ភ្នំពេញ ៖ លោក Doug Ericksen សមាជិក ព្រឹទ្ធសភាអាមេរិករដ្ឋ វ៉ាស៊ីនតោន សហរដ្ឋអាមេរិកសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាបានឆាប់រហ័សផងនិងការបោះឆ្នោតកន្លងទៅទទួលបានជោគជ័យផង។
លោក Doug Ericksen បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក បានអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបនោះ លោក Doug Ericksen បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកបានមកកាន់កម្ពុជានៅឆ្នាំ២០១៦ លោកបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងសុខសន្តិភាព ស្ថិរភាព ពិសេសជាងទៅទៀត លោកបានឃើញប្រជាជនកម្ពុជាមានទឹកមុខស្រស់ស្រាយថ្លានិងមានជីវភាពល្អប្រសើរ។
លោកក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា លោកបានមកកម្ពុជាឆ្នាំ២០១៨ ដើម្បីពិនិត្យនឹងសង្កេតមើលការបោះឆ្នោតនៅកម្ពុជា។ លោកសង្កេតឃើញថា ការបោះឆ្នោតនៅកម្ពុជានៅពេលនោះគឺប្រកបដោយសុខសន្តិភាព អហិង្សា និងជោគជ័យហើយដែលការបោះឆ្នោតនោះគឺបានឆ្លុះបញ្ចាំងពីការប៉ងប្រាថ្នារបស់ប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ថា លោកមកកម្ពុជានៅពេលនេះគឺដើម្បីសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាបានឆាប់រហ័សផងនិងការបោះឆ្នោតកន្លងទៅទទួលបានជោគជ័យផង។ ពិសេស លោកបានគោរពជូនពរសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកមកកម្ពុជានៅពេលនេះធ្វើយ៉ាងណាជំរុញពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកឲ្យកាន់តែខ្លាំងឡើង។
ជាមួយគ្នានេះ លោក Doug Ericksen បានលើកឡើងថា ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក បានពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឡើងវិញលើការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន នៅក្នុងសង្គ្រាមនៅកម្ពុជា។ លោក Doug Ericksen តាំងនាមឲ្យរដ្ឋាភិបាលអាមេរិក និងគ្រួសារទាហានអាមេរិកបាត់ខ្លួន សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ចសហការដ៏ល្អប្រកបដោយកាយវិការមនុស្សធម៌។
ជាការឆ្លើយតបសម្តេចបានថ្លែងអំណរគុណលោក Doug Ericksen និងស្វាគមន៍ចំពោះកិច្ចពិភាក្សានិងដើម្បីជំរុញពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
Source: Kampuchea Thmey Daily
0 Comments