ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនិងប្រធានអនុសាខាកាកបាទក្រហមខណ្ឌកាលពីព្រឹកថ្ងៃទី៧ខែមីនានេះ បាននាំយកអំណោយរបស់អនុសាខាផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតជីវភាពចំនួន៣០គ្រួសារក្នុងសង្កាត់វាលស្បូវ។
ពិធីនេះក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ លោកនាយ នាយករងនិងលោកស្រីចៅសង្កាត់លោកមេភូមិទៀតផង។
លោកចេង មុនីរ៉ា បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋទាំង៣០គ្រួសារថា ថ្ងៃនេះខ្ញុំបាទរួមទាំងក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅបាននាំយកអំណោយរបស់អនុសាខាមកផ្តល់ជូនលោកយាយ លោកតានិងជនចាស់ជរាគ្មានទីពឹងចំនួន៣០គ្រួសារដែលភាគច្រើនគឺជាជនចាស់ជរា។ថ្មីៗនេះខ្ញុំបានទទួលពត័មានពីលោកស្រីចៅសង្កាត់វាលស្បូវថាមានប្រជាពលរដ្ឋចំនួន៣០គ្រួសារកំពុងខ្វះខាតជីវភាពប្រចាំថ្ងៃទើបយើងខ្ញុំរួសរាន់រៀបចំអំណោយយកមកជូននាព្រឹកនេះតែម្តង។
លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅបានបន្តថាសកម្មភាពមនុស្សធម៌ដែលក្រុមការងារអនុសាខាយើងខ្ញុំអនុវត្តន៍សព្វថ្ងៃនេះគឺធ្វើតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែជំរុញដល់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាតាមបណ្តាខេត្តនិងរាជធានីត្រូវចុះពិនិត្យតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីចង់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋហើយបើសិនជាបានឃើញបងប្អូនប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពឫមានជំងឺត្រូវរួសរាន់ជួយភ្លាមៗកុំពន្យារពេលឡើយ។
ជាក់ស្តែងដូចថ្ងៃនេះ គឺខ្ញុំបាទនិងក្រុមការងារបានរៀបចំជាអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅយកមកជូនដល់ដៃលោកយាយ លោកតាដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ។ ដែលអំណោយទាំងនោះមានដូចៗគ្នាទាំង៣០គ្រួសារគឺក្នុងមួយគ្រួសារទទួលបានអង្ករ១បាវទម្ងន់៣០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ មី១០កញ្ចប់ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាមនិងថវិកាចំនួន៣០០០០រៀល៕
Source: Kampuchea Thmey Daily
0 Comments