Ad Code

ប្រើ​ត្រសេះ ​វាយ​របួស​ធ្ងន់​ម្នាក់ ព្រោះ​ខឹង​អួត​តែ​ពី​រឿង​វាយ​កែង​ដូច​កីឡា​ប្រដាល់ វង្ស ណ​យ



​ឧ​ត្ត​រ​មានជ័យ​ ៖ ​​នៅ​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​១៥​នាទី នៅ​ចំណុច​ផ្ទះថ្ម កំពុង​សាងសង់​របស់​ឈ្មោះ សា​រៀម ស្ថិត​ក្នុង​ភូមិ​គោក​ច្រេស សង្កាត់​-​ក្រុង​សំរោង មាន​កើត ករណី​ហិង្សា​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់​ទោស ដែល​បង្កឡើង​ដោយ​ជនសង្ស័យ ​ឈ្មោះ សំ រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​-​ក្រុង​សំរោង មុខរបរ​ កម្មករ​សំណង់ បាន​យក​ត្រសេះ វាយ​ទៅលើ​ឈ្មោះ ធី វុ​ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គោក​ច្រេស សង្កាត់​-​ក្រុង​សំរោង មុខរបរ​កម្មករ​សំណង់ ត្រូវចំ​ចង្កេះ​ខាងឆ្វេង និង ក្បាល​ផ្នែក​ខាងក្រោយ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។ មូលហេតុ ផឹក​ស៊ី​ទាស់សំដី​គ្នា។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តាម​ការសាកសួរ​បឋម​លើ​ ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា រាល់ថ្ងៃ​រូប​ខ្លួន​ធ្វើការ​ជាជាង​សំណង់​ជាមួយ​ជនរងគ្រោះ លុះ​នៅ​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ១៩​និង​០០​នាទី រូប​ខ្លួន និង​ជនរងគ្រោះ​បាន​ផឹក​ស្រា​ជាមួយគ្នា។

សមត្ថកិច្ច​បាន​បន្តថា ក្នុងពេលនោះ​ជនរងគ្រោះ បាន​និយាយ​អួត​តែ​ពី​រឿង​វាយ​កែង​ដូច​កីឡា​ប្រដាល់ ​ឈ្មោះ វង្ស ណ​យ ហើយ​ក៏បាន​ទាស់សំដី​គ្នា ដោយ​ជន​សង្ស័យ​បាន​និយាយថា​ ខ្ញុំ​មិនចេះ​វាយ​កែង​ទេ ចេះតែ​ប្រើ​ត្រសេះ។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា បន្ទាប់មក​ក៏​ឈប់​ផឹក ហើយ​ជនសង្ស័យ ​​​បាន​ឡើងទៅ​ដេក​លើ​គ្រែ​ក្បែរ​នោះ ចំណែក​ជនរងគ្រោះ​នៅ​ផឹកស្រា​បន្ត​ជាមួយ​ ឈ្មោះ រ៉ើ​ន រស់នៅ​ភូមិ​គោក​ច្រេស (​ជា​កម្មករ​សំណង់​ជាមួយគ្នា​) ហើយ​បាន​និយាយ​ដៀមដាម​មកលើ​ជនសង្ស័យ​​​ទៀត។ ពេលនោះ​នៅវេលា​ម៉ោង​ប្រហែល​០០​និង​១០​នាទី ឈានចូល ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០១៩ ​​ជនសង្ស័យ​ក៏​ដើរចេញ​ក្នុង​បំណង​ទៅផ្ទះ​នៅ​ភូមិ​សំរោង​វិញ តែ​ពេល​ដើរចេញ​បាន​ប្រហែលជា​២០០​ម៉ែត្រ ដោយ​អន់ចិត្ត និង​ខឹង​ជនរងគ្រោះ រូប​ខ្លួន​ក៏​ដើរ​ត្រឡប់មកវិញ ហើយ​បាន​ទាញ​យក​ត្រសេះ​នៅ​លើ​គំនរ​ដែក​ក្បែរ​កន្លែង​ជនរងគ្រោះ​ អង្គុយ ក៏​វាយ​ទៅលើ​ត្រូវ​ចំ​ចង្កេះ​ខាងឆ្វេង។ ភ្លាម​នោះ ​ជនរងគ្រោះ ក៏​ស្ទុះ​រត់​ទៅ​ចម្ការ​ដំឡូង​ខាងកើត​ផ្ទះ ​ជនសង្ស័យ​ក៏​រត់​ដេញ​តាម ហើយ​បាន​លើក​ត្រសេះ​បម្រុង​វាយ​ទៀត ចៃដន្យ​ផ្លែ​ត្រសេះ​របូត​ពី​ដង​ខ្ទាត​ត្រូវ​ចំ​ក្បាល​របស់​ជនរងគ្រោះ។ ជនសង្ស័យ​ បានឃើញ​សភាព​មិន​ស្រួល​ក៏​បោះ​ដង​ត្រសេះ​ចោល ដើរ​ចេញពី​នោះ​ត្រឡប់ទៅផ្ទះ​តាមផ្លូវ​ជាតិ​លេខ​៦៨និញ។ ពេលមកដល់​ចំណុច​មុខ​ផ្ទះ​លក់​ត្រាក់ទ័រ​របស់ ​ឈ្មោះ ម៉ៃ ស​ត់ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង។

បច្ចុប្បន្ន ជនសង្ស័យ​ ឈ្មោះ សំ រដ្ឋា ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរ​ក្រុង​សំរោង​ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu