Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ៖ មួយ​ជីវិត​របស់ខ្ញុំ​នេះ​ធ្វើ​តែ​ការងារ​មនុស្សធម៌ មិនមែន​ជា​ការធ្វើ​ប្រជាភិថុតិ​នោះទេ



ភ្នំពេញ ៖ ក្នុងឱកាស​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា ដែល​ជា​ថ្ងៃ​ឈប់សម្រាក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ឆ្លៀត​ទៅ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​និង​ពិសា​អាហារ​ជាមួយ​កម្មករ​ធាក់​ស៊ីក្លូ​ចំនួន​៣២០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ នា​ព្រឹក​ថ្ងៃទី​៨​មីនា​។ នៅ​ចំពោះមុខ​កម្មករ​ធាក់​ស៊ីក្លូ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ចំពោះ​បងប្អូន​កម្មករ​ធាក់​ស៊ីក្លូ ដោយ​សម្តេច​លើកឡើងថា​ កិច្ច​ការដែល​ត្រូវធ្វើ​បន្ត​សង្គម​ត្រូវ​មើល​ឲ្យ​ឃើញ​ដោយ​មិន​ទុក​ឲ្យ​អ្នកណាម្នាក់​នៅ​ឃ្លាតឆ្ងាយ​ពី​យើង​នោះទេ​។



សម្តេច​តេ​ជោ​បន្ត​ថា ​នេះ​មិនមែន​ជា​ការធ្វើ​ប្រជាភិថុតិ​នោះ​ទេ​ តែ​ជា​ការងារ​មនុស្សធម៌​ដែល​សម្តេច​បានធ្វើ​វា​រយៈពេល​ជាង ៣០ឆ្នាំ​កន្លង​មក​ហើយ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​កោត​សរសើរ​និង​រីករាយ​ចំពោះ​ស្មារតី​ដ៏​សកម្ម​របស់​កម្មករ​ធាក់​ស៊ីក្លូ​ទាំងអស់។ សម្តេច​សង្ឃឹមថា​អ្វីដែល​ត្រូវ​បន្តទៅទៀត​នោះ​គឺ​សង្គម​ត្រូវ​មើល​ឲ្យ​ឃើញ​ដោយ មិន​ត្រូវ​ទុកចោល​អ្នកណាម្នាក់​នៅ​ឃ្លាតឆ្ងាយ​ពី​យើង​នោះទេ​។

សម្តេច​តេ​ជោ​ក៏បាន​ធ្វើ​រិះគន់​ចំពោះ​មនុស្ស​មួយ​ដែល​បានចាត់ទុក​សកម្មភាព​របស់​សម្តេច​ថា​ជាការ​ធ្វើ​ប្រជាភិថុតិ​ដោយ​សម្តេច​បាន​មានប្រសាសន៍​ថា «​ពិត​ហើយ​មាន​អ្នកខ្លះ​ថា​ ខ្ញុំ​ធ្វើ​ប្រជាភិថុតិ​តើ​គេ​បានឃើញ​ខ្ញុំ​ធ្វើ​ប្រជាភិថុតិ​របៀប​ណា​ទៅ​បើ​ក្នុង​មួយ​ជីវិត​របស់ខ្ញុំ​ចាប់ពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ បានធ្វើ​កិច្ចការ​មនុស្សធម៌​រហូត​មក ហើយ​មិនមែន​ធ្វើ​ដោយ​ឆក់​កណ្តៀត​នោះ​ទេ តែ​គឺ​ធ្វើជា​ទៀងទាត់​ដោយ​បង្កើត​ជា​មូលនិធិ​សម្រាប់​ការធានារ៉ាប់រង​ក្នុង​រយៈពេល​វែង​»​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ក្នុង​ភាពច្បាស់លាស់​និង​ដោយ​សត្យានុម័ត​ផងដែរ​ថា មូល​និ​ធិ​នេះ​ក៏​អាច​បាត់បង់​ទៅវិញ​ផង​ដែរ ​ប្រសិនបើ​សម្តេច​មិន​ត្រូវ​បាន​ប្រជាពលរដ្ឋ​គាំទ្រ​និង​បោះឆ្នោត​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​នោះ​។ ក៏ប៉ុន្តែ​បើ​សម្តេច​នៅតែ​ជា​នាយករដ្ឋមន្ត្រី​គឺ​មូលនិធិ​នេះ​នៅតែ​ត្រូវ​បន្ត​ទៀត​ជា​រៀងរហូត​។

​ជាមួយ​ការទទួលខុសត្រូវ​ចំពោះ​សង្គម​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​សម្តេច​បាន​ទ​ទួល​រ៉ាប់​រង់ ចំពោះ​មជ្ឈមណ្ឌល​កុមារកំព្រា កុមារ​គ​ថ្លង់ និង ទីកន្លែង​ជាច្រើន​ទៀត​ដ៏​ធំ​ក្នុង​រយៈកាល​រាប់​សិប​ឆ្នាំ​រួច​មក​ហើយ​។ សម្តេច​តេ​ជោ​បាន​បន្ត​ថា​ នៅ​ថ្ងៃអាទិត្យ​នេះ​សម្តេច​ត្រូវ​ទទួល​រ៉ាប់រង​មណ្ឌល​ពិសេស​មួយ នោះ​គឺជា​ទីកន្លែង​មួយ​ដែល​ក្មេងស្រី​បានទទួល​រង​នូវ​ការរំលោភបំពាន​ផ្លូវភេទ​ពី​ឪពុក​បង្កើត ពី​ជីតា​បង្កើត​របស់​ពួកគេ​និង​ពី​អ្នក​ដទៃទៀត។ ដូច្នេះ​សម្តេច​អាច​ជួយ​កសាង​អគារ​ស្នាក់នៅ​សម្រាប់​ពួកគេ និង ផ្គត់ផ្គង់​ការរស់នៅ​របស់​ពួកគេ បើទោះបីជា​អង្គការ​នៅក្រៅ​ប្រទេស​មិន​ផ្តល់​ការ​ទ្រទ្រង់​ដល់​មណ្ឌល​នេះ​ក៏ដោយ​។ សម្តេច​បន្ត​ថា ​សម្តេច​និង​ភរិយា​នឹង​ចូលរួម​ធ្វើ​កិច្ចការងារ​មួយ​នេះ​ដើម្បី​កាត់បន្ថយ​ការឈឺចាប់ និង បង្កើត​នូវ​ការ​បណ្តុះបណ្តាល​សម្រាប់​ចៅៗ​កូនៗ​ទាំងឡាយ​ដែល​រងគ្រោះ​ដោយសារ តណ្ហា​បិសាច រឿង​នេះ​ជា​រឿង​មួយ​ដ៏​អកុសល​បំផុត​។



​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សង្ឃឹមថា​ សង្គមជាតិ​រប​ស់​យើង​នឹង​អនុវត្ត​នូវ​ស្មារតី​នៃ​ការ​ចែករំលែក​ ដើម្បី​ឲ្យ​ប្រទេស​របស់​យើង​ក្លាយទៅជា​ប្រទេស​ដែល​មាន​វប្បធម៌​ស្រឡាញ់​រាប់អាន​ដោយ​មិន​មាន​អ្នកណា​មើលងាយ​គ្នា​ក្នុង​ឋានៈ​ជា​មនុស្ស​ដូចគ្នា​នោះទេ​។ អ្នកមាន​អ្នកក្រ​មាន​តម្រូវការ​ដូចគ្នា ដូច្នេះ​ដោយសារ សេចក្តីស្រឡាញ់​ដោយសារ​ការយល់ និង ដោយ​ខ្លួន​ធ្លាប់មាន​ការលំបាក បានជា​ខ្ញុំ​ត្រូវខិតខំ​ជាមួយ​កិច្ចការ​ទាំងឡាយ​ម្ខាង​គឺ​រាជរដ្ឋាភិបាល​ត្រូវអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​ជាក់លាក់ និង ម្ខាង​ទៀត​ខ្ញុំ​ត្រូវតែ​ធ្វើ​នៅក្នុងនាម​ជា​សប្បុរសជន​ម្នាក់​ដែល​រួមជាមួយ​សប្បុរសជន​ដទៃទៀត​ដើម្បី​បង្កើន​នូវ​ស្ថានភាព​ដ៏​ល្អប្រសើរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ទៅកាន់​បងប្អូន​ជា​កម្មករ​ធាក់​ស៊ីក្លូ​ទាំងអស់​ឲ្យ​ជឿជាក់​ទៅលើ​អ្វី​ដែលជា​ការ​ប្ដេជ្ញាចិត្ត​រួមគ្នា​របស់​សម្តេច យ៉ាងហោចណាស់​សម្តេច​នឹង​បន្ត​ក្នុង​រយៈពេល ១០ ឆ្នាំ​ទៀត​ដើម្បី​រួមរស់​ជាមួយ​បងប្អូន​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​បាន​មានប្រសាសន៍ថា នៅពេល​ចាប់ផ្ដើម​ដំណើរការ​សមាគម មាន​សមាជិក​សកម្ម​ដែលជា​អ្នក​ប្រកប​របរ​ធាក់​ស៊ីក្លូ​សរុប​ចំនួន​៣២៣​រូប ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​សមាគម​នៅសល់​សមាជិក​សកម្ម​ត្រឹមតែ ៣២០ រូប​តែប៉ុណ្ណោះ​ដោយ​មូលហេតុ សមាជិក​ចំនួន ០៣ រូប បានទទួល​មរណភាព​ដោយ​ជរាពាធ និង​រោគាពាធ​ក្រោយ​ការប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មូលនិធិ​ស៊ីក្លូ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី សមាគម​បាន​ផ្ដល់ជូន​សមាជិក​ស​កម្ម​នូវ​អត្ថប្រយោជន៍​ជាច្រើន​ស្របតាម​លក្ខន្តិកៈ​និង​បទបញ្ជាផ្ទៃក្នុង​របស់​ស​មា​គម​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​ក្នុងនោះ​សមិទ្ធផល​សំខាន់ៗ​គួរ​កត់សម្គាល់​រួមមាន បានផ្ដល់​ឯកសណ្ឋាន​ជូន​សមាជិក​នីមួយៗ​ចំនួន ០២ កំ​ប្លេ បានធ្វើ​កាត​សម្គាល់​សមាជិក និង​បាន​សហការ​ជាមួយ​ធនាគារ​វី​ង (Wing) ដើម្បី​បោះ​ពុម្ព​កាត​គណនី​ផ្ទាល់ខ្លួន​សម្រាប់​បើក​ផ្ដល់​ថវិកា​ឧបត្ថម្ភ​ប្រចាំថ្ងៃ​ចំនួន ៧.០០០៛ (​ប្រាំពីរ​ពាន់​រៀល​)​ក្នុង​មួយថ្ងៃ​ស្មើនឹង ២១០.០០០៛ (​ម្ភៃ​មួយ​ម៉ឺន​រៀល​) ក្នុង​មួយ​ខែ​ដោយ​បាន​បញ្ចូល​ជា​ស្វ័យប្រវត្តិ​រៀងរាល់​១០​ថ្ងៃ​ម្ដង ជា​ទៀងទាត់ ធ្វើ​ឲ្យ​សមាជិកសមាគម​មាន​ភាព​ងាយស្រួល​ក្នុងការ​ទទួលបាន​ប្រាក់ឧបត្ថម្ភ។ បាន​បើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ឆ្នាំ​២០១៨ កន្លង​ទៅជូន​សមាជិក​របស់​សមាគម​ក្នុង​ម្នាក់ៗ​ចំនួន ៥០.០០០៛ (​ប្រាំ​ម៉ឺន​រៀល​)​។​បាន​បើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៨ កន្លងទៅ ជូន​សមាជិក​របស់​ស​មា​គម ក្នុង​ម្នាក់ៗ​ចំនួន ៥០.០០០៛ (​ប្រាំ​ម៉ឺន​រៀល​)​។​បាន​បើក​ផ្ដល់​ថវិកា​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​សមាជិក ដែល​បានទទួល​មរណភាព​ចំនួន ០៣ រូប ក្នុងនោះ គ្រួសារ​សព​ទទួលបាន​ថវិកា​ចំនួន ១.០៥០.០០០៛ (​មួយ​លាន​ហាសិប​ពាន់​រៀល​)​ស្របតាម​គោលការណ៍​កំណត់​របស់​សមាគម​។ បានផ្ដល់​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ជូន​សមាជិកសមាគម​ទាំងអស់ ដើម្បី​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព​នានា​ដោយ​ឥតគិតថ្លៃ ។ បានរៀបចំ​ក្រុមការងារ​ចុះសាកសួរ​សុខទុក្ខ និង​ផ្ដល់​ថវិកា​ឧបត្ថម្ភ​បន្ថែម​ដល់​សមាជិកសមាគម ដែល​រងរបួស​ក្នុងពេល​បំពេញការងារ និង​ត្រូវ​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​។ បានរៀបចំ​កែ​ហ្វ្រាំង​ស៊ីក្លូ​ដែល​កន្លងមក​បាន​កែច្នៃ​ខុស​ទម្រង់​ដើមពី​ការចាប់​ខាងក្រោយ​មក​ចាប់​ខាងមុខ​វិញ​ដើម្បី​អភិរក្ស​ទម្រង់​ដើម​នៃ​ស៊ីក្លូ​បានរៀបចំ​ដំឡើង​ស្លាក​លេខ​សម្គាល់​ស៊ីក្លូ​ជូន​សមាជិក​ទាំងអស់។



ចំពោះ​ប្រភព​ថវិកា​របស់​សមាគម ក្នុង​ឆ្នាំ​២០១៨ សមាគម​បាន​ទទួល​ថវិកា​វិភាគទាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន ៥០០​លាន​រៀល ជាការ​ឧបត្ថម្ភ​ដំបូង​និង​២៤​ម៉ឺន​ដុល្លារ​ប្រចាំឆ្នាំ​ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកតំណាងរាស្ត្រ អ្នកឧកញ៉ា លោក​ឧកញ៉ា និង​រូបលោក​ផ្ទាល់ សរុប​ថវិកា​ទទួល​បាន​មាន​ចំនួន ៥៧០.០០០.០០០៛ (​ប្រាំ​រយ​ចិតសិប​លាន​រៀល​) និង ៤៩៦.០០០ដុល្លារ (​បួន​រយ​កៅសិប​ប្រាំមួយ​ពាន់​ដុល្លារ​អាមេរិក​)។

លោក​អភិបាល​រាជធានី​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ឆ្នាំ​២០១៩ នេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​បន្ត​ផ្ដល់​ថវិកា​វិភាគទាន​ប្រចាំឆ្នាំ​ចំនួន ២៤​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​និង​ទទួលបាន​ការចូលរួម​ពី​សប្បុរសជន សរុប​ថវិកា​ទទួលបាន​បឋម​មាន​ចំនួន ៤០.០០០.០០០៛ (​សែសិប​លាន​រៀល​) និង ៤៤០.០០០ដុល្លារ (​បួន​រយ​សែសិប​ពាន់​ដុល្លារ​អាមេរិក​)​។

ជាមួយនឹង​ថវិកា​ដែល​ទទួលបាន​មកទល់​ពេលនេះ​ សមាគម​បាន​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​សមាជិក​និង​ចំណាយ​រដ្ឋបាល​ទូទៅ​សរុប​អស់​ថវិកា​ចំនួន ១.០៩៥.៩៥៩.២០០៛ (​មួយ​ពាន់​កៅសិប​ប្រាំ​លាន ប្រាំបួន​រយ​ហាសិប​ប្រាំបួន​ពាន់ ពីរ​រយ​រៀល​)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu