នៅថ្ងៃទី០៨ ខែមីនានេះ ក្លិបកីឡាបាល់ទាត់វិសាខា សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការរយៈពេល ៣ឆ្នាំជាមួយក្រុមហ៊ុនផលិតផលបម្រើដល់សុខភាព STARBALM ។ ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅកីឡដ្ឋានវិសាខា ដោយមានការចូលរួមពីលោក ឈួរ ម៉េងតុង អគ្គលេខាធិការក្លិបកីឡាបាល់ទាត់ វិសាខា និងលោក Dick Van Tintelen ប្រធានក្រុមហ៊ុន STARBALM រួមទាំងកីឡាកររបស់ក្លិបកីឡាបាល់ទាត់វិសាខាផងដែរ ។
លោក ឈួរ ម៉េងតុង តំណាងលោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា បានសម្ដែងការស្វាគមន៍ និងរីករាយជាខ្លាំង ចំពោះក្រុមហ៊ុន STARBALM ដែលបានសហការឧបត្ថម្ភដល់ក្លិប ដើម្បីរួមចំណែកជួយសម្រួលដល់កីឡាករ ពេលមានបញ្ហារបួស និងមានបញ្ហាសាច់ដុំជាដើម។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោកសង្ឃឹមថា ក្លិបកីឡាបាល់ទាត់ វិសាខា នឹងកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ។
ចំណែកលោក Dick Van Tintelen បានមានប្រសាសន៍ថា ការចាប់ដៃគូឧបត្ថម្ភដល់ក្លិបកីឡាបាល់ទាត់វិសាខាពេលនេះ ដោយសារក្រុមហ៊ុនជឿជាក់លើក្លិប ដែលបានសម្រេចនូវសមិទ្ធផលល្អៗជាច្រើន ក៏ដូចជាការកំណត់គោលដៅដ៏ច្បាស់លាស់ នារដូវកាលថ្មី។ ដូច្នេះលោកជឿជាក់ថា ការឧបត្ថម្ភនេះ ក៏នឹងក្លាយជាផ្នែកមួយ ដើម្បីជួយឲ្យក្លិបកីឡាបាល់ទាត់វិសាខាសម្រេចគោលដៅ ពិសេសការជួយសម្រួលដល់កីឡាករ ដែលត្រូវប្រើប្រាស់កម្លាំង និងសាច់ដុំខ្លាំង ជាមួយនឹងផលិតផលស្ដង់ដារនេះ ។
គួរបញ្ជាក់ថា STARBALM គឺជាផលិតផលដ៏ល្បីរបស់ហូឡង់ ដែលនាំចូលដោយក្រុមហ៊ុនដូនពេញម៉េតហ្វាម ហើយក៏ជាផលិតផល។ តាមរយៈកិច្ចសហប្រតិបត្តិការខាងលើ ក្រុមហ៊ុន STARBALM បានផ្ដល់នូវការឧបត្ថម្ភសម្ភារៈ និងថ្នាំ សម្រាប់ប្រើប្រាស់គ្រប់ប្រភេទ ដល់ក្លិបកីឡាបាល់ទាត់វិសាខា។ ផលិតផលនេះបានចូលខ្លួនក្នុងវិស័យកីឡារបស់កម្ពុជា ជាច្រើនមកហើយដែរទាំងខាងគុនដាវ, តេខ្វាន់ដូ ម៉ារ៉ាតុនជាដើម៕
Source: Kampuchea Thmey Daily
0 Comments