Ad Code

កម្ពុជា បើកសម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម នៅ​ខេត្តក្រចេះ



ក្រចេះ​ ៖ ដោយមាន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ កម្ពុជា​បានធ្វើ​ម្ចាស់ផ្ទះ បើក​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ឆ្នាំ​២០១៩​កាលពី​រសៀល​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តក្រចេះ ដោយមាន​ការចូលរួម​ពី លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម រួម​និង ថ្នាក់ដឹកនាំ​ខេត្ត​ទាំងអស់​របស់​ប្រទេស​ឡាវ និង​វៀតណាម ដែល​ស្ថិតក្នុង​តំបន់ត្រីកោណ។



មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​នោះ លោក ឈួន ដា​រ៉ា បាន​ជម្រាប​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ថា ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​៣ កំពុង​បាន​យកចិត្តទុកដាក់ និង​ជំរុញ​សកម្មភាព​ពាក់ព័ន្ធ​ទាំងឡាយ​ក្នុង​វិស័យសេដ្ឋកិច្ច ដើម្បី​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា​-​វៀតណាម​-​ឡាវ ឲ្យ​មានការ​រីកចម្រើន​ក្នុង​បំណង​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្នុង​តំបន់ត្រីកោណ​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​។



“​គណៈកម្មាធិការ​សម្របសម្រួល​ចម្រុះ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម បាន​ធ្វើ​ការប្រជុំ​ជាច្រើនលើក ដែល​ក្នុង​កិច្ចប្រជុំ​ទាំងនោះ​មានគំនិត​ផ្តួចផ្តើម និង​យុទ្ធសាស្ត្រ​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ដែល​ក្នុង​នោះ​ប្រធានបទ​សំខាន់បំផុត គឺ​ការលើកឡើង​នូវ​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ ហើយ​ពិព័រណ៍​ពាណិជ្ជកម្ម គឺជា​ចំណែក​មួយ​នៃ​ការ​ទ្រទ្រង់​ឲ្យ​សកម្មភាព​ទាំងនោះ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​រាល់​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​ចម្រុះ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម តែងតែមាន​ការ​ភ្ជាប់​នូវ​រាល់​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​” លោក​ឈួន ដា​រ៉ា បាន​គូសបញ្ជាក់​។



លោក​រដ្ឋលេខាធិការ បាន​ចាត់​ទុក​ពិព័រណ៍​ពាណិជ្ជ​កម្ម​នេះ ជា​វេទិកា​ពាណិជ្ជកម្ម​មួយ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ឲ្យ​បងប្អូន​ពាណិជ្ជករ​អាច​សិក្សា​ស្វែងយល់ ពិភាក្សា​គ្នា និង​ផ្លាស់ប្តូរ​គំនិត ទៅវិញទៅមក​ក្នុង​ប្រយោជន៍​បង្កើត​ដៃគូ​ពាណិជ្ជកម្ម​ផង និង​ប្រយោជន៍​ចែករំលែក​បទពិសោធន៍ ឈានទៅ​បង្កើត​ផលិតផល​ថ្មីៗ ដែល​មាន​គុណភាព​ខ្ពស់ តម្លៃ​អាច​ប្រកួតប្រជែង​បាន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​នាំចេញ​នាពេល​អនាគត​។ ក្នុង​ន័យ​នេះ លោក​ក៏បាន​ជំរុញ​ឲ្យ​អាជីវករ​ពាណិជ្ជ​ករ​ទាំង​អស់​ប្រើប្រាស់​ពេលវេលា​ដ៏​មានតម្លៃ​នេះ ដើម្បី​បង្កើត​ទំនាក់ទំនង​រកស៊ី​ជាមួយគ្នា​មាន​លក្ខណៈ​យូរអង្វែង​។



​សូម​ជម្រាបថា ពិព័រណ៍​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម រៀបចំឡើង​រយៈពេល ០៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧-១០ ខែមីនា ឆ្នាំ​២០១៩ ដោយមាន​ការគាំទ្រ និង​ការចូលរួម​យ៉ាងសកម្ម​ពី​បណ្ដា​ផលិតករ អាជីវករ អង្គការ សមាគម​នានា ដែល​បាន​នឹង​កំពុង​ផលិត​នូវ​ផលិតផល​ខ្មែរ សម្រាប់​ចែកចាយ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ពាណិជ្ជករ​មកពី​ប្រទេស​ឡាវ និង​វៀតណាម ហើយ​មាន​ស្ដង់​សរុប​ចំនួន ២១៥​ស្ដង់​។ អម​ជាមួយ​ព្រឹ​ត្ដិ​ការណ៍​ពិព័រណ៍​នេះ ក៏មាន​ការរៀប​ចំការ​ប្រគំ​តន្ត្រី​ផងដែរ នៅ​រាត្រី​ថ្ងៃទី​០៨-០៩ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​ទាក់ទាញ​ឲ្យ​មាន​អ្នកទស្សនា​ពិព័រណ៍ និង​មហាជន​ទូទៅ មក​ចូលរួម​គាំទ្រ​កាន់តែ​ច្រើនឡើងៗ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu