Ad Code

រដ្ឋមន្ត្រី​សុខាភិបាល​ ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ពងបែក​ដៃជើង​និង​មាត់​នៅក្នុង​រដូវក្តៅ​នេះ



​ភ្នំពេញ ៖ លោក​សាស្ត្រាចារ្យ ម៉ម​ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ពងបែក​ដៃជើង​និង​មាត់​ ខណៈ​ក្រសួង​បាន​រក​ឃើញ​ការ​កើនឡើង​នៃ​ករណី​ជំងឺ​នេះ​នៅ​លើ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ និង​ ករណី​ខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​តម្រូវ​សំរាក​នៅ​មន្ទីរពេទ្យ​កុមារ​ដើម្បី​សង្គ្រោះបន្ទាន់ នៅក្នុង​អំឡុងពេល​នៃ​ការកើនឡើង​កំដៅ​នេះ​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​បាន​លើក​ឡើង​នៅក្នុង​សេចក្តី​ជួន​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩​ឲ្យ​ដឹង​ថា «គ្រប់ៗ​គ្នា ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​ពងបែក ដៃ ជើង និង​មាត់ នៅ​ពេល​ដែល​អាកាសធាតុ​ក្តៅ ឡើង​ក្តៅ​ខ្លាំង​នេះ តាមរយៈ​ការ​រក្សា​អនាម័យ​ឲ្យ​បាន​ល្អ ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក​ឲ្យ​បាន​ញឹកញាប់ ទាំង​កុមារ​និង​អ្នក​ថែទាំ​កុមារ ។ បើ​កុមារ​ឬ​ទារក​មាន​សញ្ញា​គ្រោះថ្នាក់​ដូចជា សន្លឹម ប្រកាច់ ឬ កន្ត្រាក់​ដៃជើង ឬ​រោគសញ្ញា​ផ្លូវដង្ហើម (​ហត់​) ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត »។



ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ជំងឺ​ពងបែក​ដៃ ជើង និង​មាត់ គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​កើតឡើង ញឹកញាប់ ចំពោះ​ទារក និង កុមារ​។ វា​បង្ក​ឲ្យ​មាន​រោគសញ្ញា គ្រ​ន​ក្តៅ មាន​ដំបៅ​ឈឺ​ក្នុង​មាត់ និង មានព​ងក​ន្ទូ​ល លើ​បាតដៃ បាតជើង និង កំ​ប៉ះ​គូទ​។ វា​កើតមាន​នៅក្នុង​ប្រទេស​ជាច្រើន​ពេញ​ទូទាំង​ពិភពលោក​។

ជំងឺ​ពងបែក ដៃជើង និង​មាត់​នេះ ភាគច្រើន​ជា​ជំងឺ​ស្រាល ហើយ​អ្នកជំងឺ ស្ទើរតែ​ទាំងអស់​ជាសះស្បើយ​ក្នុង​រយៈ​ពី ៧​ថ្ងៃ ទៅ​១០ ថ្ងៃ ដោយ​ពុំ​ចាំបាច់​មានការ​ព្យាបាល ហើយ​កម្រ​មាន​ផលវិបាក​ណាស់ អ្នកជំងឺ​ត្រូវ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន ហើយ​អ្នកជំងឺ​អាច​ត្រូវការ ថ្នាំ​បញ្ចុះ​កំដៅ និង​ថ្នាំ​បំបាត់​ការឈឺចាប់ ដែល​បណ្តាល​មក​ពី​ពងបែក​ក្នុង​មាត់​។ ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ថ្នាំ អាស្ពីរីន (aspirin) ដើម្បី​បញ្ចុះ​កំដៅ​ឡើយ​។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ដដែល​បាន​ឲ្យ​ដឹង​ថា ជា​កម្រ ជំងឺ​ពងបែក ដៃ ជើង និង​មាត់ អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​មួយចំនួន រួមមាន រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ​(​សន្លឹម ប្រកាច់ ឬ កន្លាក់ដៃ​ជើង​) និង​រោគសញ្ញា​ផ្លូវដង្ហើម (​ហត់​)​។ អ្នកជំងឺ​ដែល​មាន​ផលវិបាក ធ្ងន់ធ្ងរ ត្រូវ ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត។

ជំងឺ​ពងបែក ដៃ ជើង និង​មាត់ អាច​ឆ្លង ពី​មនុស្ស​ម្នាក់​ទៅ មនុស្ស​ម្នាក់ទៀត ដោយ​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​វត្ថុ​រាវ នៃ​ផ្លូវដង្ហើម (​ទឹកមាត់ កំហាក និង​សំបោរ​) ទឹករងៃ ដែល​ចេញពី​ពងបែក លាមក នៃ​អ្នកជំងឺ​ហើយ អ្នកជំងឺ​អាច​ចំលង ខ្លាំង​បំផុត​ក្នុង​សប្តាហ៍​ទីមួយ​តែ​ជំងឺ​នេះ​មិន​ឆ្លង​ពី​មនុស្ស​ទៅ​សត្វ​ ឬ​ ពីស​ត្វ​មក​មនុស្ស​ឡើយ។



ក្រសួងសុខាភិបាល​បាន​ណែនាំ​ថា​ ជំងឺ​នេះ​អាច​ការពារ​បានការ​ឆ្លង ដោយ​ការអនុវត្ត អនាម័យ​ល្អ និង​ការ​យក​កូន​ទៅ​ពេទ្យ​ទាន់ពេល ប្រសិនបើ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។ អ្នក​ត្រូវ​លាងដៃ​កុមារ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​ទឹក​និង​សាប៊ូ ឬ​ជាមួយ​ទឹក​អាល់កុល ជាពិសេស​ក្រោយ​ប៉ះ​ពងបែក ឬ ដំបៅ មុន​ពេល​រៀបចំ​អាហារ មុនពេល​បរិភោគ មុន​បញ្ចុក ចំណី​ដល់​ទារក ឬ កុមារ ក្រោយ​ប្រើប្រាស់​បង្គន់​អនាម័យ និង​ក្រោយ​ប្តូរ​ទ្រនាប់ គូទ​ទារក ឬ​ជូត​សំអាត​រាងកាយ​កុមារ​។ លាង​សំអាត​ផ្ទៃ​និង របស់​ដែល​ប្រឡាក់​ដោយ​ទឹក​និង​សាប៊ូ​។ ជៀសវាង​ការ​ប៉ះពាល់​ស្និទ្ធស្នាល (​ថើប អោប ប្រើប្រាស់​សម្ភារ​សំរាប់​ហូបចុក រួមគ្នា​។​ល​។​)

ជាមួយ​កុមារ​ ដែលមា​ន​ជំងឺ​ពងបែក ដៃ ជើង និង​មាត់ អាច​កាត់បន្ថយ​ការឆ្លង​ផងដែរ​។​ ផ្តល់​អាហារ​ដែល​មាន​ជីវជាតិ​ច្រើន និង​ទឹកស្អាត​ដល់​កុមារ ប្រើ​ស្លាបព្រា និង​បាន​ដាច់ដោយឡែក​សម្រាប់​កុមារ​នីមួយៗ​។

ក្រសួងសុខាភិបាល និង​បន្តធ្វើ​ការ​ជូនដំណឹង​ដល់​សាធារណជន អំពី​ការវិវត្តន៍​នៃ​បញ្ហា​សុខភាព​តាម​គេហទំព័រ​របស់​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង www.cdcmoh.gov.kh និង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu