កំពង់ស្ពឺ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងការពារចំពោះគោលនយោបាយរបស់ចិនថាប្រទេសចិនគ្មាននយោបាយត្រួតត្រាអ្នកណាទាំងអស់។ ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់នៅមុខមន្ត្រីការ ទូតចិនផងដែរថា បើទោះបីជាចិនចង់ត្រួតត្រាខ្មែរ ក៏ខ្មែរមិនឲ្យចិនត្រួតត្រាដែរ។
សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យជឿលើការឃោសនាអកុសលរបស់ក្រុមប្រឆាំងដែលបានបំភ្លៃថា ខ្មែរពេលនេះកំពុងប្រមូលទិញដីពីប្រជាពលរដ្ឋដើម្បីទៅលក់ឲ្យចិនហើយឃោសនាថា ចិនមកដាក់អាណានិគមលើកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា បើទោះបីជាចិនចង់ត្រួតត្រាខ្មែរ ក៏ខ្មែរមិនឲ្យចិនត្រួតត្រាបានដែរ។
សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «បើចិនចង់ត្រួតខ្មែរ ក៏ខ្មែរមិនឲ្យចិនត្រួតដែរ ហើយម្យ៉ាងទៀតនយោបាយចិន គ្មានគោលដៅត្រួតត្រានរណាទាំងអស់ នេះគឺជាចំណុចដែលយើងបានឃើញ មានអ្នកដទៃដាក់ការបង្គាប់បញ្ជាឲ្យរដ្ឋអធិបតេយ្យធ្វើតាមគេ ហើយបើយើងមិនធ្វើតាមគេដាក់ទណ្ឌកម្មមកលើយើង ក៏ប៉ុន្តែផ្ទុយស្រឡះពីនេះចិនគ្មាននយោបាយបែបនេះទេ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការពន្យល់ថា ពាក្យដែលថាកសាងធ្វើអាជីវកម្មនិងផ្ទេរ។ ឥឡូវនេះដីនៅតែជាដីរបស់ខ្មែរបន្ទាប់ពីធ្វើអាជីវកម្មហើយនោះផ្លូវនេះនឹងក្លាយទៅជាផ្លូវរបស់រដ្ឋតែម្តងបានសេចក្តីថា ក្រុមហ៊ុនបានបញ្ចប់ដំណើរការអាជីវកម្មហើយប្រគល់ផ្លូវនេះមកឲ្យរដ្ឋហើយរដ្ឋនឹងប្រើប្រាស់ទៅតាមការចាត់ចែងនឹងតម្រូវការរបស់រដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ការរីកចម្រើននៃសេដ្ឋកិច្ចចិនបានធ្វើឲ្យប្រទេសនៅក្នុងតំបន់ អាស៊ានរាប់ទាំងកម្ពុជាផង បានទទួលនូវផលប្រយោជន៍យ៉ាងច្រើន។
សម្តេចតេជោបានរំលឹកថា កាលពីឆ្នាំ ២០១៦ មានការប្រជុំមួយនៅទីក្រុងប៉េកាំងប្រទេសចិន អំពី ផ្លូវមួយ ខ្សែក្រវាត់មួយ និងផ្លូវសូត្រសតវត្សរ៍ទី២១ពេលនោះលោកប្រធានាធិបតីស៊ី ជីនពីង បានប្រកាសជាមួយគំនិតផ្ដួចផ្ដើម ដាក់ចេញនូវឥណទាន ៤០ ពាន់លានដុល្លារតែម្តង។ ពេលនោះសម្តេចមានចំណាប់អារម្មណ៍ថា គំនិតផ្តួចផ្តើមនៃការតភ្ជាប់ពិតជាមានច្រើនណាស់ដែលក្នុងតំបន់របស់យើងទាំងក្នុងតំបន់អាស៊ានអាស៊ីបូព៌ាមានរហូតដល់ការតភ្ជាប់ហាយវេអាស៊ីដែលតភ្ជាប់ទៅពីតំបន់អាស៊ានរហូតដល់ប្រទេសតួកគី ប៉ុន្តែនោះគ្រាន់តែជាគំនិតផ្ដួចផ្ដើមតែប៉ុណ្ណោះប៉ុន្តែបញ្ហាធំជាងគេគឺខ្វះទុន។ ប៉ុន្តែនៅពេលដែលចិនដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយចិនបានដាក់ទៅជាមួយនូវទុនសម្រាប់ការវិនិយោគបន្ថែមលើនោះគំនិតផ្ដួចផ្ដើមថ្មីៗក្រៅពីបង្កើតធនាគារប្រ៊ីច ដែលកម្ពុជាក៏ធ្វើជាសហស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីផងដែរដែលនេះសុទ្ធតែជាគំនិតផ្ដួចផ្ដើមដើម្បីជួយដល់ប្រទេសក្រីក្រទាំងឡាយហើយផ្លូវសូត្រសមុទ្រសតវត្សរិ៍ទី២១ ,ខ្សែក្រវាត់មួយផ្លូវមួយមិនមែនស្ថិតនៅតែតំបន់របស់យើងទេវាបានតភ្ជាប់ទៅដល់ជាង ១៤០មានរហូតទៅដល់អាព្រិច និង អឺរ៉ុបផងដែរ។
លោក ខុង សៀងយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលបានចូលរួមនៅក្នុងពិធីបើការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានថ្លែងថា វិនិយោគរបស់ចិនមិនមែនជាអន្ទាក់ទេហើយវារឹតតែមិនមែនជាការគំរាមកំហែងសម្រាប់កម្ពុជានោះទេ។ ការវិនិយោគរបស់ចិនគឺនឹងជួយអភិវឌ្ឍប្រទេសកម្ពុជាដែលផ្ដល់នូវផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា។
លោកបានមានប្រសាសន៍ទៀតថា ក្នុងនាមជាអ្នកជិតខាងល្អមិនល្អដៃគូល្អរបស់កម្ពុជាប្រទេសចិនមានការយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសកម្ពុជាប្រទេសទាំងពីរបានឈរលើស្មារតីគោរពគ្នាទៅវិញទៅមកដោយស្មើភាពនិងដើម្បីផលប្រយោជន៍រួមធ្វើឲ្យទំនាក់ទំនងខាងនយោបាយរបស់ប្រទេសទាំងពីរកាន់តែរីកចម្រើននិងជួយគ្នាទៅវិញទៅមក។ ដើម្បីទទួលបានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ចិននៅតែបន្តគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានិងគាំទ្រចំពោះប្រទេសកម្ពុជាក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពរបស់ខ្លួន។ ចិនមិនត្រឹមតែផ្តល់ជំនួយសាងសង់ផ្លូវស្ពានប៉ុណ្ណោះទេចិនជួយកសាងលើវិស័យជាច្រើនទៀតដើម្បីធ្វើឲ្យជីវភាពប្រជាពលរដ្ឋទទួលបាននូវផលពីជំនួយនិងការវិនិយោគរបស់ចិន។
ការវិនិយោគរបស់ចិនដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជាបានរងការវាយប្រហារជាបន្តបន្ទាប់ដោយមជ្ឈដ្ឋានអគតិមួយចំនួន។ ក្រុមអ្នកវិភាគដែលគាំទ្រពួកប្រឆាំងបានរិះគន់ថាឥណទាន និងជំនួយរបស់ចិននឹងធ្វើឲ្យកម្ពុជាកាន់តែធ្លាក់ជ្រៅទៅក្នុងអន្ទាក់របស់ចិន។
ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថាការអភិវឌ្ឍសេដ្ឋកិច្ចចិន បានផ្តល់ផលប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឍជាពិសេសប្រទេសដែលស្ថិតនៅក្នុងគម្រោងខ្សែក្រវាត់និងផ្លូវ ដែលបានដាក់ចេញដោយលោកប្រធានាធិបតី ស៊ី ជិនពីង។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានយកឱកាសនោះថ្លែងទៅកាន់ដៃគូអភិវឌ្ឍន៍ទាំងអស់ថា រាជរដ្ឋាកម្ពុជាស្វាគមន៍ចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់សូមអញ្ជើញមកវិនិយោគនិងផ្ដល់ប្រាក់កម្ចីដល់កម្ពុជាព្រោះកម្ពុជាត្រូវការដៃគូទាំងអស់។ សម្តេចបន្តថាមានអ្នកខ្លះគេបាននិយាយថាយើងផ្អែកលើចិនច្រើនពេកធ្វើឲ្យលំអៀងទៅរកចិនធ្វើឲ្យគេមិនអាចវិនិយោគបាន។ ប៉ុន្តែខ្ញុំក៏បានសួរត្រឡប់ទៅវិញថា តើអ្នកបានមករកស៊ីជាមួយកម្ពុជាលើបញ្ហាអ្វីដែរ? ប្រាកដណាស់អ្នកមិនដែលបានស្នើសុំការវិនិយោគពីខ្ញុំហើយទទួលបានការសរសើរពីខ្ញុំឯណាបែរជាទៅនិយាយថា ស្អីឡើងក្រុមហ៊ុនចិនស្អីឡើងក្រុមហ៊ុនចិនបើចិនមកសុំវិនិយោគឲ្យយើងបដិសេធបែបហ្នឹងឬ? យើងមិនដែលទាត់ចោលក្រុមហ៊ុនណាមួយទេនៅទីនេះយើងមានក្រុមហ៊ុនចិន,ក្រុមហ៊ុនវៀតណាម,វៀតណាមវិនិយោគនៅកម្ពុជាក៏មិនតិចដែរ ទូរស័ព្ទមិតហ្វូន ការវិនិយោគទៅលើវិស័យផលិតជីការវិនិយោគទៅលើមន្ទីរពេទ្យការវិនិយោគទៅលើបញ្ហាកសិកម្ម។ ថៃក៏មានការវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងមិនដែលបដិសេធអ្នកណាទេ,ម៉ាឡេស៊ីប្រព័ន្ធស្មាត ,វិនិយោគមកពីកូរ៉េខាងត្បូងមកពីជប៉ុន មកពីអាមេរិក មកពីអឺរ៉ុប មកពីច្រើនប្រទេសនៅក្នុងទឹកដីរបស់យើង។ សូមស្វាគមន៍មកកាន់ប្រទេសកម្ពុជា ហើយខ្ញុំសុំនិយាយនៅមុខមិត្តចិននៅទីនេះដើម្បីឲ្យសារទៅអ្នកឯងព្រោះមិត្តចិនតែម្នាក់ឯងក៏គាត់វិនិយោគមិនគ្រប់ដែរគឺយើងត្រូវការវិនិយោគពីគ្រប់ទីកន្លែងឲ្យតែមកវិនិយោគកន្លងមកធនាគារអឺរ៉ុបក៏បានផ្ដល់ប្រាក់កម្ចីឲ្យយើងៗក៏ទទួលធានាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ឲ្យយើងក៏យើងទទួល,ធនាគារពិភពលោកផ្ដល់ប្រាក់កម្ចីឲ្យយើងក៏យើងទទួលគឺយើងទទួលទាំងអស់ពីគ្រប់ទីកន្លែង។ តែកុំនិយាយតែមាត់ហើយដាក់ភូមិសាស្ត្រនយោបាយសម្រាប់កម្ពុជានៅក្នុងការវិនិយោគរបស់ខ្លួន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា គោលនយោបាយរបស់កម្ពុជាគឺគ្មានរើសអើងជាមួយអ្នកណាទាំងអស់កម្ពុជាសុំតែមួយគត់គឺរាល់ការធ្វើសកម្មភាពនិងភាពជាដៃគូគឺសូមឲ្យមានការគោរពនូវឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជាតែប៉ុណ្ណោះ។ ក្នុងឋានៈជាដៃគូស្មើភាពស្មើសិទ្ធិជាមួយគ្នា មិត្តភក្ដិក្នុងចំណោមអាស៊ានរបស់យើងគឺគ្រប់ទីកន្លែងគឺយើងស្វាគមន៍ទាំងអស់។
សម្តេចក៏បានធ្វើការកត់សំគាល់ថា ក្រុមហ៊ុនចិនតែងអនុវត្តនូវគម្រោងបានជោគជ័យបើទោះបីជាស្ថិតនៅក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច២០០៨ ពេលនោះកម្ពុជាក៏មានកង្វល់មួយចំនួនដោយសារប្រទេសមួយចំនួនត្រូវការគ្រប់គ្រងទុនរបស់គេ។ ដើម្បីដោះស្រាយបញ្ហាក្នុងស្រុកក្នុងស្ថានភាពដែលមានវិបត្តិសេដ្ឋកិច្ចជាសកលប៉ុន្តែក្រុមហ៊ុនចិនទាំងឡាយដែលវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និង វិស័យផ្សេងៗគឺទទួលបានជោគជ័យទាំងអស់៕
Source: Kampuchea Thmey Daily
0 Comments