Ad Code

ចោរ​ដៃ​ស្អិត​វ័យក្មេង​២​នាក់ ​ឆក់​ទូរស័ព្ទ​មិន​បាន​ សម្រេច ​ត្រូវ​ជាប់​ជាប់​ខ្នោះ​របស់​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល



ភ្នំពេញ ​៖​ កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១១ ​ខែ​មីនា ​ឆ្នាំ​២០១៩ ជនសង្ស័យ​វ័យក្មេង​២​នាក់​អាយុ​ទើបតែ​១៥​ឆ្នាំ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​ចិន​តាម​បណ្ដោយ​ផ្លូវ​រដ្ឋសភា​កែង​ផ្លូវ​ស្ថានទូត​រុស្សី​នៅ​ចំណុច​ផ្សារ​កុងទីន័រ ​ចាស់​ក្បែរ​កោះ​ពេជ្រ​ស្ថិត​នៅក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន ប៉ុន្តែ​មិន​បាន​សម្រេច​ ហើយ​ត្រូវ​ជាប់​ខ្នោះ​របស់​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​តែ​ម្តង។

ជនសង្ស័យ​ទី​១​មានឈ្មោះ​យក់ ប្រា​វិត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ស្នាក់នៅ​ម្តុំ​វត្ត​សន្សំ​កុសល​សង្កាត់​បឹងទំពុន​២​ខណ្ឌ​មានជ័យ​(​ជា​អ្នក​ឆក់​)​ទី​២​ឈ្មោះ​សួរ​រ៉ា​ណេ​ត​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ស្នាក់នៅ​ម្តុំ​វត្ត​សន្សំ​កុសល​សង្កាត់​បឹងទំពុន​២​ខណ្ឌ​មានជ័យ​(​ជា​អ្នក​បើក​ម៉ូតូ)។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា​ មុន​ពេល​កើតហេតុ​កម្លាំង​ស៊ីវិល​របស់​ក្រុម​គាត់​បាន​ធ្វើ​ការ​ល្បាត​នៅ​ចំណុច​កើតហេតុ​ខាង​លើ​នេះ​ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​កែង​ផ្សារ​កុងទីន័រ​ ​ក៏​ប្រទះឃើញ​បុរស​ជនជាតិ​ចិន​គាត់​កំពុងតែ​ដើរ​ចុច​ទូរស័ព្ទ​ដៃ​ ​ហើយ​ភ្លាមៗ​នោះដែរ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ជនជាតិ​ចិន​ តែ​ពុំបាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​២០១៨​ពាក់​ស្លាក លេខ​ភ្នំពេញ​1G-S7033​ជា​អ្នកធ្វើ​សកម្មភាព​ឆក់​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​២០១៩​មិន​ចាំ​ស្លាក​លេខ​ជា​អ្នក​បិទគូទ ​ហើយ​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ឆក់ ​ប៉ុន្តែ​មិនបាន​សម្រេច ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដេញ​ចាប់​ប្រផាប់​ប្រ​ភីង​ទៅដល់​ចំណុច​ផ្លូវ​ព្រះ​នរោត្តម​នៅ​ចំណុច​មុខក្រសួង​មហាផ្ទៃ ​ទើប​ឃាត់​បាន​២​នាក់​ និង​ម៉ូតូ​មួយ​គ្រឿង។ ចំណែក​ឯ​ជនសង្ស័យ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​តែម្តង​ ភ្លាមៗ​នោះ​ដែរ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ទន្លេបាសាក់​ ហើយ​ជនសង្ស័យ​ក៏បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​តាម​ត្រង់​ថា​ ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ជនជាតិ​ចិន​ពិតប្រាកដ​មែន។

ក្រោយពេល​កើតហេតុ ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ផ្លូវច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu