រតនគិរី ៖ ស្ត្រីម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីចុះទៅក្នុងទឹកស្រះដាក់មងយកត្រី ត្រូវបានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ករណីស្ត្រីម្នាក់លង់ទឹកស្រះស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ កាភា អាយុ៣៩ឆ្នាំ ជនជាតិទំពួន ស្នាក់នៅក្នុងចម្ការស្វាយចន្ទី ស្ថិតនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ហើយមានប្តី ឈ្មោះ ងួន ភឿន អាយុ៤០ឆ្នាំ។
មន្ត្រីនគរបាលបន្តថា តាមចម្លើយរបស់ប្តីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ(ជនរងគ្រោះ)គាត់បានទិញមង ២០ម៉ែត្រ តម្លៃ២០.០០០រៀល យកមករាយក្នុងស្រះទឹក ដើម្បីយកត្រីមកធ្វើម្ហូបដូចសព្វមួយដង មកដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី ប្តីក៏បានទៅយកអាគុយដែលសាកភ្លើងនៅភូមិឡុំ លុះត្រឡប់មកវិញមិនឃើញប្រពន្ធនៅក្នុងរោងចាំចម្ការ ក៏បានដើររកសួរគេមិនឃើញប្រពន្ធទៀត លុះដល់ថ្ងៃទី៨ ខែឆ្នាំដដែល បានដើររើសស្វាយចន្ទី ដល់ម៉ោង៩និង០០នាទី ទៅមើលមងនៅក្នុងស្រះ ហើយទាញមង ស្រាប់តែឃើញសពប្រពន្ធ ហើយស្រង់មកលើគោក។
លោកថា ប្តីរបស់ជនរងគ្រោះពុំមានបងប្អូនសាច់ញាតិនោះ ក៏តេទូរស័ព្ទហៅបងធម៌ដែលនៅជិតគ្នាមកជួយ រួចហើយបងធម៌របស់ប្តីជនរងគ្រោះ ក៏បានប្តឹងមកនគរបាលរដ្ឋបាលប៉ុស្តិ៍ប៉ក់ញ៉ៃភ្លាមៗផងដែរ។
ក្រោយមក កម្លាំងជំនាញ នៃអធិការស្រុក និងកម្លាំងប៉ុស្តិ៍ ក៏បានចុះទៅដល់ សព ត្រូវបានប្តីលើកមកដាក់លើរោងចាំចម្ការរួចទៅហើយ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ នៃអធិការស្រុកអូរយ៉ាដាវបានធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments