ក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនបុគ្គលិករបស់ខ្លួនទៅការិយាល័យទំនាក់ទំនងអន្តរកូរ៉េឡើងវិញត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការដកចេញជាឯកតោភាគីពីទីតាំងរួមគ្នានេះ។
ការិយាល័យនៅទីក្រុង Kaesong ភាគខាងជើងត្រូវបានបើកកាលពីខែកញ្ញានៅពេលដែលប្រទេសកូរ៉េទាំងពីរបានផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាងមុនប៉ុន្តែកូរ៉េខាងជើងបានដកបុគ្គលិករបស់ខ្លួនចេញកាលពីសប្តាហ៍មុនចំពេលមានការជាប់គាំងក្នុងកិច្ចពិភាក្សារវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង។
ក្រសួងបង្រួបបង្រួមបាននិយាយថា បុគ្គលិកកូរ៉េខាងជើងមួយចំនួនបានវិលត្រលប់មកធ្វើការវិញកាលពីថ្ងៃចន្ទដោយនិយាយថា ពួកគេបានចូលមកសម្រាប់ការផ្លាស់ប្តូរវេនតាមធម្មតា។
ក្រសួងនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា “ដូច្នេះកូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានរៀបចំការពិគ្រោះយោបល់នៅការិយាល័យទំនាក់ទំនងនៅព្រឹកនេះហើយនឹងបន្តប្រតិបត្តិការការិយាល័យដូចធម្មតា”។
ក្រសួងនិយាយទៀតថា កូរ៉េខាងជើងមិនបានផ្តល់ព័ត៌មានលម្អិតអំពីមូលហេតុដែលពួកគេវិលត្រលប់ឬដកចេញទេ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានជួយសម្រួលដល់ដំណើរការចរចាររវាងកូរ៉េខាងជើងនិងអាមេរិកដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ក្រុងសេអ៊ូល។
លោក មូន បានគាំទ្រជាយូរមកហើយសម្រាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើងដើម្បីនាំប្រទេសនេះទៅកាន់តុចរចាហើយបានជំរុញឲ្យមានគម្រោងអភិវឌ្ឍន៍អន្តរកូរ៉េនៅតំបន់ឧស្សាហកម្មមួយក្នុងខេត្ត Kaesong និងវិស័យទេសចរណ៍ឆ្លងកាត់ព្រំដែនសម្រាប់ជនជាតិកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ការិយាល័យទំនាក់ទំនងនេះបានបើកដំណើរការរយៈពេលបីខែបន្ទាប់ពីលោកគីមបានចុះហត្ថលេខាលើកិច្ចសន្យាមួយនៅឯកិច្ចប្រជុំកំពូលលើកដំបូងរបស់លោកជាមួយលោកត្រាំក្នុងប្រទេសសិង្ហបុរីដើម្បីធ្វើការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនិងភ្លាមៗមុនពេលលោកមូនធ្វើដំណើរទៅទីក្រុងព្យុងយ៉ាងសម្រាប់កិច្ចប្រជុំកំពូលលើកទីបីជាមួយលោកគីមកាលពីឆ្នាំមុន។
នៅពេលដែលវាបើក ក្រសួងបង្រួបបង្រួមរបស់ក្រុងសេអ៊ូលបាននិយាយថា ការិយាល័យនេះនឹងក្លាយទៅជាការពិគ្រោះយោបល់និងទំនាក់ទំនងគ្រប់ពេលវេលាសម្រាប់ការជំរុញទំនាក់ទំនងរវាងកូរ៉េទាំងពីរនិងបង្កើនទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងហើយបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា៕ AFP
Source: Kampuchea Thmey Daily
0 Comments