Ad Code

ពលរដ្ឋ​នៅ​ភូមិ​អូរ​ប្រើស សប្បាយរីករាយ ខណៈ​ចៅអធិការ​វត្ត​អូរ​ប្រើស ធ្វើ​ពិធី​ចែក​ទឹក​ឲ្យ​ពួកគាត់ ដែល​កំពុង​ខ្វះខាត​ទឹក និង​ពិបាក​ទៅ​រ​ក​នៅ​កន្លែង​ឆ្ងាយ​



​ប៉ៃលិន ​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន មានចិត្ត​សប្បាយរីករាយ​យ៉ាង​ខ្លាំង ខណៈ​ព្រះចៅ​អធិការ​វត្ត​អូរ​ប្រើស ​ព្រះនាម អ៊ុំ មង្គល បាន​ធ្វើ​ពិធី​ចែក​ទឹក​ដល់​ពួកគាត់ ដែល​កំពុង​ជួប​ការខ្វះខាត​ជាប្រចាំ​ថ្ងៃ និង​ពិបាក​ទៅ​ដឹក​នៅ​កន្លែង​ឆ្ងាយ។​

បើតាម​ លោក ឌឿ​ន ចាន់​ឌី អនុ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥​មីនា​នេះ​ថា​ ដោយ​មើលឃើញ​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​ប្រើស មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ទើប​ព្រះ​គ្រូ​ចៅអធិការ​វត្ត​អូរ​ប្រើស ព្រះនាម អ៊ុំ មង្គល ស្នើសុំ​អាជ្ញាធរ​ភូមិ ជួយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ណា ដែលមាន​ការខ្វះខាត​ទឹក សូម​មក​យក​នៅក្នុង​វត្ត ដោយ​ព្រះគ្រូ​ចៅអធិការ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លូន ហៅ​គេ​ឲ្យ​មក​ខួង​អណ្តូងទឹក សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​រួម ដោយ​ចំណាយ​អស់​១០០០​ដុល្លារ។

​លោក​ក៏បាន​បញ្ជាក់​ដែរ​ថា​ ប្រជាពលរដ្ឋ​ភូមិ​អូរ​ប្រើ​សមាន​ចំនួន​៣០៣​គ្រួសារ ស្មើ​នឹង​មនុស្ស​រាយ​ចំនួន​១២៨៦​នាក់ ដែល​ចែក​ជា​៨​ក្រុម ហើយ​នៅក្នុង​ភូមិ​មាន​អណ្ដូងស្នប់​ចំនួន​០៨ ដែល​ជា​អំណោយ​របស់​អាជ្ញាធរ​ខេត្ត ប៉ុន្តែ​ត្រូវបាន​ខូច​អស់ហើយ​ដែរ ដោយ​សព្វថ្ងៃ មានតែ​អណ្ដូង​មួយ​គត់​ជា​អំណោយ​របស់ ​ឯកឧត្ដម សៅ សារ៉ាត់ សម្រាប់​ប្រើប្រាស់​ក្នុង​ភូមិ តែ​រីងស្ងួត​អស់​ទឹក​ទៅ​ហើយ។​

ពាក់ព័ន្ធ​បញ្ហា​នេះដែរ ព្រះចៅអធិការ​វត្ត​អូរ​ប្រើស ព្រះនាម អ៊ុំ មង្គល មាន​ថេរៈ​ដីកា​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ថា​ ការដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មក​យក​ទឹក គឺជា​ការ​ចែករំលែក​បុណ្យ​កុសល ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ហើយ​បើ​យើង​សង្កេតមើល​ប្រទេស​កម្ពុជា​យើង កំពុង​ជួប​គ្រោះ​រាំង​ស្ងួត ខ្វះខាត​ទឹក​ប្រើប្រាស់ ដែល​បញ្ហា​នេះ​បានកើត​ឡើង​នៅ​ទូទាំង​ប្រទេស ព្រម​ជាមួយនេះ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និង​សប្បុរសជន ត្រូវ​រួមគ្នា​ជួយ​ដោះស្រាយ​ការលំបាក និង​ដឹក​ទឹក​ចែកជូន​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទាន់ពេលវេលា​។

​ព្រះអង្គ​មាន​ថេរៈ​ដីកា​បន្ត​ថា​ ការចែក​ទឹក​នេះ​ គឺ​មាន​ការ​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ប្រជា​ការពារ​ភូមិ ហើយ​បើ​ប្រជាពលរដ្ឋ​ណា មិន​មាន​លទ្ធភាព​ក្នុង​ការ​ដឹកជញ្ជូន​ទេ ​គឺ​មាន​ក្រុមការងារ​ដឹក​ដល់​លំនៅដ្ឋាន​បងប្អូន​តែម្ដង ដោយ​មិន​មាន​យក​កម្រៃ​នោះ​ឡើយ។​
​ចំណែក​ប្រជាពលរដ្ឋ ដែល​បានមក​ទទួល​ទឹក ក៏បាន​សម្ដែង​នូវ​ចិត្ត​សប្បាយរីករាយ​យ៉ាង​ក្រៃលែង ដោយសារតែ ខណៈ​ពេល​ពួកគាត់​ជួប​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់ ស្រាប់តែ​ព្រះ​គ្រូ​ចៅអធិការ​វត្ត អំពាវនាវ​ឲ្យ​ពួកគាត់​មក​ដឹក​ទឹក​យកទៅ​ប្រើប្រាស់​ផងដែរ ជាមួយគ្នានេះ​ ពួកគាត់ ក៏​សូម​ថ្លែង​អំណរគុណ ដល់​ព្រះគ្រូ​ចៅអធិការ​វត្ត ដែល​បាន​ចែករំលែក​ទឹក​ជួយ​ដល់​ពួកគាត់​ផង​ដែរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu