ក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកប្រចាំពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់និងលេងល្បែងកម្សាន្តដល់ក្រុមកុមារមកពីអង្គការ«បាល់ទាត់ដើម្បីជីវិត» ចំនួនជាង១០០នាក់ នៅលើទីលានកីឡដ្ឋាន RSN Stadium ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ថ្មីៗនេះ។
គោលដៅដែលក្លិបជើងឯក៦សម័យកាលរៀបចំកម្មវិធីនេះឡើងគឺដើម្បីបំផុសសកម្មភាពកីឡា និងលើកកម្ពស់សិទ្ធស្មើគ្នា រវាងបុរស និងនារី ហើយស្របនឹងអង្គការបាល់ទាត់ដើម្បីជីវិត មានទស្សនវិស័យនិងគោលដៅច្បាស់លាស់មួយក្នុងការជួយជ្រោមជ្រែងដល់វិស័យបាល់ទាត់ទើបក្លិបសម្រេសសហការនិងបង្កើតកម្មវិធីនេះឡើង។
កម្មវិធីនេះ មានការចូលរួមពីកុមារា-កុមារី ក៏ដូចជាយុជន-យុវនារីមកពីតំបន់ផ្សេងៗគ្នា ហើយអ្វីដែលពិសេសនោះ ក្រុមការងារគ្រូ និងកីឡាករមួយចំនួនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានចូលរួមដឹកនាំនិងរៀបចំយ៉ាងសប្បាយរីករាយដែរ។ដោយឡែកគោលបំណងចម្បងក្នុងការរៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្សារភ្ជាប់វិស័យបាល់ទាត់ជាមួយនឹងសមភាពយេនឌ័រក្នុងសង្គម។
សូមបញ្ជាក់ថា ទិវានារីអន្តរជាតិ(៨មិនា) គឺជាទិវាមួយ ដែលនារីជុំវិញពិភពលោកប្រារព្ធពិធី ដើម្បីរំឭកអបអរសាទរសិទ្ធិ របស់ខ្លួន។ ជាឱកាសមួយត្រូវអបអរ ដោយមានពិធីបុណ្យរំឭកខួប ប្រារព្ធធ្វើដោយនារីជុំវិញពិភពលោក។ អង្គការ សហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ ខ្លួនផងដែរ។
សូមរំលឹកថា មុនរដូវកាលថ្មីចាប់ផ្តើម ក្រុមភ្នំពេញក្រោន បានតែងតាំងក្បាលម៉ាស៊ីន ថ្មីក្រោយជម្រុះថ្នាក់ដឹកនាំចាស់អស់បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨។ ចំណែកថ្នាក់ដឹកនាំថ្មីរបស់ក្លិបមានដូចជា លោក លី ហៀង ជាអ្នកចាត់ការទូទៅក្លិប ចំណែក លោក Leonardo Vitorino ជាគ្រូបង្គោលថ្មី ស្របពេលប្អូនប្រុសរបស់ខ្លួន Luis Fernando Vitorino កាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំ។ អតីតគ្រូវេស្ទើន លោក ស៊ុំ វណ្ណា បានទទួលតំណែងជាគ្រូជំនួយក្រុមឈុតធំ ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន ជាអ្នកចាត់ការទូទៅក្រុមឈុតធំ៕
Source: Kampuchea Thmey Daily
0 Comments