ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ដែលជាថ្ងៃដំបូងនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន៦ បានដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងមានគណបក្សនយោបាយ ចំនួន៣ បានមកដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ នៅ គធ.ខប គិតត្រឹមម៉ោង៥ និង៣០នាទីល្ងាច។
គណបក្សនយោបាយ ដែលបានដាក់ពាក្យឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្តទាំងនោះរួមមាន ទី១, គណបក្សប្រជាជនកម្ពុជា ចុះបញ្ជីនៅរាជធានី-ខេត្តចំនួន១៨ មានបេក្ខជនពេញសិទ្ធិចំនួន៤០៥ និងបេក្ខជនបម្រុងចំនួន៣៨០ សរុបចំនួន៧៨៥ ទី២, គណបក្សហ៊្វុនស៊ិនប៉ិច ចុះបញ្ជីនៅរាជធានី-ខេត្តចំនួន៣ មានបេក្ខជនពេញសិទ្ធិចំនួន៨១ និងបេក្ខជនបម្រុងចំនួន៨១ សរុប១៦២ ទី៣, គណបក្សយុវជនកម្ពុជា ចុះបញ្ជីនៅរាជធានី-ខេត្តចំនួន៤ មានបេក្ខជនពេញសិទ្ធិចំនួន១០០ និងបេក្ខជនបម្រុងចំនួន១០០ សរុប២០០ ទី៤, ខ្មែរសាធារណរដ្ឋ ចុះបញ្ជីនៅរាជធានី-ខេត្តចំនួន១ មានបេក្ខជនពេញសិទ្ធិចំនួន២៧ និងបេក្ខជនបម្រុងចំនួន២៧ សរុប៥៤ ទី៥, គណបក្សឆន្ទៈខ្មែរ ចុះបញ្ជីនៅរាជធានី-ខេត្តចំនួន១ មានបេក្ខជនពេញសិទ្ធិចំនួន២៧ និងបេក្ខជនបម្រុងចំនួន២៧ សរុប៥៤ និងទី៦, គណបក្សខ្មែររួបរួមជាតិ ចុះបញ្ជីនៅរាជធានី-ខេត្តចំនួន១ មានបេក្ខជនពេញសិទ្ធិចំនួន១៩ និងបេក្ខជនបម្រុងចំនួន១៩ សរុប៣៨។
ចំណែកគណបក្សនយោបាយ ដែលបានដាក់ពាក្យឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌទាំងនោះរួមមាន ទី១, គណបក្សប្រជាជនកម្ពុជា ចុះបញ្ជីនៅក្រុង ស្រុក ខណ្ឌ ចំនួន១៥០ មានបេក្ខជនពេញសិទ្ធិចំនួន២,៥៥២ និងបេក្ខជនបម្រុងចំនួន២,៥២៣ សរុប៥០៧៥ ទី២, គណបក្សហ៊្វុនស៊ិនប៉ិច ចុះបញ្ជីនៅក្រុង ស្រុក ខណ្ឌ ចំនួន២២ មានបេក្ខជនពេញសិទ្ធិចំនួន៤២៤ និងបេក្ខជនបម្រុងចំនួន៤៣០ សរុប៨៥៤ ទី៣, គណបក្សយុវជនកម្ពុជា ចុះបញ្ជីនៅក្រុង ស្រុក ខណ្ឌ ចំនួន៥ មានបេក្ខជនពេញសិទ្ធិចំនួន១២៨ និងបេក្ខជនបម្រុងចំនួន១២៨ សរុប២៥៦។
ការបញ្ជាក់ខាងលើនេះ ត្រូវបានធ្វើឡើងនៅលើសេចក្តីប្រកាសព័ត៌មានមួយរបស់ គ.ជ.ប ហើយបើតាមអនុលោមតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ប្រការ២.៤៣ ចែងថា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ត្រូវពិនិត្យសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ។
ក្នុងករណី គធ.ខប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយណាមួយពុំបានបំពេញលក្ខខណ្ឌ ដូចមានចែងក្នុងប្រការ២.៣៦ ដល់ប្រការ២.៤១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ គធ.ខប ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយនោះវិញ ដើម្បីបំពេញបន្ថែម ឬកែតម្រូវ។ សាមីគណបក្សនយោបាយត្រូវបំពេញលក្ខខណ្ឌ ឬកែតម្រូវលក្ខខណ្ឌ ចំណុចដែលខ្វះខាតយ៉ាងយូរ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានទទួលលិខិតជូនដំណឹងនេះ។
សូមបញ្ជាក់ថា ដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ហើយការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ត្រូវធ្វើនៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ហើយគណបក្សនយោបាយ ដែលមានបំណងឈរឈ្មោះបោះឆ្នោតត្រូវយកគំរូពាក្យស្នើសុំនៅលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ឬអាចទាញយកគំរូពាក្យស្នើសុំពីគេហទំព័ររបស់ គ.ជ.ប។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទៅ២៦ ខែឧសភា ឆ្នាំ២០១៩ ហើយការចុះឈ្មោះអ្នកបោះឆ្នោត បានចាប់ផ្តើមដំណើរ កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ មានរយៈពេល១៣ថ្ងៃ ដោយមិនរាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្លូវការ។ អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែង ដែលមានសមាជិក សរុបចំនួន១១,៥៧២ នាក់ ទូទាំងប្រទេស។
ទាក់ទងការបោះឆ្នោតក្រុមប្រឹក្សានេះដែរ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗជូនដល់បេក្ខជនឈឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments