Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​យក​ទីតាំង​ខេត្ត​ព្រះសីហនុ ដើម្បី​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​ដៃគូ​ពាក់ព័ន្ធ នៅ​ឆ្នាំ ២០២២



កំពង់ស្ពឺ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ពី​ចក្ខុវិស័យ​របស់​សម្តេច​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដោយ​សម្តេច​បាន​បង្ហាញថា ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នឹង​ប្រារព្ធ​នៅ​ទីក្រុង​សៀមរាប​និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​ដៃគូ​ធ្វើឡើង​នៅ​ក្រុងព្រះសីហនុ​។ ​សម្តេច​បាន​លើក​ឡើង​បែបនេះ នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមីនា នេះ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា «​ឥឡូវ​ខ្ញុំ​កំពុងតែ​ស្នើ​ឲ្យ​ក្រុមហ៊ុន​មួយ​របស់​អ្នកវិនិយោគ​ចិន​កសាង​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​ក្រុងព្រះសីហនុ​...​ព្រោះ​ខ្ញុំ​ចង់​ប្រជុំ​អាស៊ាន​និង​ដៃគូ​ពាក់ព័ន្ធ​នៅ​ក្រុងព្រះសីហនុ នា​ចុងឆ្នាំ​២០២២ ចឹ​ង​ទេ​យើង​អាចធ្វើ​ទាន់​»។



សម្តេច​បន្តថា ព្រលានយន្តហោះ​អន្តរជាតិ​កងកេង​អាច​នឹង​ធ្វើ​ទាន់​នៅ​ចុងឆ្នាំ​២០២១ ដោយ​ក្រុមហ៊ុន​វ៉ាំ​ង​ស៊ី​របស់​បារាំង​បាន​អះអាង​ថា ធ្វើ​ទាន់​ដែល​អាច​ឲ្យ​យន្តហោះ​ប្រភេទ​ធំៗ មកពី​ឆ្ងាយ​អាច​ចុះចត​បាន​រាប់ទាំង​យន្ដហោះ​របស់​ប្រធានាធិបតី​អាមេរិក​ក៏​អាចមក​ចុះចត​បាន​ដែរ។ ក៏ប៉ុន្តែ​ក្រុងព្រះសីហនុ​មិនទាន់​មាន​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ទេ អញ្ចឹង​ទេ​ត្រូវ​សហការ​ជាមួយ​ក្រសួងការបរទេស​ដើម្បី​រៀបចំ មជ្ឈមណ្ឌល​នេះ​។

សម្តេច​បាន​បន្ត​ថា ខ្ញុំ​ចង់​ប្រជុំ​អាស៊ាន​នៅ​សៀមរាប​នៅក្នុង​ខែមេសា​ឆ្នាំ​២០២២ ហើយ​នៅ​ពេល​ដែល​ប្រជុំ​អាស៊ាន​និង​ដៃគូ​ពាក់ព័ន្ធ​ គឺ​ធ្វើ​នៅ​ក្រុងព្រះសីហនុ ដើម្បី​ឲ្យ​សៀមរាប​ទទួល​បាន​មួយផ្នែក និង កំពង់សោម​ទទួលបាន​មួយផ្នែក។



សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហើប​ផងដែរ​ថា នាពេលខាងមុខ​នៅ​ភ្នំពេញ​និង​ខេត្តសៀមរាប​នឹង​ត្រូវ​សា​ង​សង់​ព្រលានយន្ដហោះ​ថ្មី ព្រោះថា​ តម្រូវការ​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ ខណៈ​ដែល​ពី​ដើម​អត់​មាន​នរណា​មាន​លុយ​ជិះ​សំបុត្រ​យន្ដហោះ​នោះ​ទេ ប៉ុន្ដែ​ឥឡូវនេះ ភ្នំពេញ​-​សៀមរាប មាន​មនុស្ស​ពេញៗ​។ ចក្ខុវិស័យ​របស់​សម្តេច​គឺ​ចង់​ឲ្យ​មាន​ព្រលានយន្តហោះ​អន្តរជាតិ​មួយទៀត​នៅ​ភូមិភាគ​ឦសាន ប្រទេស​គឺ​វា​អាច​ស្ថិតនៅ​ចន្លោះ​ខេត្តមណ្ឌលគិរី​និង​រតនគិរី​ដើម្បី​ឲ្យ​តំបន់​នោះ​ក្លាយ​ជា​ពោល​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​នៅ​ទិសឦសាន​របស់​ប្រទេស ដែល​ក្នុងនោះ វា​ជា​តំបន់​ក​សិ​-​ឧស្សាហកម្ម ក​សិ​-​ទេសចរណ៍ និង​ផ្នែក​ដទៃទៀត​ដែល​កំពុងអភិវឌ្ឍន៍​នៅ​ទីនោះ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ធ្វើ​បែប​នេះ​គឺ​ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​ពី​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ពេល​នេះ​ឲ្យ​ក្លាយទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​សម្រេច​ចក្ខុវិស័យ​នូវ​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

កម្ពុជា​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ២​ដង​រួចមកហើយ នៅ​រាជធានី​ភ្នំពេញ​គឺ​នៅ​ឆ្នាំ​២០០២ និង​ឆ្នាំ​២០១២​។

នៅក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពាក់ព័ន្ធ​និង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​កំណត់​យក​ខែឧសភា​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ដ្រ។



សម្ដេច​តេ​ជោ​មានប្រសាសន៍ថា «ខ្ញុំ​សូម​ប្រកាសជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ថា ស៊ី​ហ្គេម​ឆ្នាំ ២០២៣ នឹងត្រូវ​ធ្វើ​ក្នុង​ខែឧសភា ឆ្នាំ​២០២៣ ។ ហេតុអ្វី​បានជា​ស៊ី​ហ្គេម​ត្រូវធ្វើ​ក្នុង​ខែឧសភា ឆ្នាំ​២០២៣? ដោយសារ​ខែកក្កដា ឆ្នាំ​២០២៣ គឺ​យើង​ត្រូវធ្វើ​ការបោះឆ្នោត​អញ្ចឹង​ក្រោយ​ការបោះឆ្នោត ក្រែង​មាន​បញ្ហា​នេះ បញ្ហា​នោះ ចឹ​ង​យើង​ធ្វើ​ស៊ី​ហ្គេម​ក្នុង​ខែឧសភា ឆ្នាំ​២០២៣ ដើម្បី​ទុកពេល​សម្រាប់​ការបោះឆ្នោត និង​សម្រាប់​ការរៀបចំ​រាជរដ្ឋាភិបាល​ថ្មី​ដើម្បី​កុំ​ឲ្យ​ស្ទះ​ការងារ​»​។

បន្ថែម​លើ​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បាន​បន្ដ​ថា ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ ក៏​អាច​បម្រើ​ដល់​ការ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ផងដែរ ព្រោះ​ផ្លូវ​នេះ​នឹងធ្វើ​រួចរាល់​ក្នុង​ខែមីនា​ឆ្នាំ​២០២៣។​ ដូច្នេះ​ប្រភេទ​កីឡា​ខ្លះ​ដែល​ត្រូវ​ប្រកួត​នៅ​តំបន់ឆ្នេរ​ពិសេស​ខេត្ត​ព្រះសីហនុ ពួកគេ​អាច​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​បាន ដោយសារ​កីឡា​មិនមែន​ប្រកួត​ត​តែមួយ​កន្លែង​ទេ​គឺ​មាន​ប្រកួត​ច្រើន​កន្លែង​ជាក់ស្ដែង​ដូចជា​កីឡា​ទូកក្ដោង ត្រូវ​ប្រកួត​នៅ​សមុទ្រ មិនអាច​ប្រកួត​តែ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​បានឡើយ​។

គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​ដែលជា​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន ហើយ​តែងតែ​ប្រារព្ធ​ធ្វើឡើង ២​ឆ្នាំ​ម្ដង នឹង​ត្រូវ​រៀបចំ​លើកដំបូង​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា នា​ឆ្នាំ​២០២៣​។ ទន្ទឹម​ជាមួយគ្នា​នោះ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដោយមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី​រួម​ទាំង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ក៏បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ស្វាគមន៍​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu