Ad Code

ក្រសួង​ការងារ​ ដាក់ចេញ​ទិសដៅ​មួយចំនួន​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​សម្រាប់​ឆ្នាំ​២០១៩



ភ្នំពេញ ​៖ ​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ប្រកាស​ដាក់ចេញ​ទិសដៅ​ចំនួន​២៤​ចំណុច​ដើម្បី​ឲ្យ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​និង​បំពេញភារកិច្ច​ការងារ​របស់​ខ្លួន​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ​២០១៩​នេះ​។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩ លោក​បណ្ឌិត អ៊ិត សំហេង​បាន​មានប្រសាសន៍ថា​វិធានការ​និង​ទិសដៅ​ទាំង​២៤​ចំណុច​នេះ​នឹង​ក្លាយជា​ត្រីវិស័យ​ចង្អុល​ទិស​សម្រាប់​មន្ត្រីរាជការ​ក្រសួង​ទាំងអស់​យក​ទៅ​កែលំអ​នូវ​ចំណុច​ខ្វះខាត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ ត្រូវ​អនុវត្ត​ការងារ​សំខាន់ៗ​ចំនួន ២៤​ចំណុច រួមមាន​១៖ បន្ត​ខិតខំ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​អនុសាសន៍​ណែនាំ​ទាំង ១០​ចំណុច របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​គាំពារ និង​សម្រួល​ដល់​បន្ទុក​ចំណាយ ក៏ដូចជា​ដោះស្រាយ​បញ្ហា​នានា​របស់​កម្មករនិយោជិត​។​២៖ បន្ត​សិក្សា​ស្រាវជ្រាវ​លទ្ធភាព​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ ស្របតាម​តម្រូវការ​សង្គម​-​សេដ្ឋកិច្ច​។

៣៖ ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​អធិការកិច្ច​ការងារ ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​របាយការណ៍​អធិការកិច្ច​ការងារ​រួម លើ​ប្រព័ន្ធ​ទិន្នន័យ​ស្វ័យប្រវត្តិកម្ម​ដែល​អាច​ធ្វើការ​សំយោគ និង​វាយតម្លៃ​លក្ខខណ្ឌ​ការងារ​ដោយ​ស្វ័យប្រវត្តិ​។ ​៤៖ កែសម្រួល​វិធីសាស្ត្រ​ចុះ​ធ្វើ​អធិការកិច្ច​ការងារ ដោយ​ផ្អែកលើ​កម្រិត​ហានិភ័យ​របស់​សហគ្រាស គ្រឹះស្ថាន និង​កំណត់​ការ​ធ្វើ​អធិការកិច្ច​ការងារ​លើ​សហគ្រាស គ្រឹះស្ថាន​នាំចេញ​ចំនួន ១​លើក​/​ឆ្នាំ​។

៥៖ ប្រកាស​កំណត់​លក្ខខណ្ឌ​ការងារ​ស្នូល ៣១​ចំណុច និង​លក្ខខណ្ឌ​ការងារ​ទូទៅ ៤១​ចំណុច ដែល​សហគ្រាស គ្រឹះស្ថាន​ត្រូវ​អនុវត្ត​។​ ៦៖ បន្ត​ពង្រឹងសមត្ថភាព​មន្ត្រី​អធិការកិច្ច​ការងារ ដោយ​បង្កើត​ឲ្យ​មាន​គ្រូ​បង្គោល​លើ​វិស័យ​ការងារ​យ៉ាងតិច​ចំនួន ៥០​នាក់ និង​ធ្វើ​វិក្រឹត្យការ​ដល់​មន្ត្រី​អធិការកិច្ច​ការងារ​យ៉ាង​តិច​ចំនួន ៤៥០​នាក់ ជាមួយនឹង​ការ​ប្រឡង​បញ្ជាក់​សមត្ថភាព​ក្រោយពេល​វគ្គ​វិក្រឹត្យការ​។​៧៖ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ជាពិសេស​អំពី​សិទ្ធិ​ការងារ​ដល់​ប្រតិភូ​បុគ្គលិក ប្រតិភូ​សហជីព ថ្នាក់ដឹកនាំ​សហជីព​យ៉ាងតិច​ចំនួន ១,២០០​នាក់ និង​ដល់​បុគ្គលិក​រដ្ឋបាល​នៃ​សហគ្រាស គ្រឹះស្ថាន​យ៉ាងតិច​ចំនួន ៧៥០​នាក់​។

៨៖ បន្ត​សហការ​ជាមួយ​គម្រោង​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) គម្រោង​បទដ្ឋាន​សង្គម និង​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី (GIZ, SLSG) នៅ​ប្រទេស​កម្ពុជា និង​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​ជា​សកល​របស់​ស៊ុយ​អ៊ែត​។​ ៩៖ បន្ត​ទប់ស្កាត់​ការប្រើប្រាស់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​កម្លាំង​ពលកម្ម​កុមារ និង​ការងារ​ដោយ​បង្ខំ​។​ ១០៖ បន្ត​ខិតខំ​ដោះស្រាយ​វិវាទ​ការងារ ជូន​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យ​បាន​ទាន់​ពេល​វេលា ប្រកបដោយ​ប្រសិទ្ធភាព ដោយ​សិក្សា​ជាមួយ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ដើម្បី​បញ្ចូល​ការដោះស្រាយ​វិវាទ​បុគ្គល​មួយចំនួន ជូន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ព្រមទាំង​ខិតខំ​ទប់ស្កាត់​ការធ្វើ​កូដកម្ម បាតុកម្ម​ខុសច្បាប់ ដោយ​ឈរលើ​គោលការណ៍​ច្បាប់ និង​នីតិរដ្ឋ​។

១១៖ ជំរុញ​ប្រែក្លាយ​សហគ្រាស គ្រឹះស្ថាន​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​របស់​កម្មករនិយោជិត ដែល​ពោរពេញ​ដោយ​សមត្ថភាព ផលិតភាព ឥរិយាបថ​ការងារ និង​មនសិការ​វិជ្ជាជីវៈ​ខ្ពស់​។

១២៖ រៀបចំ​កញ្ចប់​ស្តង់ដារ​បណ្តុះបណ្តាល​ផ្អែកលើ​សមត្ថភាព (CBT) ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា​កម្រិត ១ ២ ៣ ៤ លើ​វិស័យ​អគ្គិសនី​-​អេឡិចត្រូនិក (២​មុខរបរ​-៣​គុណវុឌ្ឍិ​) មេកានិច​រថយន្ត (៤​មុខរបរ​-៦​គុណ​វុ​ឌ្ឍ​) សំណង់ (៣​មុខរបរ​-៥​គុណ​វុ​ឌ្ឍ​) និង​វិស័យ​ធុរកិច្ច​-​ព័ត៌មានវិទ្យា (១​មុខរបរ​-២​គុណ​វុ​ឌ្ឍ​) សរុប​១០​មុខរបរ​-១៦​គុណ​វុ​ឌ្ឍ​។​១៣៖ បង្កើន​ចំនួន​សិស្ស​ទទួល​បាន​សេវា​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ លើ​ជំនាញ​អាទិភាព វគ្គ​ខ្លី (​ក្រោម​១​ឆ្នាំ​) យ៉ាងតិច​ចំនួន ២៧,០០០​នាក់​, រយៈពេល​វែង សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ១, ២, ៣ (CQF2,3,4) យ៉ាងតិច​ចំនួន ៤,០៥០​នាក់ សញ្ញាបត្រ​ជាន់ខ្ពស់​-​បរិញ្ញាបត្ររង បច្ចេកទេស​-​ឯកទេស (CQF5) យ៉ាងតិច​ចំនួន ៥,៥០០​នាក់ និង​សញ្ញាបត្រ​បច្ចេកវិទ្យា ឬ​ឯកទេស​វិស្វករ​យ៉ាងតិច​ចំនួន ៦,០០០​នាក់ ដែល​នឹង​កើនឡើង ២០% ជា​រៀងរាល់​ឆ្នាំ​។



១៤៖ រៀបចំ​យន្តការ និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ឡើងវិញ (Reskilling) និង​យន្តការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ផ្តល់​ឥណទាន​ដល់​សិក្ខាកាម សិស្ស និស្សិត ដែល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល ដើម្បី​បង្កើត​មុខរបរ​ខ្លួនឯង​។ ​១៥៖ កែសម្រួល​លិខិត​បទដ្ឋាន ដែល​ផ្តល់​ភាពស្មើគ្នា​រវាង​កាតព្វកិច្ច​ហ្វឹកហ្វឺន​កូនជាង និង​កាតព្វកិច្ច​ហ្វឹកហាត់​ការងារ​-​កម្មសិក្សា និង​ពង្រឹង​ការ​ហ្វឹកហ្វឺន​កូនជាង និង​កម្មសិក្សា និង​បង្កើន​ការ​ផ្សព្វផ្សាយ​អំពី​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​១៦៖ ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​មុខរបរ និង​ការងារ និង​ធ្វើ​សមាហរណកម្ម​កម្មវិធី​ការងារ​សមរម្យ សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣ និង​កម្មវិធី​របស់ដៃ​គូ​អភិវឌ្ឍ​។

១៧៖ បន្ត​លើកកម្ពស់​ការ​ផ្តល់សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ដោយ​ពង្រីក​យន្តការ «​វេទិកា​ការងារ​» ព្រមទាំង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការប្រើប្រាស់​កម្លាំង​ពលកម្ម ជាមួយ​បណ្តា​ប្រទេស​ដៃគូ ជាពិសេស​បង្កើត​សេវា​គាំទ្រ​ដល់​ពលករ​ទេស​ន្ត​ប្រវេសន៍​ខ្មែរ សំដៅ​ធានា​បាន​នូវ​ការ​គាំពារ​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ និង​ក្រុមគ្រួសារ​។​១៨៖ បន្ត​ពង្រីក​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព និង​ការរៀបចំ ការ​ដាក់​ឲ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម ផ្នែក​សោធន​និវត្តន៍ នៅ​ឆ្នាំ​២០១៩ ពង្រីក​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ និង​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន ពង្រីក​ការអនុវត្ត​ប្រកាស​អន្តរក្រសួង​ស្តីពី ការអនុវត្ត​ការថែទាំ​សុខភាព តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល សម្រាប់​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ និង​ការផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម​សម្រាប់​កម្មករនិយោជិត ជា​ស្ត្រី​នៅពេល​សម្រាលកូន​។

១៩៖ បង្កើន​ការអប់រំ ការផលិត​ស្ព័ត​អប់រំ និង​ការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ​នៅ​កន្លែងធ្វើការ និង​ការ​ដួលសន្លប់​។ ​២០៖ បន្ត​ការអនុវត្ត​ផែនទី​បង្ហាញផ្លូវ សម្រាប់​អនុវត្ត​អនុសាសន៍​របស់​អង្គការ ILO ពាក់ព័ន្ធ​នឹង​សេរីភាព​អង្គការ​វិជ្ជាជីវៈ ដើម្បី​ជំរុញ​ការ​លើកកម្ពស់​ការអនុវត្ត​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​។​ ២១៖ ពង្រឹងសមត្ថភាព​មន្ត្រី និង​អង្គភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ​នានា ប្រកបដោយ​ភាព​ទន់ភ្លន់ ក្រមសីលធម៌​វិជ្ជាជីវៈ និង​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ ជាពិសេស​កម្មករនិយោជិត ស្របតាម​គោលការណ៍​វិមជ្ឈការ និង​វិសហមជ្ឈការ​។

២២៖ កសាង​ឲ្យ​បាន​នូវ​ប្រព័ន្ធ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ការត្រួតពិនិត្យ​វាយតម្លៃ​មួយ​ត្រឹមត្រូវ និង​ទៀងទាត់ ដើម្បី​ធ្វើជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អនុវត្ត​អភិក្រម​ទាំង​៥ គឺ​«​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» និង​បាវចនា​កែទម្រង់​ផ្ទៃក្នុង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​២៣៖ ជំរុញ និង​លើកកម្ពស់​ភាពជា​ដៃគូ​រវាង​រដ្ឋ​-​វិស័យ​ឯកជន (Public-Private Partnership) ភាពជា​ដៃគូ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ស្របតាម​បាវចនា «​បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​» របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​២៤៖ រៀបចំ​យន្តការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​ការងារ​របស់​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ដោយ​បង្កើត​ក្រុមការងារ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០១៩-២០២៣​។

លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​វិធានការ​ទាំងនេះ​ដោយ​លោក​មានប្រសាសន៍ថា​ ទិសដៅ​ថ្មី​ទាំងនេះ​ព្រោះថា​ នឹង​ជួយ​ដល់​កា​រលើ​កម្ពស់​លក្ខខណ្ឌ​ការងារ​និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ការងារ​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu