ភ្នំពេញ ៖ រូបថតស្ដីពី “របាំព្រះរាជទ្រព្យ” ដែលថតដោយលោកAnders Jiras អ្នកជំនាញថតរូបរបាំបុរាណខ្មែរ ត្រូវបានយកមកដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍មិន អចិន្ត្រៃយ៍នៅសារមន្ទីរជាតិកម្ពុជានារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីលើកកម្ពស់ផ្សព្វផ្សាយអំពីរបាំបុរាណខ្មែរ ឲ្យបានកាន់តែទូលំទូលាយដល់មហាជន ជាពិសេសគឺទៅដល់យុវជនជំនាន់ក្រោយឲ្យបានយល់ដឹងនិងចូលរួមគាំទ្រ ស្រលាញ់និងថែរក្សារបាំនេះបន្តទៅមុខទៀត។
លោកគង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ បានមានប្រសាសន៍ថា ពិព័រណ៍ “របាំព្រះរាជទ្រព្យ” ដែលបានរៀបចំឡើងនេះក្រៅពីគោលបំណងខាងលើ ក៏មានបំណងដើម្បីចូលរួមអបអរខួបមួយសតវត្សរ៍របស់សារមន្ទីរជាតិកម្ពុជា ដែលនឹងឈានមកដល់នាឆ្នាំក្រោយនេះ២០២០ផងដែរ។ម្យ៉ាងទៀតក៏ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ដោយសារតែ“របាំព្រះរាជទ្រព្យ” គឺអ្នករាំសុទ្ធតែជានារី។
លោកប្រធានបានបញ្ជាក់បន្ថែមទៀតថា ពិព័រណ៍រូបថត “របាំព្រះរាជទ្រព្យ” នេះជាលើកទី២ដែលបានរៀបចំឡើង ដោយលើកនេះមានលក្ខណៈពិសេសត្រង់ថា ការសម្តែងក្បាច់រាំថ្មី ដែលបង្កើតដោយសម្តេចព្រះរាម រាជបុត្រី នរោត្តម បុប្ផាទេវី ដែលបញ្ចូលគ្នារវាងក្បាច់រាំបីសម័យកាលនៃរបាំព្រះរាជទ្រព្យ។ ផ្នែកទី១បង្ហាញពីរបាំក្នុងរាជ្យព្រះបាទ ស៊ីសុវត្ថិ (១៨៤០-១៩២៧)ចំនួនពីរ។ ទី១របាំបួងសួងជារបាំប្រាថ្នាសុំសុភមង្គល និងសេចក្តីចម្រើនដល់ប្រទេសជាតិ។ ទី២គឺរបាំដែលដកស្រង់ចេញពីរឿងព្រះជិនវង្ស ដែលខ្សែរឿងមួយស្តីពីក្សត្រមួយអង្គដែលមានព្រះខាន់តែត្រូវបានស្តេចយក្សលួច។ ផ្នែកទី២គឺក្នុងសម័យព្រះមហាក្សត្រីយានីកុសមៈ(១៩០៤-១៩៧៥)ដែលជារបាំត្រង់ឈុត “ ក្រុងរាបពណ៌ចាប់នាងសីតា” គឺជាឈុតមួយសំខាន់ក្នុងរឿងរាមកេរ្តិ៍ខ្មែរ។ ផ្នែកទី៣ របាំក្នុងរាជ្យព្រះបាទនរោត្តម សីហនុ(១៩២២-២០១២)ដែលមានបង្ហាញនូវរបាំចំនួនពីរគឺរបាំអប្សរានិងរបាំទេពមនោរម្យ។
អ្នករបាំព្រះរាជទ្រព្យចាប់ផ្តើមហ្វឹកហាត់ តាំងពីក្មេងៗអាយុប្រហែល៩ទៅ១០ឆ្នាំ នៅសាលាមធ្យមវិចិត្រសិល្បៈ។ មុននឹងបានក្លាយជាសិស្សក្នុងសាលាវិចិត្រសិល្បៈ អ្នករបាំបានឆ្លងកាត់ការប្រឡងដ៏តឹងរ៉ឹង។ វិញ្ញាសាប្រលងផ្អែកលើលក្ខណៈសម្បត្តិរបស់អ្នករបាំមានដូចជា ភាពឈ្លាសវៃ ការប៉ិនប្រសប់ រូបសម្បត្តិនិងកាយវិការ។ ជាពិសេសរូបសម្បត្តិជាចំណុចសំខាន់ក្នុងការកំណត់ថាតើអ្នករបាំនោះនឹងត្រូវសម្តែងជាតួអង្គណា?។ជាប្រពៃណីបុរាណ មានតែមនុស្សស្រី ដែលត្រូវសម្តែងជាតួស្រីផងនិងតួប្រុសផង។ ប៉ុន្តែចាប់តាំងពីព្រះមហាក្សត្រីយានី កុសមៈ មកបុរសអាចសំដែងជាតួប្រុស “នារោង”ហើយជួនកាលជាតួស្រី “នាង”។សំលៀកបំពាក់គេកាត់តម្រូវរាងឲ្យរឹបនឹងដងខ្លួនអ្នកសម្តែងតែម្តង ប៉ុន្តែគេមិនបានដេរភ្ជាប់គ្នាទេគឺគេដេរភ្ជាប់គ្នាតែក្នុងរយៈពេលមួយម៉ោង ឬពីរម៉ោងមុខពេលចាប់ផ្តើមសម្តែងតែប៉ុណ្ណោះ។
ពិធីសម្ពោធពិព័រណ៍“របាំព្រះរាជទ្រព្យ” ក្រោមកិច្ចសហការជាមួយលោក Anders Jiras អ្នកជំនាញថតរូបរបាំបុរាណខ្មែរនិងសារមន្ទីរជាតិកម្ពុជាមានការអញ្ជើញចូលរួមពីសំណាក់លោក ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួមទាំងភ្ញៀវកិត្តិយសនិងសាស្ត្រាចារ្យ និស្សិតជាច្រើនកុះករ៕
Source: Kampuchea Thmey Daily
0 Comments