Ad Code

លោកស្រី May ជួប​ជាមួយ​រដ្ឋមន្ត្រី​ស្របពេល​មាន​របាយការណ៍​អំពី​ការប៉ុនប៉ង​ទម្លាក់​លោកស្រី



នៅ​ថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោកស្រី Theresa May បានរៀបចំ​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​នៃ​គណៈរដ្ឋមន្ត្រី​របស់លោក​ស្រី​ចំពេល​មាន​សេចក្តីរាយការណ៍​អំពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដោយ​សហសេវិក​ជុំវិញ​ការចាត់ចែង​របស់លោក​ស្រី​លើ Brexit។

លោកស្រី May នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ជាច្រើនរូប​ដែល​និយាយថា មាន​ផែនការ​ទម្លាក់​លោកស្រី​នៅ​ដើម​សប្តាហ៍​ដ៏​សំខាន់​មួយ​ផ្សេងទៀត​នៅក្នុង​ការដកខ្លួន​រប​ស់​ចក្រភព​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​ដែល​គេ​នឹង​អាច​មើលឃើញថា សមាជិកសភា​នឹង​ចាប់យក​ការគ្រប់គ្រង​លើ​ដំណើរការ​នេះ​ពី​រដ្ឋាភិបាល​។​

ក្រុម​អ្នកតាក់តែង​ច្បាប់​ត្រូវបាន​គេ​កំណត់ថា​នឹង​បោះឆ្នោត​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា​តើ​ត្រូវ​បង្ខំ​ឲ្យ​សភា​ធ្វើតាម​នូវ​អ្វីដែល​គេ​ហៅថា “​ការបោះឆ្នោត​ណែនាំ​” ដើម្បី​វាស់​ស្ទង់​ការគាំទ្រ​សម្រាប់​ជម្រើស Brexit ជាច្រើន​ដែរ​ឬក៏​អត់​។​

ទន្ទឹមនឹង​នេះដែរ លោកស្រី May ត្រូវតែ​សម្រេចចិត្ត​អំពី​ពេលវេលា​ក្នុងការ​ស្នើសុំ​ឲ្យ​ពួកគេ​បោះឆ្នោត​ម្តងទៀត​លើ​កិច្ចព្រមព្រៀង​លែងលះ​របស់​លោកស្រី​ដែល​ពួកគេ​បាន​ច្រានចោល​ទាំងស្រុង​ចំនួន​ពីរដង​រួចមកហើយ​។​

ក្រោម​កាលវិភាគ​ថ្មី​ដែល​ត្រូវ​បានដាក់​ដោយ​មេដឹកនាំ​អ៊ឺរ៉ុប​កាលពី​សប្តាហ៍​មុន ឥឡូវនេះ​លោកស្រី​មាន​ពេល​រហូតដល់​ថ្ងៃទី​១២​ខែមេសា​ដើម្បី​ឈ្នះ​ការគាំទ្រ​របស់​សមាជិក​សភា​សម្រាប់​កិច្ចព្រមព្រៀង​នេះ​ឬ​ត្រូវ​ស្វែងរក​ជម្រើស​ដែល​អាច​សម្រេចបាន​មួយ​ដែល​អាច​រាប់បញ្ចូល​ទាំង​ការពន្យារពេល​ដល់ Brexit ផងដែរ​។​

យោងតាម​កាសែត Sunday Times បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ភាពរអាក់រអួល​កាលពី​សប្តាហ៍​មុន លោកស្រី May បាន​ចំណាយពេល​ចុង​សប្ដាហ៍​នៅឯ​លំនៅដ្ឋាន Chequers របស់​លោកស្រី​ស្របពេល​មានការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​គណៈរដ្ឋមន្ត្រី​។​

កាសែត​នេះ​បាន​រាយការណ៍​ថា ខ្លួន​បាន​និយាយ​ទៅកាន់​រដ្ឋមន្ត្រី​ជាន់ខ្ពស់​ចំនួន​១១​រូប​ដែល​បាន​បញ្ជាក់ថា ពួកគេ​ចង់​ឲ្យ​លោកស្រី​នាយករដ្ឋមន្ត្រី​បើកផ្លូវ​សម្រាប់​អ្នកដទៃ​ហើយ​គ្រោង​នឹង​ប្រឈមមុខ​ជាមួយ​លោកស្រី​នៅឯ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ចន្ទ​។​

សភា​បាន​ជាប់គាំង​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ជុំវិញ Brexit ដោយសារ​សមាជិកសភា​មិនអាច​សម្រេចបាន​អំពី​របៀប​ដើម្បី​អនុវត្ត​ការបោះឆ្នោត​ប្រជាមតិ​ឆ្នាំ​២០១៦​ក្នុងការ​ចាកចេញ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​បែកបាក់​គ្នា​នៅ​ទូទាំងប្រទេស។

កាលពី​ថ្ងៃ​សៅរ៍ ក្រុម​អ្នករៀបចំ​បាន​ប៉ាន់ប្រមាណ​ថា អ្នកគាំទ្រ​អឺរ៉ុប​ចំនួន​១​លាន​នាក់​បាន​ដើរ​ដង្ហែ​តាម​កណ្តាល​ទីក្រុង​ឡុង​ដ៍​ដើម្បី​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ជា​សាធារណៈ​មួយទៀត​លើ​ការចាកចេញ​ពី​ប្លុក​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu