កណ្តាល ៖ ជនរកស៊ីជួញដូរថ្នាំញៀនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ កាលពីម៉ោង៣រសៀល នៅចំណុច ភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីរកឃើញថ្នាំញៀនចំនួន១៧កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ឈ្មោះ ទិត្យ ចាន់ធឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរ មិនពិតប្រាកដ រកស៊ីជួញដូរថ្នាំញៀន មានទីលំនៅភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានមានប្រសាសន៍ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើង បន្ទាប់ពីកម្លាំងជំនាញរបស់លោកបានធ្វើការចុះស្រាវជ្រាវតាមភូមិ បានទទួលព័ត៌មានថា មានមុខសញ្ញាជនសង្ស័យម្នាក់ ខាងលើ តែងតែបានធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងភូមិពោធិរ៉ាល (ចំណុចកើតហេតុ)។
លោកបានបន្តថា ក្រោយពីទទួលបានព័ត៌មាននេះរួចមក កម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំបាត បានចុះទៅឃ្លាំមើលកន្លែងកើតហេតុបានសង្កេតឃើញមានសកម្មភាព ក្រុមក្មេងស្ទាវៗ ជិះម៉ូតូចេញចូលនៅចំណុចផ្ទះកើតហេតុនោះ ទំនងជាទៅទិញថ្នាំពីជនសង្ស័យមែនទើបកម្លាំងសមត្ថកិច្ចលោកបានរៀបចំកម្លាំងបង្ក្រាបតែម្តង។
នៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទិត្យ ចានធឿន និងរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៧កញ្ចប់(ក្នុងនោះមានកញ្ចប់តូចចំនួន១៥ និងកញ្ចប់ធំចំនួន២) ដែលគេបានលាក់ទុកនៅក្នុងដបជ័រមួយជាវត្ថុតាង និងម៉ូតូ១គ្រឿង ដែលគេជិះធ្វើសកម្មភាពម៉ាកស្មាស់ ពាក់ស្លាកលេខភ្នំពេញ1CU.5859 រួមទាំងលុយកាក់មួយចំនួនផងដែរ។
ជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចថា ថ្នាំញៀនដែលខ្លួនយកមកលក់ឲ្យគេនៅពេលនេះ គឺខ្លួនបានទិញពីជនជាតិយួនម្នាក់ ឈ្មោះ ថាយ៍ នៅសង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ ដើម្បីយកមកលក់បន្ត។
ជនជាប់ចោទ ប៉ូលិស កំពុងសួរនាំកសាងឯកស្រាវជ្រាវបន្ត និងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ តាមគោលការណ៍របស់រាជរដ្ឋាភិបាល៕
Source: Kampuchea Thmey Daily
0 Comments