សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានសម្រេចបញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា អាយុក្រោមអាយុ១៥ឆ្នាំ (U15) ទៅចូលរួមប្រកួតក្នុងកម្មវិធីពានរង្វាន់អន្តរជាតិ UEFA-FAS U15′ Girls’ Tournament 2019 នៅប្រទេសសឹង្ហបុរី ខណៈក្រុមនេះដឹកនាំដោយលោក អ៊ុំ សាវង្ស គ្រូជំនួយនៅក្លិបក្រសួងការពារជាតិ។
យោងតាមការបញ្ជាក់ពីវិបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់សឹង្ហបុរី ( FAS) បានលើកឡើងថា ពានរង្វាន់អន្តរជាតិ UEFA-FAS U15′ Girls’ Tournament 2019 ចាប់ពីថ្ងៃទី១៧ដល់២១ ខែមីនា ឆ្នាំ២០១៩ នៅលើទីលានកីឡដ្ឋាន Our Tampines Hubប្រទេស សឹង្ហបុរី ស្របពេលពានរង្វាន់នេះដែរនឹងមានក្រុមមកពីតំណាងប្រទេសចំនួន៤គឺ កម្ពុជា ម៉ុលដូវ៉ា ហ្គាម និងម្ចាស់ផ្ទះសិង្ហបុរី។
ចំណែកលទ្ធផលនៃការប្រកួតបើកឆាកដំបូងគឺនៅថ្ងៃទី ១៧ មីនាក្រុមកម្ពុជា បានចាញ់ក្រុមម៉ុលដូវ៉ា ៥ទល់០ ហើយក្រុមម្ចាស់ផ្ទះសឹង្ហបុរី ឈ្នះក្រុមហ្គាម ៧ទល់០ ហើយថ្ងៃទី២ គឺនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្រុមហ្គាម ចាញ់ក្រុមម៉ុលដូវ៉ា ៥ទល់០ ហើយក្រុមកម្ពុជា ចាញ់ក្រុមសឹង្ហបុរី ១ទល់០។ សម្រាប់ប្រកួតចុងក្រោយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្រុមកម្ពុជា បន្តចាញ់ក្រុមហ្គាម ២ទល់១ ហើយក្រុមសឹង្ហបុរី ចាញ់ក្រុមម៉ុលដូវ៉ា ៣ទល់០។
រូបមន្តនៃការប្រកួតនេះគឺតម្រូវឲ្យក្រុមទាំង៤ប៉ះគ្នាដើម្បីសន្សំពិន្ទុ ហើយក្រុមណាទទួលបានពិន្ទុច្រើនជាងគេក្រុមនោះនឹងឈ្នះជើងឯកតែម្តង។ ជាលទ្ធផលជើងឯកបានទៅក្រុមម៉ុលដូវ៉ា មាន៩ពិន្ទុហើយជើងឯករងបានទៅក្រុមម្ចាស់សឹង្ហបុរី មាន៦ពិន្ទុ ខណៈក្រុមហ្គាម ឈរលេខ៣មាន៣ពិន្ទុ និងក្រុមកម្ពុជា នៅបាតតារាងមិនមានពិន្ទុកាន់នោះទេ។
ពានរង្វាន់បាល់ទាត់នេះដែរ គឺជាផ្នែកមួយនៃ UEFA ASSIST ដែលបង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់សឹង្ហបុរី តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស ដល់កីឡាករយុវជនទាំងផ្នែកបុរស និងនារី។ សម្រាប់ក្រុមបាល់ទាត់សឹង្ហបុរី បានកំណត់កាលបរិច្ឆេទនៃការប្រកួតនេះគឺដើម្បីសម្រាប់ជាការត្រៀមខ្លួនរបស់ក្រុម U15នារី របស់ខ្លួនចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន AFF Under-15 Girl Championship៕
Source: Kampuchea Thmey Daily
0 Comments