ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ មានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី វេង សាខុន អមដោយលោកស្រី ម៉ក់ ស៊ីថា និងលោកាស្រី ស៊ីវណ្ណ បុទុម រដ្ឋលេខាធិកាក្រសួងកិច្ចការនារី រួមនិងថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាយ៉ាងច្រើនកុះករ។
ជាកិច្ចចាប់ផ្តើម លោកស្រី ស៊ីវណ្ណ បុទុម និងលោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងចំណាប់អារម្មណ៍ពីរផ្សេងគ្នា ប៉ុន្តែមានអត្ថន័យតែម្យ៉ាងគឺចូលរួមអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ជូនបងប្អូននារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសស្ត្រីដែលជាមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្ញើសារសំខាន់ៗមួយចំនួនទៀតដែលទាក់ទងនឹងប្រវត្តិទិវានារីអន្តរជាតិ ការលើកកម្ពស់សិទ្ធិស្ត្រី និងយេនឌ័រ ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសង្គម នយោបាយ មនុស្សធម៌ និងការអភិវឌ្ឍ និងការលះបង់គ្រប់បែបយ៉ាងក្នុងការបំពេញតួនាទីជាម្តាយ ជាភរិយា និងជាមេគ្រួសារដ៏ល្អ។ល។
ស្ថិតក្នុងបរិយាកាសសប្បាយរីករាយដែលស្ត្រីគ្រប់រូបកំពុងតែទទួលនាពេលនេះ ក្នុងនាមក្រសួង រូបលោកផ្ទាល់ និងភរិយា លោករដ្ឋមន្ត្រីបានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយដែលបានចូលរួមក្នុងពិធីនេះ។ ពិធីនេះ ពិតជាបានឆ្លើយតបទៅនឹងកាយវិការដ៏រស់រវើករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកខ្ពស់បំផុតក្នុងការការពារផលប្រយោជន៍ សិទ្ធិ និងលើកកម្ពស់តម្លៃនារីខ្មែរយើងដែលធ្លាប់មានប្រវត្តិតាំងពីយូរអង្វែងរៀងរហូតមកដល់ពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ តាមរយៈលោក ស៊ីវណ្ណ បុទុម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹក គោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងពរជ័យបវរប្រសើរពីសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសសម្ដេចព្រះមហាត្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីស្ត្រីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះបងប្អូននារីគ្រប់ជាន់ថ្នាក់ដែលមានវត្តមាននៅទីនេះ និងបងប្អូននារីទាំងអស់នៅទូទាំងប្រទេសផងដែរ។
ឆ្លៀតយកឱកាសដ៏វិសេសវិសាលនេះ លោក រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាប្រធានបទមួយមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការជួយលើកកម្ពស់តម្លៃ សមភាពយេនឌ័រឲ្យមានសក្តានុពលថែមទៀតទាំងសិទ្ធិនិងអំណាចក្នុងការបំពេញតួនាទីបម្រើឲ្យសង្គមជាតិ និងប្រជាជន ហើយវាពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានតម្កល់ “មនុស្ស” ជាអាទិភាពទី១ នៅលើគេគឺ មនុស្ស ផ្លូវ ភ្លើង និងទឹក ស្របទៅនឹងប្រធានបទជាអាទិភាពរបស់គណៈកម្មការស្តីពីស្ថានភាពស្ត្រីលើកទី៦៣ ផងដែរដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅថ្ងៃទី១១-២២ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ ប្រព័ន្ធគាំពារសង្គម ការទទួលបានសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដើម្បីសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិ និងអំណាចដល់ស្ត្រីនិងក្មេងស្រី និងទិវាអន្តរជាតិ ២០១៩ ជាសាកលក្រោមប្រធានបទ “គិតស្មើគ្នា ស្ថាបនាដ៏ឈ្លាសវៃ នវានុវត្តន៍សម្រាប់ការផ្លាស់ប្តូរ”។
បច្ចុប្បន្ននេះ ក្នុងខណៈដែលកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខ រាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ គោលនយោបាយ និងយន្តការជាតិជាច្រើន ដើម្បីបន្តលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈនិងតួនាទីរបស់ស្ត្រីឲ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយសមធម៌ និងសមភាពយេនឌ័រជាមួយបុរស យកចិត្តទុកដាក់ឲ្យតម្លៃស្ត្រីថាជាកម្លាំងដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ និងដើម្បីលើកកម្ពស់គុណសម្បត្តិស្ត្រី សិទ្ធិ និងសមភាពយេនឌ័រ លោក រដ្ឋមន្ត្រីបានផ្តាំផ្ញើឲ្យលោកថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួងមេត្តាយកចិត្តទុកដាក់អនុវត្តឲ្យបានល្អប្រសើរនូវចំណុចសំខាន់ៗជាបន្តបន្ទាប់ដូចតទៅទៀត៕
Source: Kampuchea Thmey Daily
0 Comments