុង​ប្រតិបត្តិការ​នេះ ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្ដមសេនីយ៍​ឯក ប៉ុល ភិ​ធេ​យ្យ ប្រធាន​នាយកដ្ឋាន ក្រោម​ការសម្របសម្រួល​ពី ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​។​

តាម​ការស្រាវជ្រាវ​ជន​សង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព ឃោសនា​ជ្រើសរើស នាំ​នារី​ខ្មែរ​បាន​ចំនួន​៣០​នាក់ ចេញពី​ប្រទេស​កម្ពុជា​នាំ​ឆ្លងដែន ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ចិន ដើម្បី​រៀប​អាពាហ៍​ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ ដោយ​បាន​តម្លៃ​ក្នុង​ម្នាក់ៗ ចាប់ពី​៥,០០០ដុល្លារ ដល់​១០,០០០​ដុល្លារ​។​

សមត្ថកិច្ច​ បានធ្វើការ​ដកហូត​ចេញ​សម្រាប់​ដឹកជញ្ជូន​ស្ត្រី​ខ្មែរ​២​គ្រឿង (១​គ្រឿង​ម៉ាក Lexus RX330 ពណ៌​ស្ករ ស្លាក់​លេខ ភ្នំពេញ ២AS-៨០២៨ និង​១​គ្រឿង​ទៀត​ ម៉ាក Lexus RX330 ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ២N-៦១៨០) និង ​លុយ​៩,៥០០​ដុល្លារ​អាមេរិក និង​ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu