Ad Code

អាជ្ញាធរ​ស្រុក​អណ្តូង​មាស ​បាន​ឲ្យ​ក្រុមហ៊ុន​ចិន​ជីក​ស្រះ​លើ​អូរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រើប្រាស់​ទឹក​របស់​ពលរដ្ឋ



រតនគិរី​ ៖ ថ្មីៗ​នេះ​ក្រុមហ៊ុន​ចិន​បាន​យក​គ្រឿងចក្រ​មក​ជីក​ស្រះ​ទប់ទឹក​នៅក្បែរ​អូរ​ណាយ​ជា​កន្លែង​ពលរដ្ឋ​បាន​ប្រើប្រាស់​ជា​យូរ​ឆ្នាំ​មក​ហើយ ពោល​តាំងពី​ជំនន់​ដូនតា​មក​ម្ល៉េះ ឥលូវ​ត្រូវ​ក្រុមហ៊ុន​ចិន​មក​ជីក​បំផ្លាញ​ចោល​អស់​គ្មាន​សល់។



ក្រុមហ៊ុន​ចិន​មក​ជីក​ស្រះ​ស្ថិតនៅ​ត្រង់​ចំណុច​ក្នុងភូមិ​ណាយ ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី កំពង់​ប្រឈម​និង​ការ​អត់​ទឹក​ប្រើប្រាស់ ខណៈ​ក្រុមហ៊ុន​ចិន បាន​សាងសង់​សំណង់​រឹង និង​ជីក​ស្រះ​នៅ​មាត់​អូរ​ណាយ​។



​ពាក់ព័ន្ធ​ក្រុមហ៊ុន​ចិន​សាងសង់​សំណង់​រឹង និង​ជីក​ធ្វើ​ស្រះ​មាត់​អូរ​នេះ កាលពីដើម​ខែមីនា ឆ្នាំ២០១៩​កន្លងទៅ ដោយ​ក្រុមហ៊ុន​ចិន​បាន​មក​កាយ​ដី​ធ្វើ​ស្រះ​ជា​កន្លែង​ពលរដ្ឋ​បាន​ប្រើប្រាស់​ទឹក ហើយ​ម្យ៉ាងវិញទៀត​រដូវ​នេះ​ជា​រដូវប្រាំង​កំពុង​រង​នូវ​ការខ្វះ​ទឹក​ប្រើប្រាស់​ផងដែរ​។



ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក សយ សុខ​ហឿន ប្រធាន​ភូមិបាល ស្រុក​អណ្ដូង​មាស បាន​ប្រាប់​សារព័ត៌មាន​យើង​ថា ដី​ក្រុមហ៊ុន​ចិន​នៅ​ចំណុច​ខាងលើ​នោះ លោក​មិនទាន់​ចេញ​ប្លង់​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ហើយ​ការសាងសង់​សំណង់ និង​ជីក​ស្រះ​នេះដែរ គឺ​បំពាន​ច្បាប់​ទាំងស្រុង​ទៅហើយ ពីព្រោះ​ការសាងសង់​សំណង់​រឹង និង​ជីក​ស្រះ​ក្នុង​អូរ​នេះ ខាង​ក្រុមហ៊ុន​ចិន មិនបាន​សុំច្បាប់​ពី​មន្ត្រី​ជំនាញ​ឡើយ​។



ចំណែក​លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តរតនគិរី បាន​ប្រាប់​សារព័ត៌មាន​យើង​ថា លោក​មិនដឹង​ថា​ មាន​ក្រុមហ៊ុន​ចិន មក​ជីក​ស្រះ និង​មានបំណង​បិទ​អូរ​នោះ​ទេ ហើយ​មិន​មាន​ច្បាប់​ណាមួយ ជីក​ស្រះ ឬ​ទប់​អូរ ដោយ​មិនមាន​ការសិក្សា​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ម្យ៉ាងវិញទៀត​ការសិក្សា​នេះ ត្រូវ​សិក្សា​ថា​មាន​ផលប៉ះពាល់​អ្វីខ្លះ​នៅពេលដែល​គេ​ជីក​ស្រះ និង​បិទ​អូរ​នោះ​។

​ហើយ​នៅពេល​បិទ​អូរ តើ​ប្រជាពលរដ្ឋ​ទទួល​បាន​ផលប្រយោជន៍​អ្វីខ្លះ មិនមែន​ជីក​ស្រះ និង​ទប់​អូរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រង់​គ្រោះ ហើយ​ក្រុមហ៊ុន​ទទួល​បាន​ផលប្រយោជន៍​តែម្នាក់ឯង​នោះឡើយ​។



ដោយឡែក​លោក ខេន សានី​ត អភិបាល​ស្រុក​អណ្ដូង​មាស អ្នកសារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​បានទេ កាលពី​ថ្ងៃទី​៧​មីនា ដោយ​លោក​បាន​ប្រាប់ថា កំពង់​ជាប់​ប្រជុំ​។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ណាយ ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស កំពង់​ប្រើប្រាស់​ទឹកអូរ​នេះ​តាំងពី​ដូនតា​មក​ហើយ ហើយ​ពួកគាត់ មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ប្រឈម​និង​ការ​អត់​ទឹក​ប្រើប្រាស់​នៅ​ថ្ងៃមុខ​។

បើសិនជា​ទង្វើ​របស់​ក្រុមហ៊ុន​ចិន​នេះ មិន​មាន​ការសិក្សា និង​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ច្បាស់លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ច្បាស់​ជា​ប្រជាពលរដ្ឋ​ទាំងមូល​នៅក្នុង​ស្រុក​អណ្តូង​មាស​រង់​នូវ​ការ​អត់​ទឹក​ប្រើប្រាស់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu