រតនគិរី ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីមែកឈើធ្លាក់ចំក្បាល ដែលករណីគ្រោះថ្នាក់ដោយចៃដន្យនេះ បានកើតឡើងកាលពីវេលាម៉ោង១២និងនិង០០នាទីថ្ងៃត្រង់ ថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចភ្នំទីនណាង ស្ថិតនៅក្នុងភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ។
មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភុយ ទូត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។
មន្ត្រីនគរបាលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅអារឈើគ្រឿងផ្ទះ នៅចំណុចកើតហេតុខាងលើ ពេលកំពុងអង្គុយអារឈើ ស្រាប់តែមែកឈើបានធ្លាក់ចំពីលើក្បាលស្លាប់ភ្លាមៗមួយរំពេចតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យលើសាកសព ពិតជាមែកឈើវាយចំក្បាលស្លាប់ពិតប្រាកដមែន ហើយបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments