ក្រុមបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំកូរ៉េខាងត្បូង (U23) ដែលជាក្រុមខ្លាំងមួយទៅទ្វីបអាស៊ី បានយកឈ្នះលើក្រុមយុវជនក្រោយអាយុ២៣ឆ្នាំរបស់តៃវ៉ាន់ (U23) ដោយលទ្ធផល ៨ទល់០ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ប្រចាំពូល H នៃវគ្គជម្រុះពានរង្វាន់យុវជនក្រោមអាយុ២៣ឆ្នាំជើងឯកទ្វីបអាស៊ី នាល្ងាចថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។
ក្រុម U23កូរ៉េខាងត្បូង ដឹកនាំដោយលោក Kim Hak-bum ទើបតែដឹកនាំកូនក្រុមឈ្នះមេដាយមាសនៅព្រឹត្តិការណ៍ 2018 Asian Games នៅប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗ ក្រោយយកឈ្នះលើក្រុម U23ជប៉ុន ២ទល់១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ចំណែកក្រុម U23តៃវ៉ាន់ វិញបានជ្រើសរើសកីឡាករឆ្នើមៗភាគច្រើនមកពីតាមសាកលវិទ្យាល័យនានាក្នុងស្រុក មុនចេញដំណើរមកកាន់រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្រុមកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងពូល H ជាមួយយុវជន U-23 អូស្ត្រាលី, កូរ៉េខាងត្បូង និង ឆាយនីសតៃប៉ិ (តៃវ៉ាន់) ដោយការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខ។ កាលពីឆ្នាំ ២០១៧ កន្លងទៅកម្ពុជា ធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-23 នេះម្តងហើយ ដោយកាលនោះជួបជាមួយ ចិន, ជប៉ុន និង ហ្វីលីពីន តែមិនមានឱកាសឆ្លងផុតវគ្គនេះឡើយ។
ចំណែកប្រកួតបន្ទាប់នឹងបន្តធ្វើនៅថ្ងៃអាទិត្យ ទី២៤ ខែមីនាឆ្នាំ២០១៩ ខាងមុខដោយក្រុមតៃវ៉ាន់ ជួបអូស្ត្រាលី នៅម៉ោង៥ល្ងាចនិងក្រុមកម្ពុជា ប៉ះកូរ៉េខាងត្បូង នៅម៉ោង៨យប់។ ចុងក្រោយនៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ ក្រុមកូរ៉េខាងត្បូង ជួបក្រុមអូស្ត្រាលី នៅម៉ោង៥ល្ងាចនិងក្រុមកម្ពុជា បន្តប៉ះតៃវ៉ាន់ នៅម៉ោង៨យប់។ សម្រាប់សំបុត្រចូលទស្សនាការប្រកួតវគ្គជម្រុះនេះ គឺបែងចែកចេញ ជា២ប្រភេទមានតម្លៃ ១០,០០០រៀល នៅតំបន់មានកៅអីជ័រ និង ៥,០០០រៀល តំបន់គ្មានកៅអីជ័រ និងអាចទស្សនាបាន២ប្រកួត ក្នុងថ្ងៃតែមួយ៕
Source: Kampuchea Thmey Daily
0 Comments