សៀមរាប ៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានទទួលជនបរទេសម្នាក់ពីកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ពីបទស្នាក់នៅគ្មានលិខិតឆ្លងដែនជាប់ខ្លួន ហើយបានដើរអនាថាដេកតាមទីសាធារណៈក្នុងក្រុងសៀមរាប។
ការនាំខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១១និង០០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ផ្លូវ ត្រង់ចំណុចមុខហាងម៉ាស្សាស្រម៉ោចក្រហម ភូមិ ស្វាយដង្គំ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរង ទទួលផែនអន្តោប្រវេសន៍ស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប បានទទួលជនបរទេសម្នាក់ពីកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ពីបទស្នាក់នៅគ្មានលិខិតឆ្លងដែនជាប់ខ្លួន ដើរអនាថាដេកតាមទីសាធារណៈក្នុងក្រុងសៀមរាប។
លោកបន្តថា ជនបរទេសរូបនេះមានឈ្មោះ PAYL GRANWVILLI HUGHES ភេទ ប្រុស អាយុ៦៥ឆ្នាំ ជនជាតិ ស្កុតលែន គ្មានលិខិតឆ្លងដែនជាប់ខ្លួន ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ប្រទះឃើញដេកនៅលើចិញ្ចើមផ្លូវ ត្រង់ចំណុចមុខហាងម៉ាស្សាស្រម៉ោចក្រហម ភូមិ ស្វាយដង្គំ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ តាមការសាកសួរជនបរទេសរូបនេះចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីអំឡុងខែ មីនា ឆ្នាំ ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញរួចក៏បន្តដំណើរមកកាន់ខេត្តសៀមរាប។ លិខិតឆ្លងដែនបានបាត់តាំងពីអំឡុងឆ្នាំ ២០១៨ បច្ចុប្បន្នជនបរទេសរូបនេះគ្មានថវិកាសម្រាប់ចំណាយលើការហូបចុកប្រចាំថ្ងៃទេ ហើយចំពោះការស្នាក់នៅវិញ គឺដើរអនាថាដេកតាមចិញ្ចើមផ្លូវសាធារណៈនានាក្នុងក្រុងសៀមរាប។
បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានបញ្ជូនទៅមណ្ឌលត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments