អាជ្ញាធរនិងក្រុមគ្រូពេទ្យបាននិយាយថា រ៉ុក្កែតមួយគ្រាប់ ដែលបាញ់ចេញពីតំបន់ Gaza Strip បានវាយប្រហារចំផ្ទះមួយខ្នងក្នុងសហគមន៍មួយនៅភាគខាងជើងទីក្រុង Tel Aviv ហើយបណ្ដាលឲ្យវាឆាបឆេះកាលពីថ្ងៃចន្ទ ដែលជាហេតុបង្ករបួសដល់ជនជាតិអ៊ីស្រាអែលចំនួន៥នាក់។
កងទ័ពអ៊ីស្រាអែលបាននិយាយថា រ៉ុក្កែតនេះត្រូវបានបាញ់ចេញពីតំបន់ប៉ាឡេស្ទីនដែលគ្រប់គ្រងដោយចលនាឥស្លាម Hamas ដោយបង្កើនហានិភ័យនៃការកើនឡើងនៃភាពតានតឹងមួយទៀតរវាងភាគីទាំងពីរមុនការបោះឆ្នោតរបស់ប្រទេសអ៊ីស្រាអែលថ្ងៃទី៩ខែមេសា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បច្ចុប្បន្នកំពុងស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលនៅទីនោះលោកនឹងជួបជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅល្ងាចថ្ងៃចន្ទហើយមិនមានការលើកឡើងដែលថាគាត់នឹងកាត់បន្ថយការធ្វើដំណើររបស់គាត់នោះទេ។
ប៉ូលិសបាននិយាយថា ផ្ទះដែលរងការវាយប្រហារគឺស្ថិតនៅក្នុងសហគមន៍ Mishmeret។ ក្រុមគ្រូពេទ្យបាននិយាយថា ពួកគេកំពុងព្យាបាលជនជាតិអ៊ីស្រាអែលម្នាក់ដែលមានរបួសមធ្យមនិងបួននាក់ផ្សេងទៀតរងរបួសស្រាល។
Mishmeret មានចម្ងាយជាង៨០គីឡូម៉ែត្រពីតំបន់ Gaza Strip ហើយគ្រាប់រ៉ុក្កែតដែលបាញ់ចេញពីតំបន់របស់ប៉ាឡេស្ទីននៅរយៈចម្ងាយនេះគឺកម្រណាស់។
ច្បាស់ណាស់វានឹងបង្កឲ្យមានការឆ្លើយតបពីអ៊ីស្រាអែលហើយហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីការកើនឡើងនៃភាពតានតឹងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ឧបទ្ទវហេតុកាលពីថ្ងៃចន្ទគឺបានកើតឡើងបន្ទាប់ពីរ៉ុក្កែតពីរគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ Gaza ឆ្ពោះទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃទី១៤ខែមីនា។
គ្មានការខូចខាតឬអ្នករងរបួសទេប៉ុន្តែប្រទេសអ៊ីស្រាអែលបានឆ្លើយតបចំពោះការបាញ់នោះហើយការបាញ់រ៉ុក្កែតបន្ថែមទៀតបានវាយប្រហារទៅលើអ្វីដែលខ្លួននិយាយថាគឺជាគោលដៅរបស់ក្រុម Hamas ប្រហែល១០០គោលដៅនៅទូទាំងតំបន់ Gaza Strip។
ជនជាតិប៉ាឡេស្ទីនចំនួន៤នាក់ត្រូវបានគេរាយការណ៍ថាបានរងរបួសនៅក្នុងការវាយប្រហារទាំងនោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments