Ad Code

ឡៅ ចិ​ត្រា ជួប យុគ ផេ​ត ឯ ធន់ ចាន់​តាក់ ជួប បាញ់​ចា​កាន នៅ​សង្វៀន​ខា​រ៉ា​បាវ​ ស្ទឹងមានជ័យ​



ប្រដាល់ ៖ អ្នក​ប្រដាល់​កម្ពុជា​ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យុគ​ផេ​ត ផេ​ត​កា​សាម (Yokpetch Petchkarsam) ហើយ​ ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ បាញ់​ ចា ស៊ីត គ្រូ​យ៉ូ (Banhchakarn Site Kruyo) នា​យប់​ថ្ងៃអាទិត្យ​ ទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ នៅ​លើ​សង្វៀន​ខា​រ៉ា​បាវ​ស្ទឹងមានជ័យ​។​

រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចិ​ត្រា ដែល​ជា​ប្អូន​របស់​ឡៅ ចន្ទ្រា និង យុគ​ផេ​ត ផេ​ត​កា​សាម នេះ ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​វ័យក្មេង ដែល​ខ្លាំងជាងគេ​ក្នុងចំណោម​អ្នក​ប្រដាល់​កម្ពុជា​ដែលមាន​វ័យ​ក្មេង ​និង​ទម្ងន់​ដូចគ្នា​នោះ ហើយ​ ចិ​ត្រា​ គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។ ចិ​ត្រា ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ​នាពេល​កន្លងមក ដែល​ភាគច្រើន​ឈ្នះ​សឹងតែ​ទាំងអស់​រាល់ពេល​ជួប​ជាមួយ​ថៃ​នោះ​។​

និយាយ​ជារួម ចិ​ត្រា​ ទាំង​បទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល ​និង​កាយសម្បទា សុទ្ធតែ​ល្អ​និង​ខ្លាំង ដែល​អាច​ទុក​ចិត្ត​បាន​ថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ យុគ​ផេ​ត ផេ​ត​កា​សាម បាន​មិន​ខាន។

អ្នក​ប្រដាល់​ថៃ យុគ​ផេ​ត នេះ ជា​ជើង​ខ្លាំង​ម្នា​ក់នៅ​ស្រុកថៃ ដែលមាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់​គេ​គួរសម​ដែរ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៦៧​លើក និង ចាញ់​១២​លើក មិនដែល​ស្មើ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប្រមាណ​២-៣​ដង​ហើយ ក្នុង​នោះគេ​ធ្លាប់​ប៉ះ​ជាមួយ​ឃុន ឌី​ម៉ា​ពីរដង ដោយ​វាយ​ស្មើ​ពិន្ទុ​គ្នា​ម្តង និង​ចាញ់ ​ឌី​ម៉ា ក្នុង​ទឹក​ទី​២​ម្តង។

បើ​ធៀប​ជាមួយ​ ឡៅ ចិ​ត្រា គឺ​ប្រហាក់ប្រហែលគ្នា ដោយ ​ចិ​ត្រា​ គេ​មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨១​លើក ក្នុង​នោះ​ឈ្នះ​៧៣​លើក ចាញ់​០៥​លើក និង ស្មើ​០២​លើក។

បើតាម​ពិនិត្យ​កម្រិត​សមត្ថភាព​បច្ចេកទេស​ និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ គេ​មិន​រំពឹង​ថា ឡៅ ចិ​ត្រា ចាញ់ យុគ​ផេ​ត នោះ​ទេ ដោយសារ​ ចិ​ត្រា គេ​មាន​ផ្លែ​ល្អ​ជាង។ យ៉ាងណា ឡៅ ចិ​ត្រា មិន​អាច​មើលស្រាល យុគ​ផេ​ត នោះ​ឡើយ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ធ្លាប់​យកឈ្នះ​អ្នក​ប្រដាល់​ខ្មែរ​ផងដែរ​កន្លងមក។ ចាំមើល ឡៅ ចិ​ត្រា គេ​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ជើងចាស់ ​យុគ​ផេ​ត បាន ​ឬ​អត់​នោះ​?។​

ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ បាញ់​ចា ស៊ីត គ្រូ​យ៉ូ (Banhchakarn Site Kruyo) ដោយ​ប្រកួត​គ្នា​ ក្នុង​ទម្ងន់​៦៣,៥០០​គ​.​ក្រ ។

ចាន់​តាក់ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ប្រមាណ​ជាង​២០​នាក់​ទាំង​លើក​នេះ។ ចាន់​តាក់ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧២​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៩ ចាញ់​១១​លើក មិនដែល​ស្មើ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែលមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹង​ថា ចាន់​តាក់​អាច​យកឈ្នះ​បាញ់ ​ចា ស៊ីត គ្រូ​យ៉ូ បាន​ឬក៏​អត់​នោះទេ​?។​

បាញ់​ចា ស៊ីត គ្រូ​យ៉ូ ជា​ជើង​ខ្លាំង​ដែលមាន​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ​ល្អ។ ដូច្នេះ​ ធន់ ចាន់​តាក់​ ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការ​លំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង​។ ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក​។

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៣​លើក ឈ្នះ​៤៣​លើក​ចាញ់​០៩​លើក​និង ស្មើ​០១​លើក។ ចាំមើល រវាង​ធន់ ចាន់​តាក់ និង បាញ់​ចា ស៊ីត គ្រូ​យ៉ូ តើន​រណា​ជា​អ្នកឈ្នះ​នៅ​ក្នុង​ការ​ជួបគ្នា​នេះ?។​

មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ​កំពែង ខ្មៅ អ្នក​ប្រដាល់​ជើង​ខ្លាំង​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​។ ​ពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។

ពួកគេ​ទាំងពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា និង​ធ្លាប់​ប៉ះគ្នា​ម្តង​ហើយ កាលពីពេល​កន្លង​មក ដោយ​កំពែង ខ្មៅ គេ​ជា​អ្នកឈ្នះ​ដោយ​ពិន្ទុ។

កំពែង ខ្មៅ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់ គេ​មាន​កណ្ដាប់ដៃ​ខ្លាំង រហ័ស​ និង​លឿន ពិសេស​ស្នៀត​ទាត់​របស់​គេ គឺ​អស្ចារ្យ​តែម្ដង។ គូប្រកួត​ឲ្យ​តែ​ហ៊ាន​ប្រហែស អាច​នឹង​ត្រូវ​កំពែង ​ខ្មៅ ទាត់​ឲ្យ​សន្លប់​មិន​ខាន។ កំពែង ខ្មៅ ប្រកួត​ចុងក្រោយ​នេះ វាយ​ស្មើ​ពិន្ទុ​ជាមួយ មាឃ វណ្ណា​រ៉ា ក្លិប​រាជ​សីហ៍​ខេត្ត​រតនគិរី។​

មាស សារ៉ាក់ គេ​ក៏​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែរ។ អ្នក​ប្រដាល់​រូបនេះ មាន​ស្នៀត​កណ្ដាប់ដៃ​ល្អ ហើយ​ខ្លាំង តែ​មិនសូវ​ជំនាញ​ខាង​ទាត់ ​និង​ជង្គង់​ប៉ុន្មាន​ឡើយ។ បើ​ពិនិត្យ​ទៅ សមត្ថភាព​បច្ចេកទេស សារ៉ាក់​ ប្រហាក់ប្រហែល​នឹង​កំពែង​ខ្មៅ​ដែរ។ ឯ កម្លាំង​ស៊ុ​ហ្វ​ក៏​ខ្លាំង​ដែរ។

ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​មិនទាន់​ប្រាកដ​ថា​ អាច​យកឈ្នះ​កំពែង ខ្មៅ បាន​នោះដែរ។ គេ​ប្រកួត​លើក​ចុង​ក្រោយ​នេះ វាយ​ចាញ់​ សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ កាលពី​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៩។ ចាំមើល តើ ​មាស សារ៉ាក់ អាច​យកឈ្នះ​កំពែង ខ្មៅ បាន​ឬ​អត់?៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu