Ad Code

ឆ្នាំ​២០១៨​ រាជរដ្ឋាភិបាល​ បានផ្តល់​ប្រាក់ឧបត្ថម្ភ​ជិត ៦​លាន ៦​សែន​ដុល្លារ​ ដល់​កម្មការិនី​សម្រាល​កូន​



​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​ បាន​អនុវត្ត​កម្មវិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រមាណ​ជិត ៦​លាន ៦​សែន​ដុល្លារ​អាមេរិក​ដល់​កម្មការិនី​សម្រាលកូន​ចំនួន ៦៥.០៥៤​នាក់ ដែល​មានកូន​ចំនួន ៦៥.៥៣៤​នាក់​ក្នុងនោះ​កូនភ្លោះ​២​ចំនួន ៩៤០​នាក់ និង​កូនភ្លោះ​៣ ចំនួន ១៥ នាក់​នៅ​ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

លោក​បណ្ឌិត អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ និង​ការប្រកាស​ដាក់ឲ្យ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ២០១៩ ២០២៣​ ឲ្យ​ដឹងថា ​ថវិកា​ទាំងនោះ​ចំណាយ​ទៅលើ​ការឧបត្ថម្ភ​ដល់​កម្មការិនី​ក្រោយពេល​សម្រាលកូន ដោយ ផ្តល់ជូន​កូន ១​នាក់ ថវិកា ៤០​ម៉ឺន​រៀល​, កូន​២​នាក់ ៨០​ម៉ឺន​រៀល និង​កូន​៣​នាក់ ១,២​លាន​រៀល ព្រមទាំង​ទទួលបាន​ថវិកា​បន្ថែមចំនួន ៥​លាន​រៀល ពី សម្ដេច​តេ​ជោ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ទាល់​។​

ក្រៅពីនេះ​ កម្មការិនី​ ក៏​ទទួលបាន​ប្រាក់​ឈ្នួល ១២០​ភាគរយ និង​ឈប់សម្រាក​រយៈពេល​៣​ខែ ក្នុង​ពេល​សម្រាលកូន បន្ត​ជំរុញ​ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​នានា អនុញ្ញាត​ឲ្យ​បងប្អូន​កម្ម​ការិនី​មាន​ផ្ទៃពោះ​ ចាប់ពី​៣​ខែ​ឡើង ចេញ​មុន​ម៉ោង​យ៉ាងតិច ១៥​នាទី និង​អនុញ្ញាតឲ្យ​បងប្អូន​កម្មករនិយោជិត​ជា​ស្ត្រី​ខ្មែរឥស្លាម អាច​ប្រើប្រាស់​សម្លៀកបំពាក់​តាម​ប្រពៃណី​ឥស្លាម​។​

បាន​ជំរុញ​គ្រប់​រោងចក្រ​ត្រូវ​រៀបចំ​បន្ទប់​បំបៅកូន សម្រាប់​កម្ម​ការី​នី​ដែល​មានកូន​ក្រោម​អាយុ ១២​ខែ និង​ត្រូវមាន​ទារកដ្ឋាន​សម្រាប់​កម្ម​កា​រិនី​ដែល​មានកូន​អាយុ​លើស​១៨​ខែ​។ គ្រប់​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​សួន​ឧស្សាហកម្ម​ត្រូវ​រៀបចំឲ្យ​មាន​ទារកដ្ឋាន​មួយ​ក្នុង​តំបន់​របស់ខ្លួន​។​

ជាមួយគ្នានេះដែរ​ បានដាក់​ចេញ​វិធានការ​ដោះស្រាយ​ទប់ស្កាត់​ករណី​ដួលសន្លប់ ដោយ​តម្រូវឲ្យ​គ្រប់​រោងចក្រ​សហគ្រាស​ទាំង​អស់ ពិនិត្យ​លក្ខណៈ​បច្ចេកទេស និង ស្ថានភាព​ជុំវិញ​រោងចក្រឲ្យ​មាន​សុវត្ថិភាព​មុនពេល​ចូលធ្វើការ​។​

ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​កម្មករនិយោជិត​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ​រាជរដ្ឋាភិបាល​ក៏បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​ផ្នែក​វាយ​-​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ពី ១៧០​ដុល្លារ​អាមេរិក ដល់ ១៨២ ដុល្លារ​អាមេរិក​ក្នុង​មួយខែ សម្រាប់​ឆ្នាំ​២០១៩ បូករួម​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ កម្មករនិយោជិត​ម្នាក់ៗ​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចាប់ពី ១៩៩​ដុល្លារ​អាមេរិក ដល់ ២១០​ដុល្លារ​អាមេរិក ក្នុង​មួយខែ​។

ទន្ទឹមនឹងនេះ ​ក្រសួង ​ក៏បាន​រៀបចំ​ច្បាប់​ស្តីពី​ប្រាក់ ឈ្នួល​អប្បបរមា ក្នុង​បរិបទ​ដែល​ប្រទេស​ក្នុង​តំបន់​កំពុងមាន​ការប្រកួតប្រជែង​កាន់តែខ្លាំង ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ជាពិសេស​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ការគ្រប់គ្រង​លើ​តម្លៃ​ពលកម្ម​ដ៏​សមស្រប​មួយ គឺជា​ចំណុច​អាទិភាព​ដែល​ប្រទេស​កម្ពុជា​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ជា​ចាំបាច់​បំផុត​។​

ជាងនេះទៅទៀត​ ក្រសួង ​បាន​បន្ត​រៀបចំ​កម្មវិធី​សំណេះសំណាល​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ជាមួយ​បងប្អូន​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម និង​បងប្អូន​កម្មករនិយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចំនួន ៦៤​លើក សរុប​ចំនួន​៩១៧ ៧១២​នាក់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu