ភ្នំពេញ ៖ ឈ្មោះ ឡុង សាមាន មានទីលំនៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងជាអតីតជំទប់ទី២ អតីតគណបក្សសង្គ្រោះជាតិ (CNRP) ឃុំអន្លង់ត្នោត ត្រូវបានសមត្ថកិច្ចផ្នែក ផែនការងារ សន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាប់ឃាត់ខ្លួនសួរនាំ ក្រោយពីបុគ្គលនេះ បង្ហោះព័ត៌មានបំភ្លៃការពិត ទាក់ទងកម្មករ កម្មការិនី ចូលរួមសំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ហើយក្រោយពីសួរនាំ ឈ្មោះ ឡុង សាមាន បានអះអាងថា អ្វីដែលគេសរសេរបង្ហោះបំភ្លៃការពិតនេះ គឺជាគោលការណ៍របស់ថ្នាក់លើ (អតីតគណបក្សសសង្គ្រោះជាតិ)។
ឈ្មោះ ឡុង សាមាន អាយុ៣៩ឆ្នាំ ដែលមានកំរិតវប្បធម៌ថ្នាក់ទី១២ និងមានកូនក្នុងបន្ទុកចំនួន៣នាក់ផងនោះ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ការសរសេរព័ត៌មានមិនពិត ហើយបង្ហោះព័ត៌មានតាមហ្វេសប៊ុកនេះ គឺធ្វើឡើងតាមលំនាំរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ (CNRP) គឺលោក Niv Chamroeun II ហើយរូបភាពកម្មករ ដែលបានយកទៅបង្ហោះនោះ គឺកូពីចេញពីហ្វេសប៊ុក មិនមែនជារូបពិត នៅក្នុងសំណេះសំណាលនោះទេ។ ឈ្មោះ ឡុង សាមាន បន្តថា សកម្មភាពបង្ហោះព័ត៌មានតាមហ្វេសប៊ុកបំភ្លៃព័ត៌មាននេះ គេបានធ្វើជាច្រើនលើករួចមកហើយ និងត្រូវបានអាជ្ញាធរអប់រំ ជាច្រើនលើករួចមកហើយ ប៉ុន្តែគេនៅតែបន្តប្រព្រឹត្តរហូតដល់ពេលសមត្ថកិច្ចឃាត់ខ្លួន នាពេលនេះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១០,៦៨៩នាក់ មកពីរោងចក្រសហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ ដែលជំនួបសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ តែអ្វីដែលអស់សំណើចនោះ ខណៈដែលពេលវេលាជំនួបមិនទាន់មកដល់ផង ឈ្មោះឡុង សាមាន បានបង្ហោះព័ត៌មានថា កម្មករដែលត្រូវចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នោះ គឺត្រូវថៅកែបង្ខំឲ្យងើបតាំងពីម៉ោង៣រៀបភ្លឺ ដើម្បីទៅអូសកាតនៅរោងចក្រ ហើយត្រូវដើរចំងាយជាង១គីឡូម៉ែត្រ ធ្វើឲ្យអត់ងងុយ ហើយបើកម្មករណាមិនចូលរួមពិធីសំណេះសំណាលនោះ នឹងត្រូវកាត់ប្រាក់ខែជាដើម។
តាមចម្លើយសារភាពរបស់ឈ្មោះ ឡុង សាមាន អ្វីដែលគេបានសរសេរ និងបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក គឺគេទទួលបានពីវិទ្យុអាស៊ីសេរី និងវីអូអេ ជាដើម។ ឈ្មោះ ឡុង សាមាន បានបញ្ជាក់យ៉ាងនេះថា “ខ្ញុំមិនបានដឹងព័ត៌មានទាំងនោះពិតប្រាកដទេ ខ្ញុំគ្រាន់តែលឺតាមវិទ្យុអាស៊ីសេរី, VOA និងតាមបណ្តាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments