Ad Code

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ក្រើនរំលឹក​ដល់​កងកម្លាំង​ប្រដាប់​អាវុធ ត្រូវ​ការពារ​នូវ​សុខ​សន្តិភាព​ជូន​មាតុភូមិ



ស្ទឹងត្រែង​ ៖​ សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ក្រើនរំលឹក​នៅ​ចំពោះ​មុខ​កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្តស្ទឹងត្រែង​ឱ្យ​បង្កើន​កិច្ចសហការ​កាន់តែខ្លាំង​ឡើង​នូវ​កិច្ចការងារ​ការពារ​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ។

ក្នុង​ពិធី​អញ្ជើញ​ចុះសួរសុខទុក្ខ ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង​មន្ត្រីរាជការ​ស៊ីវិល នៅក្នុង​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឹងត្រែង​ នា​ថ្ងៃ​ទី​៧ ខែ​​មីនា​ ឆ្នាំ​២០១៩​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ប្រសាសន៍​ថា ៖​ កងកម្លាំង​ទាំង​៣ និង​មន្ត្រីរាជការ​ស៊ីវិល​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចូលរួម​សកម្ម​ថែមទៀត ក្នុង​ការជួយ​ថែរក្សា សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រោះ​នេះ​ជា​សុវត្ថិភាព​សង្គម​ ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម ផ្នែក​ស្មារតី​របស់​យើងទាំងអស់គ្នា។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​បន្ថែមថា ​៖​ ជាងនេះទៀត​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ មាន​ជំនឿ​ចិត្ត​លើ​ការដឹកនាំ​របស់ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជៅ​ហ៊ុនសែន​បច្ចុប្បន្នកំពុង​បោះជំហាន​ទៅមុខ​មាន​ភាព​រីកចម្រើន​ធ្វើឱ្យ​ប្រទេស​ជាត​យើង​មាន​កំណើនសេដ្ឋកិច្ច ប្រជាពលរដ្ឋ​រស់នៅ​មាន​ជីវភាព​ធូរធារ។

សម្តេច​ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ ដល់​ស្មារតី​កងកម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច លើ​កិច្ចការងារ​នានា ដែល​ថ្នាក់លើ​ប្រគល់ជូន ជាពិសេស លើ​ការងារ​ការពារ​បូរណភាព​ទឹកដី នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន បាន​យ៉ាង​ល្អប្រសើរ។

ឯកឧត្តម​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ួ​ត ឈាង មេបញ្ជាការ​យោធភូមិភាគ​ទី​១ មានប្រសាសន៍ថា​ ៖​ នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ នៅ​គ្រា​បច្ចុប្បន្ន​នេះ គឺ​គ្មាន​អ្វី​ដែល​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះទេ។

ឯកឧត្តម​ ឧ​ត្ត​ម​សេនីយ៍​ឯក បន្ថែមថា ​៖ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​វិញ គឺ​ស្ថានភាព​ប្រទេសជាតិ មាន​សុខសន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍ​ជឿនលឿន ជា​លំដាប់ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។
សូមបញ្ជាក់ថា ​៖ ​ក្នុង​ពិធី​ជួប​សួរ​សុខទុក្ខ​នេះ​ សម្ដេច​សេនា​ពិជ័យ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន ដល់​គ្រប់​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ នៃ​យោធភូមិភាគ​ទី​១ ខេត្តស្ទឹងត្រែង ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu