Ad Code

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ជំរុញ​ឲ្យ​មន្ត្រី​គយ​នៅ​តាម​ច្រក​ព្រំដែន​ ខិតខំ​ទប់ស្កាត់​ការ​រត់ពន្ធ​



កណ្តាល ​៖ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ កិច្ច និង​ហិរញ្ញវត្ថុ អមដំណើរ​ ដោយ​ លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ដល់​មន្ត្រី​គយ និង​រដ្ឋាករ ដែល​កំពុង​ឈរជើង​នៅ​ច្រកព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម ក្នុងភូមិ​សាស្ត្រ​ឃុំ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល ព្រមទាំង​បាន​ពិនិត្យ​អំពី​ស្ថានភាព​នៃ​ការ​ចរាចរណ៍​ទំនិញ​តាម​ច្រក មួយ​នេះ​ផងដែរ​។​

ក្នុងឱកាស​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ជំរុញ​ដល់​មន្ត្រី គយ​ដែល​ប្រចាំ​ការ​នៅ​ទីនោះ​ទាំងអស់ ត្រូវ​ទប់ស្កាត់​ឲ្យ​ខាងតែបាន​នូវ​ការរត់ពន្ធ​ខុសច្បាប់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បាត់​ចំណូល​។

ឯកឧត្តម​បានលើកឡើង​ផងដែរ​ថា កន្លងទៅ​មន្ត្រី​គយ​របស់​យើង​នៅតាម​ច្រកព្រំដែន​ទាំងអស់​ទូទាំង​ប្រទេស​ អនុវត្ត​ការងារ​បានល្អ​ប្រសើរ​ហើយ ដែល​ធ្វើ​ឲ្យ​ចំណូល​បានមកពី​ពន្ធគយ​សម្រាប់​ឆ្នាំ​២០១៨​កន្លងទៅ​មាន​ប្រមាណ​ជាង​២.៥០០​លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង ៣២% ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​លទ្ធផល​ នៃ​ចំណូល​នេះ​ត្រូវ​ប្រមាណ ជា ១២១,៤% នៃ​ផែនការ​ឆ្នាំ ដែល​កំណត់​ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំ ឆ្នាំ​២០១៨​។​

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ប្រទេស​ណា ​ក៏​ដូច​ប្រទេស​ណា​ដែរ ការគ្រប់គ្រង​បាន​នូវ​ចំណូល​ពន្ធ​ គឺជា​រឿង​សំខាន់ ដោយ​ថវិកា​ដែល​យើង​ទទួលបាន​ពី​ការបង់ពន្ធ​នេះ​ត្រូវ​យកទៅ​ចាក់​បញ្ចូល​ទៅក្នុង​ថវិកាជាតិ ហើយ​ត្រូវយក​ទៅប្រើ​ប្រាស់​ក្នុងការ​ចំណាយ​ផ្សេងៗ មានដូចជា បើក​បៀវត្សរ៍​ជូន​អ្នករាជការ និង​ការចំណាយ​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​សំដៅ​ដល់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។

ក្នុងឱកាស​នោះដែរ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល បាន​ថ្លែងអំណរគុណ និង​លើកទឹកចិត្ត​ដល់​មន្ត្រី​គយ ក៏ដូចជា​កម្លាំង​ពាក់ព័ន្ធ​ដទៃ​ទៀត ឲ្យ​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ភាពស្មោះត្រង់ និង​ភាព​សកម្ម​ក្នុងនាម​ខ្លួន​ជា​មន្ត្រីរាជការ​សាធារណៈ ដែល​ជា​អ្នកធ្វើ​ការ​បម្រើ​ប្រទេសជាតិ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu