Ad Code

កីឡាករ សុក សំណាង អាច​ត្រឡប់​មក​ហ្វឹកហាត់​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​វិញ​ហើយ



ខ្សែបម្រើ​ស្លាប សុក សំណាង អាច​វិល​ត្រលប់​មកលើ​ទីលាន​ជួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) វិញ​បាន​ហើយ​ក្រោយ​សម្រាក​ប្រមាណ​វះកាត់​និង​ព្យាបាល​ជាង​៥​ខែ​ដោយសារ​បញ្ហា​របួស​ឆ្អឹង​ស្មងជើង​ខាងស្តាំ​ដែលជា​របួស​ចាស់ ដែល​កើត​លើ​រូបគេ​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​។



​យោងតាម​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង បាន​បញ្ជាក់​ថា ​កីឡាករ​រូបនេះ​បានបង្ហាញ​ខ្លួន​ក្នុង​ជំនួប​យកឈ្នះ​ក្លិប អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​លទ្ធផល ៧​ទល់​១ កាលពី​ថ្ងៃ ២០ កុម្ភៈ កន្លងទៅ ស្រប​ពេលដែល​ការ​បញ្ជាក់​របស់​ពេទ្យ​ក្លិប​ផ្ទាល់​ថា​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ ត្រូវការ​ពេល​សម្រាក​ព្យាបាល​បន្ថែម​ដោយសារតែ​ទើបតែ​ជា​បានត្រឹមតែ​៨០ ភាគរយ បូករួម​ទាំង​ការ​ហ្វឹកហាត់​កម្លាំង​ឲ្យ​ដូចដើម​វិញ​។



សូម​រំលឹក​ថា ​បញ្ហា​របួស​នេះ​តម្រូវ​ឲ្យ​កីឡាករ សុក សំណាង ត្រូវ​ចេញទៅ​ពិនិត្យ​តាមដាន ព្យាបាល​និង​វៈ​កាត់​របួស​របស់​ខ្លួន​នៅ​ប្រទេស​វៀតណាម ដែល​ចាយ​ពេល​រហូតដល់​ទៅ​៥​ខែ ហើយ​អវត្តមាន​របស់​កីឡាករ​រូប​នេះ​លើ​ទីលាន​ធ្វើ​ឲ្យ​គេ​បាត់បង់​ឱកាស​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផង បាត់​ឱកាស​ក្នុង​ការជួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ឆ្នាំ​២០១៨​ផង​។

​គេ​ចាំ​បាន​ថា​កីឡាករ សុក សំណាង ត្រូវបាន​លោក សំ វ៉ាន់​ដេ​ត បានដាក់​ចូល​បញ្ជី​ក្រុម​ធំ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ឆ្នាំ​២០១០ ក្រោយ​បង្ហាញខ្លួន​បានល្អ​នៅក្នុង​ក្រុមយុវជន​ថ្នាល ហើយ​កីឡាករ​រូបនេះ​ធ្លាប់ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម​ឈ្នះ​បាន​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ២០១៣ និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១១,២០១២,២០១៥ និង​២០១៧ នេះ​ផងដែរ​។ កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ក៏​ធ្លាប់​កោះហៅ​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ផងដែរ​ទាំង​ឈុត​យុវជន​និង​ឈុត​ធំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu