រតនគិរី ៖ ស្ត្រីម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទៅងូតទឹកអូរចម្ងាយពីផ្ទះរបស់ខ្លួន ប្រហែល១គីឡូម៉ែត្រ ត្រូវបានជនមិនស្គាល់មុខ លួចធ្វើសកម្មភាពសម្លាប់យ៉ាងអាណោចអាធ័ម។
ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ចំណុចមាត់អូរ ក្នុងចម្ការជនរងគ្រោះ ស្ថិតក្នុងភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់។
យោងតាមរបាយការណ៍ពីអធិការនគរបាលស្រុកលំផាត់បានបញ្ជាក់ថា ជនរងគ្រោះមាន ឈ្មោះ កែ ញូន អាយុ៣៤ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិ/ឃុំកើតហេតុខាងលើ។
របាយការណ៍បានបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៥និង០០នាទីល្ងាចថ្ងៃខែដដែល ជនរងគ្រោះបានជិះម៉ូតូមកងូតទឹកនៅអូរក្នុងចម្ការរបស់ខ្លួន ដែលមានចម្ងាយពីភូមិប្រហែល១គីឡូម៉ែត្រដូចសព្វមួយដង លុះដល់ម៉ោងប្រហែល ៦ល្ងាច (ប្តី) ដោយបាត់ប្រពន្ធយូរពេក ប្ដីរបស់ជនរងគ្រោះបានមកតាមរក ប៉ុន្តែរកមិនឃើញសោះ ឃើញតែស្បែកជើង និងកន្ត្រកដាក់ខោអាវតែប៉ុណ្ណោះ។ ប្តីជនរងគ្រោះ ក៏ត្រឡប់ទៅហៅអ្នកភូមិឲ្យមកជួយរក រហូតដល់ម៉ោងប្រហែល១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា នេះ ទើបរកឃើញសពនៅក្នុងអូរ ចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងងូតទឹក។
របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាន ពីប្តីជនរងគ្រោះ កម្លាំងអធិការនគរបាលស្រុកលំផាត់ សហការជាមួយកម្លាំងប៉ុស្តិ៍បាតាង បានហ៊ុមព័ទ្ធកន្លែងកើតហេតុ រង់ចាំកម្លាំងបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្ត ព្រមទាំងពេទ្យបង្អែកខេត្តចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ។ ក្នុងនោះដែរ មានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះមកសម្របសម្រួលផងដែរ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ចាប់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments