Ad Code

គ្រូបង្វឹក​ក្រុម​កម្ពុជា និង​បង់​ក្លា​ដេ​ស បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា មុន​ប៉ះ​គ្នា​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​



ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​បង់​ក្លា​ដេ​ស នៅវេលា​ម៉ោង​៦និង​៣០​នាទី​ល្ងាច​ ថ្ងៃ​សៅរ៍ ទី​៩ ខែមីនា ឆ្នាំ​២០១៩​នេះ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​គ្រូបង្វឹក​របស់​ក្រុម​ទាំង​២​ សុទ្ធតែ​បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា​ក្នុង​សន្និសីទ​សារព័ត៌មាន ​មុន​ថ្ងៃ​ប្រកួត​មកដល់​។​

​ក្រុម​ជម្រើសជាតិ​កម្ពុជា បានសម្រេច​កោះហៅ​កីឡាករ​កម្រិត​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ ជាច្រើន​នាក់ ខណៈ​គ្រូបង្វឹក​លោក Felix បានបង្ហាញ​មូលហេតុ​ថា​ដោយសារ​លោក​ចង់​ឲ្យ​យុវជន​ទទួលបាន​បទពិសោធន៍ ខណៈ​ដែរ​កីឡាករ​សំខាន់​រាមច្បង​សុទ្ធ​តែមាន​បទពិសោធន៍ បូកផ្សំ​ជាមួយនឹង​ការ​ពិបាក​ក្នុងការ​កោះហៅ​កីឡាករ​ដែល​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​ព្រោះ​ប្រកួត​នេះ​មិន​ស្ថិតនៅ​ក្នុង​ការ​កាលវិភាគ​ប្រកួត​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA Day) ផងដែរ​។

​ចំណែក​កីឡាករ​ទាំង​២៣​នាក់​វិញ​មាន កែន ច័ន្ទ​សុ​ភ័​ក្រ​, ឆេង ម៉េង​, ទៀត គឹម​ហេង​,​ស៊ិន សុ​ផា​ណាត់​, សាន គឹម​ហេង​, អ៊ិន សុដាវី​ដ​,​ស៊ិន កក្កដា​,​កែវ សុខ​សិលា​, អ៊ុក សុវណ្ណ មកពី​ក្លិប​វិសាខា កីឡាករ សឿត បារាំង​, យើ មូស្លីម​,​សា​វែង សំណាង​, យើ សា​ហ្វី​, អ៊​ន ចាន់​ប៉ូ​លីន​, ប្រាក់ ធី​វ៉ា ជា​កីឡាករ​មកពី​ក្លិប​ភ្នំពេញ​ក្រោ​ន កីឡាករ ហ៊ុល គឹម​ហ៊ុយ​, ទេស សម្បត្តិ​,​សេត រ៉​ស៊ី​ប និង​លី វ៉ា​ហេ​ទ មកពី​ក្លិប​បឹងកេត កីឡាករ ឈ​ង់ ប៊ុន​ណាត មកពី​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ កីឡាករ ណា​រ៉ុង កក្កដា និង​កាន់ ពិសាល មកពី​ក្លិប​ក្រសួងការពារជាតិ កីឡាករ ឃៀង ម៉េង​ហ៊ួ​រ មកពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង សៀង ច​ន្ធា មកពី​មជ្ឈមណ្ឌល ​និង​សាលា​បាល់ទាត់​ជាតិ​បាទី​។​

​គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន ខាងលើ​បាន​បញ្ជាក់ថា ​៖ «​វា​ស្ថិតនៅក្នុង​ដំណើរ​ការដែល​យើង​កំពុង​ដើរ​តាម​។ នឹង​ឃើញ​ដល់​កាលពី​ឆ្នាំមុន នៅពេល​យើង​ប្រកួត​ទល់នឹង វៀតណាម ក្នុង​ពាន AFF Suzuki Cup យើង​បាន​ប្រកួត​ជាមួយនឹង​យុវជន​ពាក់កណ្ដាល​នៃ​ជម្រើស ១១​នាក់​ដំបូង ហើយ​វា​គឺជា​ផ្នែក​មួយ​នៃ​ការបង្កើត​ឲ្យ​មាន​បទពិសោធន៍ ប្រសិនបើ​កីឡាករ​មានការ​រីកចម្រើន យើង​ត្រូវតែ​ផ្ដល់​គេ​នូវ​ឱកាស ហើយ​យើង​ត្រូវតែ​ជឿជាក់​លើ​គេ ហើយ​ខ្ញុំ​បាន​នឹង​កំពុង​ដូចគ្នា ដូច្នេះ​ចាប់តាំងពី​ពេល​ខ្ញុំ​ជឿជាក់​លើ​គេ ហើយ​នេះ​គឺជា​ឱកាសល្អ​សម្រាប់​ពួកគេ​ក្នុងការ​ធ្វើឲ្យ​កាន់តែ​ប្រសើរឡើង និង​សម្លឹង​ទៅ​អនាគត នេះ​គឺជា​មូលហេតុ​ដែល​យើង​សម្រេចចិត្ត​ប្រើប្រាស់​កីឡាករ​អាយុ​ក្រោម​២២​ឆ្នាំ និង​សម្រាប់​ពានរង្វាន់​ចុងក្រោយ អាយុ​ក្រោម​២៣​ឆ្នាំ​»​។

​ទន្ទឹមនឹង​គ្នា​នេះដែរ ​លោក​Jamie Day គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដេ​ស ដែល​បាន​ដឹកនាំ​កូន​ក្រុម​មកដល់​រាជធានី​ភ្នំពេញ តាំងពី​ថ្ងៃទី​៦ ខែមីនា មកម្ល៉េះ​បានបង្ហាញ​គំនិត​របស់ខ្លួន​ថា​៖«​ពិត​ណាស់ សម្រាប់​យើង​ប្រហែលជា​កម្ពុជា មាន​ភាពទន់ខ្សោយ​បន្តិច ប៉ុន្តែ​យើង​ប្រើប្រាស់​កីឡាករ​មានបទពិសោធន៍ អាចជា​គុណសម្បត្តិ​សម្រាប់​យើង តែ​ខ្ញុំ​គិតថា​ទោះបីជា​យ៉ាងណា ការប្រកួត​ទល់នឹង​ក​ម្ពុ​ជា នៅតែ​ជាការ​ប្រកួត​ដ៏​តានតឹង​សម្រាប់​យើង ដូចដែល​ខ្ញុំ​ធ្លាប់បាន​និយាយ យើង​ទន្ទឹងរង់ចាំ​សម្រាប់​ការប្រកួត​នេះ យើង​ចង់​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ឈ្នះ​ការប្រកួត ប្រសិនបើ​កម្ពុជា​មិនមាន​កីឡាករ​ដែលមាន​បទ​ពិសោធន៍ អញ្ចឹង​យើង​ត្រូវតែ​ព្យាយាម​ដើម្បី​យកចំណេញ​ពី​គុណវិបត្តិ​នេះ ប៉ុន្តែ​ជាថ្មី​ម្ដងទៀត​ក្រុម​កម្ពុជា នៅតែ​ត្រូវបាន​ជ្រើសរើស​ដោយ​គ្រូ យ៉ាង​ត្រឹមត្រូវ​ដដែល ហើយ​ពិតណាស់​កីឡាករ​នឹង​លេង​ដើម្បី​ចង់​ឈ្នះ​ការប្រកួត និង​ដើម្បី​ទាក់ចិត្ត​គ្រូបង្វឹក​សម្រាប់​ការកោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​លើក​ក្រោយៗ​ទៀត ដូច្នេះ​យើង​ដឹង​ហើយ​គ្រប់​ក្រុម​ជម្រើសជាតិ​ទាំងអស់ សុទ្ធតែ​ចង់​ឈ្នះ ហើយ​យើង​ដឹងថា​វា​គឺជា​ការប្រកួត​ដ៏​តាន់តឹង ដូច្នេះ​ជាមួយនឹង​ការរៀបចំ​កន្លងមក យើង​សង្ឃឹមថា យើង​នឹង​អាច​ឈ្នះ​»​។

​យោងតាម​ការបង្ហាញ​ឈ្មោះ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដេ​ស បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៣​នាក់​ដូចជា​សម្រាប់​អ្នកចាំទី​មាន​កីឡាករ​Ashraful Islam Rana,Shahidul Yousuf Sohel,Anisur Rahman Zico ហើយ​ខ្សែការពារ​មាន​កីឡាករ Yeasin Khan,Monjurur Rahman Manik,Topu Barman,Tutul Hossain Badsha,Bishwanath Ghosh,Sushanto Tripura​ ​,Rahmat Mia ចំណែក​ខ្សែបម្រើ​មាន​កីឡាករ Jamal Bhuyan (​ប្រធាន​ក្រុម​),Atiqur Rahman Fahad,Mohammad Ibrahim,Biplu Ahmed,Masuk Mia Jony,Robiul Hasan,Mohammad Sohel Rana,Emon Mahmud Babu​។ ងាក​មក​មើល​ខ្សែប្រយុទ្ធ​វិញ​មាន​កីឡាករ Nabib Newaj Jibon,Tawhidul Alam Sabuz,Rubel Miya,Mahbubur Rahman Sufil,Motin Mia​។​

​ចំណែក​សំបុត្រ​សម្រាប់​មហាជន​ចូល​ទស្សនា​ប្រកួត​រវាង​កម្ពុជា ជាមួយ​ក្រុម​បង់​ក្លា​ដេ​ស នេះ​មាន​បែង​ចែកជា​២​តម្លៃ​គឺ ប្រភេទ ទី​១ តម្លៃ​១០,០០០៛ និង​ប្រភេទ​ទី​២ ចំនួន​៥,០០០៛​។ ប្រកួត​នេះ​ក៏មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។ ក្រុម​បង់​ក្លា​ដេ​ស ជា​ក្រុម​ស្ថិតនៅ​ទ្វីបអាស៊ី​ភាគខាងត្បូង ខណៈ​ក្រុម​ជម្រើសជាតិ​កម្ពុជា ធ្លាប់បាន​ប្រកួត​ជាមួយ​ក្រុម​បង់​ក្លា​ដេ​ស ផ្លូវការ​ចំនួន​៣​លើក​មកហើយ គឺ​នៅ​លើក​ទី​១ នៅ​ខែមេសា ឆ្នាំ​២០០៦ ដោយ​កាលនោះ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Challenge Cup តែ​កម្ពុជា បាន​បរាជ័យ​ដោយ​លទ្ធផល ២​ទល់​១ តែ​នៅ​ឆ្នាំ​២០០៧ ក្រុម​ទាំង​២​ប៉ះគ្នា​ម្តងទៀត ក្នុង​ពានរង្វាន់ Nehru Cup ក្នុងប្រទេស​ឥណ្ឌា លើ​ទីលាន​កីឡដ្ឋាន Dr. Ambedkar Stadium ក្នុង​ទីក្រុង New Delhi ខណៈ​ការប្រកួត​បញ្ចប់​ទៅដោយ​លទ្ធផល​ស្មើគ្នា​១​ទល់​១​។ ចុងក្រោយ​នៅ​ឆ្នាំ​ខែមេសា ឆ្នាំ​២០០៩ ក្រុម​ទាំង​២​ប៉ះគ្នា​ជា​លើកចុងក្រោយ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ដែល​ក្រុម​បង់​ក្លា​ដេ​ស បន្ត​ជ័យជម្នះ​ដោយ​លទ្ធផល​១​ទល់​០៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu