Ad Code

អគ្គិភ័យ​លេប​ត្របាក់ ​ផ្ទះ​ជនជាតិ​ចិន ​ស្តុ​ប លក់ គ្រឿង​អគ្គិសនី​មួយ​ល្វែង សំណាង​បាន​សមត្ថកិច្ច​អន្តរាគមន៍​បាន​ទាន់​ពេល



ភ្នំពេញ​ ៖​ ផ្ទះ​ជនជាតិ​ចិន​មួយ​កន្លែង ត្រង់​ចំណុច​ផ្ទះ​លេខ​២៩BA ផ្លូវ​លេខ​៣៤៨ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃ​ចន្ទ ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ខណៈ​ម្ចាស់ផ្ទះ ​ ជនជាតិ​ចិន ២​នាក់​ប្តី​ប្រពន្ធ ចាក់សោ​ចោល​មិន​នៅផ្ទះ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ផ្ទះកើតហេតុ​ខាងលើ​ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ ពួកគាត់ បានឃើញ​ផ្សែង​ហុយ​ចេញពីផ្ទះ​កើតហេតុ​ខាងលើ ជាន់​ទី​១ ខណៈ​ពេលនោះ​ក៏មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ឮ​សំឡេង​ផ្ទុះ​ចេញពី កន្លែង​ស្តុ​ប​អីវ៉ាន់​សម្រាប់​លក់។ បន្ទាប់មក​ពួកគាត់​ក៏បាន​ស្រែក​ឆោឡោឡើង បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ ភ្លាមៗ​នោះ​ពួកគាត់​ក៏​ប្រញាប់ប្រញាល់​នាំគ្នា​ដួស​ទឹក​ជះ​ពន្លត់ តែ​ដោយ​មិន​រលត់​ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​អោយ​ចុះមក​អន្តរាគមន៍។

ប្រភព​ដដែល​បន្តថា បន្ទាប់មក​ក៏មាន​សមត្ថកិច្ច​មូលដ្ឋាន រួមទាំង​រថយន្ត​ពន្លត់អគ្គិភ័យ​បាន​ចុះមក​ជួយ​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់​។ ប៉ុន្តែ​ដោយ​ជាន់​ទី​១​កើតហេតុ​ខាងលើ ជា​ជាន់​ដែល​ស្តុ​ប​អីវ៉ាន់​សម្រាប់​លក់​ពេញ​ណែន មាន​ទាំង​ជ័រ ក្រដាស​ឡាំ និង​សម្ភារៈ អគ្គិសនី​ផ្សេងៗ​ទៀត ទើប​ធ្វើ​ឲ្យ​ពិបាក​ដល់​ការអន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយបាន ប្រើពេល បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ប្រមាណ​ជាង​២​ម៉ោង ទើប​ភ្លើង​បាន​រលត់ទៅវិញ​ជា​ស្ថាពរ​នៅ​ម៉ោង​១១​និង​៣០ នាទី​យប់​ថ្ងៃខែ ឆ្នាំ​ដដែល​​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​អស់​ចំនួន​២៤​គ្រឿង។

សមត្ថកិច្ច​បន្ថែមទៀត​ថា ករណី​អគ្គិភ័យ​ខាងលើនេះ​ មិនបាន​បង្ក​អោយ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​នោះទេ គ្រាន់តែ​រោល​ផ្សែង​ខ្មៅ​តែប៉ុណ្ណោះ ​គឺ​ខូចខាត​តែ​សម្ភារៈ គ្រឿង​អគ្គិសនី​សម្រាប់​លក់​មួយ​ចំនួនធំ ដែល​នៅក្នុង​ផ្ទះ​ជាន់​ទី​១ ដែលមាន​ទំហំ​៤​ម៉ែត្រ​គុណ​១៦​ម៉ែត្រ ជា​ប្រភេទ​ផ្ទះថ្ម​ល្វែង ​​ត្រូវ​ឆេះ​ខូចខាត​អស់ទាំង​ស្រុង ចំពោះ​មូលហេតុ​គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​(​ផ្ទុះ​ស៊េ​ខ្សែភ្លើង)។

បើតាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ថា ក្រោយពី​កើតហេតុ ម្ចាស់ផ្ទះ​ជនជាតិ​ចិន​ក៏បាន ទៅ​មើល ហើយក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​៣ ដើម្បី​សួរនាំ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu