រតនគិរី ៖ លោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចូលរួមអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិ៨ មីនា ក្រោមប្រធានបទ (លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស) ដែលត្រូវបានមេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។ ក្នុងពិធីនេះ មានការចូលរួមពីមេបញ្ជាការរង និងនាយការិយាល័យជាច្រើនរូបទៀតផងដែរ។
លោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៍សម្ដែងនូវការគាំទ្រទាំងស្រុងនូវប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដែលក្រសួងកិច្ចការនារីបានដាក់ចេញក្នុងឆ្នាំ២០១៩ ក្នុងគោលបំណងរំលេចពីតម្លៃ នៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស និងស្ត្រី ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព។
លោកបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់បង្កើតឡើងនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាតិជាក់លាក់ ក្នុងការលើកកម្ពស់ សមភាពសមធម៌យេនឌ័រ និងការអភិវឌ្ឍធនធានមនុស្សនៅគ្រប់ក្រសួងស្ថាប័ន ដែលធនធានទាំងនោះ បាននិងកំពុងខិតខំយកចិត្តដាក់សហការអនុវត្តតាំងថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងយុវវ័យ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចជាតិ ការរក្សានូវសន្តិសុខ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម។
បន្ទាប់មក លោកឧត្ដមសេនីយ៍បានប្រគល់នៅគ្រឿងបរិភោគ និងថវិកាមួយចំនួនជូនដល់នាយអាវុធហត្ថនារីចំនួន៥នាក់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments